លិខិតមិត្តអ្នកអាន៖ ក្តារ​អុក​អន្តរជាតិ

ជាទូទៅមនុស្សជាច្រើននៅស្រុកខ្មែរតែងប្រៀបប្រដូចល្បិចនយោបាយក្នុងប្រទេសបច្ចុប្បន្នទៅនឹងក្បួនក្តារអុក (ខ្មែរ) ហើយអស់រយៈពេលជាង៣០ឆ្នាំមកហើយ ដែលក្បួននេះ ត្រូវបានយកមកដើរដើម្បីកម្ចាត់គូបដិបក្ខ។ ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក្រឡាអុកដដែលនេះ ត្រូវបានគេដឹង និងស្គាល់ច្បាស់។ ហេតុនេះ នាពេលថ្មីៗ អ្នកលេងអុកជំនាញប្រហែលលេងក្បួនអុកអន្តរជាតិ (អឺរ៉ុប) វិញម្តង ហើយបានផលជាងមុន ដូចគេថា ចំណាយកម្លាំងតិចបានចំណេញច្រើន។

តទៅនេះ យើងគួរស្វែងយល់ពីតួអង្គក្នុងល្បែងអុកអន្តរជាតិទៅមើល ថាតើ វាដូច និងខុសពីក្បួនអុកខ្មែរត្រង់ណាខ្លះ?

ទី១៖ ស្រដៀងនឹងអុកខ្មែរដែរ ស្តេចជាតួអង្គសំខាន់ជាងគេ បើគេអុកស្តេចបានគឺចាញ់តែម្តង ទី២៖ អគ្គមហេសី ក្នុងអុកខ្មែរមានឈ្នាងដែលមិនសូវសំខាន់ប៉ុន្មានទេ តែក្នុងក្បួនអុកអន្តរជាតិ អគ្គមហេសី (Queen) មានអំណាចសំខាន់ជាងគេបន្ទាប់ពីស្តេច គឺអាចដើរវែងៗទៅមុខទៅក្រោយត្រង់ ឬទៅមុខទៅក្រោយបញ្ឆឹត ទី៣៖ រុក (Rook) មានជំហានដើរដូចទូក ទី៤៖ អ្នកចម្បាំងលើខ្នងសេះ (knight) ដើរក្រឡាដូចសេះក្នុងអុកខ្មែរដែរ ទី៤៖ មេសាសនា (Bishop) មានជំហានដើរទៅមុខទៅក្រោយតែបញ្ឆឹត និង ទី៥៖ ផន (pawn) មានជំហានដើរដូចត្រី តែខុសពីត្រី ត្រង់ថា ក្នុងល្បែងអុកខ្មែរត្រីអាចក្លាយជាត្រីបក តែ ផន នេះវិញពេលដើរទៅចុងក្តារនៃគូបដិបក្ខ វាអាចប្រែក្លាយជាអ្វីក៏បាន (ភាគច្រើន គឺនិយមប្រែខ្លួនវាជាអគ្គមហេសី)។

ឥឡូវយើងតោងងាកមកប្រៀបធៀបនឹងល្បែងនយោបាយបច្ចុប្បន្នវិញម្តង ថាតើអ្នកលេងបានធ្វើទំនើបកម្មក្បួនអុករបស់ខ្លួនបានកម្រឹតណា។ ខាងក្បួនទេព្តា យើងឃើញមានស្តេចនៅមានរូបភាពសកម្ម មានរុកទាំង២ (ស្ថាប័នតុលាការនិងកម្ចាត់ពុករលួយ) និងអ្នកចម្បាំងលើខ្នងសេះ (ទាហាន និង ប៉េអឹម)។ តែល្បែងក្រោយនេះ គេចាប់ផ្តើមយកផនបីបួនមកដើរជាតួសំខាន់ម្តង។ ទី១៖ ពួកគេចំណាយលុយតិច ហើយតស៊ូពុះពារលុះក្ស័យ ទី២៖ ពួកហ្នឹងជាកូនអុកតូចៗ បើចាញ់ ឬត្រូវគេស៊ីបាត់ ក៏មិនប៉ះពាល់ដល់កម្លាំងធំ ទី៣៖ ចុងក្រោយស្តេចបានការពារ ផនទាំងពីរបីនេះឲ្យដើរដល់ចុងក្តារបដិបក្ខ រហូតមួយក្លាយជាអគ្គមហេសី ជាមេក្លោងពង្វក់យុវជន និង បង្វិលក្បាលមន្រ្តីចាស់ទុំធំៗ ដែលអាចធ្វើឲ្យនគរក្រឡាប់ចាក់បាន ផនមួយទៀតបានត្រឹមតែជាមេសាសនា តាមហែរហមដើរដាក់ញ្ញតិ្តតាមកន្លែងនានា និងមួយទៀតគឺជារុក ដែលគេមិនទាន់បញ្ចេញឲ្យដើរខ្លាំងទេ ទាល់តែជិតពេលបោះឆ្នោតមកដល់។

ល្បិចដោះលែងមេទ័ពព្រះអាទិត្យម្នាក់ក៏មិនមែនជារឿងផ្សះផ្សាជាតិអីដែរ។ បើមេទ័ពទេព្តាចង់ផ្សះផ្សាមែន គាត់ត្រូវហាមប្រាមផនពីរបីរបស់គាត់មិនឲ្យអុកឡុករំខានដល់មេទ័ពបដិបក្ខទេ។ តែជាល្បិចសុទ្ធសាធ ពោលគឺចង់បង្ហាញថា ទោះបីដោះលែងពេលនេះមែន តែស្ថិតក្នុងក្រញាំរបស់គាត់ដដែលទេ ហើយត្រូវធ្វើតាមការទាមទារដែលគាត់ចង់បាន ពោលគឺបែកគ្នាពីមេទ័ពម្នាក់ទៀតទៅ។

អ្វីដែលអាក្រក់អាក្រីជាងនេះទៀត គឺថា កូនជឹងគាត់គំរាមចេញមុខប៉ុណ្ណឹងហើយ តែគ្មានស្ថាប័នណាអើពើទៀត។ ថាមានស្តង់ដារបួនដប់ក៏បាន កាលពីដើមឆ្នាំនេះ មានការអះអាងពីការបែបធ្លាយសារសំឡេង គ្មានសមត្ថកិច្ចណាទៅតាមចាប់អ្នកលួចបញ្ចេញសារទាំងនោះទេ តែខាងកម្ចាត់ពុករលួយមកស៊ើបអង្កេតពីរឿងពុករលួយទៅវិញ។ តែពេលនេះ មានការបញ្ចេញសារសំឡេង និងឆាតទៀតរវាងស្តេចនិងកូនជឹង ដោយមានសន្យាឲ្យលុយកាក់ បែរជាខាងកម្ចាត់ពុករលួយថា ជារឿងឯកជនទៅវិញ។ អញ្ចឹងហើយថា ការបញ្ចេញសារសំឡេងភាគពីរនេះ គឺខាងមេលើជាអ្នកបញ្ចេញហ្នឹងឯង បើគ្មានការអនុញ្ញាត ទុកជាថ្លើមពាសមេឃក៏គ្មាននរណាហ៊ានបញ្ចេញដែរ។

រឿងបង្ហោះរូបកាំភ្លើង ឆាតនិយាយពីការប្រើកាំភ្លើង និង ទៅហាត់បាញ់កាំភ្លើងស្រស់ៗតាមហ្វេសប៊ុក ក៏មិនមែនជារឿងចៃដន្យដែរ វាជារឿងគំរាមដោយត្រង់ៗតែម្តង។ ហើយចង់បង្អួតបង្ហាញសាធារណជនដែរថា នៅស្រុកខ្មែរ គ្មាននរណាហានជំទាស់ចិត្តអញបានទេ បើនៅតែរឹងទទឹង ការពារឧត្តមគតិពេក ប្រយ័ត្នមានជោគវាសនាដូច កែម ឡី!!!

ដំណាក់កាលនេះ មេទ័ពព្រះអាទិត្យក្នុងស្រុក ប្រហែលជាត្រូវចំណាយទឹកចិត្ត និងរងការគំរាមកំហែងដល់អាយុជីវិតជាច្រើនលើកច្រើនដងហើយ ឬអាចដល់ថ្នាក់អស់ជីវិតផងក៏មិនដឹង។ ក្រៅពីនេះ អាចមានសេណារីយ៉ូពីរបីទៀតដែរ ឧទាហរណ៍ ពេលដែលកូនជឹងអស់តម្លៃ អាចមានការលះបង់ចោល ហើយចោទថា បក្សប្រឆាំងជាអ្នកនៅពីក្រោយ ជាលេសមួយអាចមានប្រយោជន៍ពីរ មួយគឺកម្ចាត់អ្នកដឹងរឿងច្រើនផង និង មួយអាចចាប់មេទ័ពព្រះអាទិត្យដាក់គុកបានទៀតផង។

ឮល្ហិចល្ហៀងថា បើនៅតែបំបែកមេទ័ពទាំងពីរពីគ្នាមិនបានទៀត ប្រហែលជាបក្សប្រឆាំងនឹងត្រូវប្រឈមនឹងការបង្ខំបំបែកដូចនៅស្រុកសៀមដែលបក្សនយោបាយរបស់គ្រួសារត្រកូលស៊ីណាវ៉ាត់ ត្រូវបានរំលាយម្តងហើយម្តងទៀត ក្រោមលេសថា រំលោភច្បាប់!!!

និយាយរួម មេទ័ពទេព្តាប្រហែលជាដឹងច្បាស់ថា រាស្រ្តលែងបោះឆ្នោតឲ្យហើយ ព្រោះពីមួយអាណត្តិទៅមួយអាណត្តិបញ្ហាសង្គមកាន់តែច្រើនៗ ដែលខ្លួនមិនអាចដោះស្រាយបាន ហើយវិធីមានតែមួយគត់គឺ បំបែក ឬកម្ទេចបក្សប្រឆាំងឲ្យខាងតែបាន។

យូរៗទៅ អ្នកនយោបាយលែងនឹកនារឿងជាតិទឹកដីអីទៀតហើយ សំខាន់រក្សាអំណាចរបស់គេឲ្យបានគង់វង្សតកូនតចៅ ចង់ស្រុកទេសធ្លាក់ដល់កម្រិតណាក៏គេលែងខ្វល់ខ្វាយដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ