កម្ពុជាស្នើឲ្យវៀតណាមបន្ដផ្គត់ផ្គង់ថាមពលអគ្គិសនី

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី

រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យវៀតណាមជួយបន្ដផ្គត់ផ្គង់ថាមពលអគ្គសនីថែមទៀត ខណៈអ្នកវិភាគលើកឡើងថា វាអាចប៉ះពាល់ដល់កម្ពុជា បើសិនមានការផ្ដាច់ចរន្ដភ្លើងពីវៀតណាម។  ​

នៅក្រោយកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ដ្រ និងបច្ចេកទេស ថ្ងៃពុធ ទី១៥ ខែមិនា នៅរាជធានីភ្នំពេញ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យអ្នកសារព័ត៌មានដឹងថា រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានស្នើទៅ លោក ផាម ប៊ិញ មិញ រដ្ឋមន្ដ្រីការបរទេសវៀតណាម ឲ្យបន្ដជួយទ្រទ្រង់ថាមពលអគ្គិសនី។ លោកអះអាងថា ជាការឆ្លើយតប វៀតណាមបានយល់ព្រមបន្ដផ្គត់ផ្គង់ថាមពលអគ្គិសនី តាមសំណើរបស់កម្ពុជា។

លោកមានប្រសាសន៍បន្ដថា ក្រៅពីនេះ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ភាគីកម្ពុជាក៏ស្នើឲ្យវៀតណាម ជួយជាមូលនិធិ ដើម្បីសង់សាលារៀន និងគ្រឹះស្ថានអប់រំ និងបង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ដ្រីរាជការ ដែលចង់បន្ដការសិក្សានៅប្រទេសវៀតណាមផងដែរ។

លោកមានប្រសាសន៍ថា៖ «ឆ្លើយតបនឹងសំណូមពររបស់កម្ពុជា គឺវៀតណាមបានយល់ព្រមបង្កើនការផ្ដល់ថាមពលអគ្គិសនីមកដល់កម្ពុជា។ ភាគីទាំងពីរបានឯកភាពគ្នា ជម្រុញបន្ថែមទៀតនូវកិច្ចសហប្រតិការលើផ្នែកថាមពលនេះ»។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី ភាគីកម្ពុជា និងវៀតណាម ក៏បានពិភាក្សាគ្នាផងដែរ អំពីការងារបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលលោកថា មកទល់ពេលនេះ សម្រេចបានជាង៨០ភាគរយហើយ និងកំពុងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់បញ្ហានៅសេសសល់។ ក្រោយពីបានលើកឡើងនូវបញ្ហាព្រំដែននោះ លោក ជុំ សន្ទរី បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ដទៀត ដោយលោកថា មានធុរៈចូលរួមកិច្ចប្រជុំមួយទៀត។

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោកបណ្ឌិត មាស នី បានឲ្យ VOD ដឹងថា ជារឿងធម្មតាទេ ដែលប្រទេសក្បែរខាងត្រូវពឹងពាក់គ្នាទៅវិញទៅមក ចំពោះករណីស្នើសុំថាមពលអគ្គិសនីពីវៀតណាមនោះ។ លោកអះអាងថា បច្ចុប្បន្ន កម្ពុជាកំពុងពឹងផ្អែកលើថាមពលអគ្គិសនីពីវៀតណាមប្រមាណជាង៦០ភាគរយឯណោះ ដោយលោកថា គឺកម្ពុជាត្រូវការពេលវេលាយូរទៀត ដើម្បីអាចផ្គតផ្គង់ថាមពលអគ្គិសនី ដោយខ្លួនឯង។ លោកបន្ដថា ការពឹងផ្អែកលើវៀតណាមច្រើនដូច្នេះ កម្ពុជាក៏អាចរងផលប៉ះពាល់អវិជ្ជមានមួយចំនួន ដូចជា ក្នុងករណី មានការផ្ដាច់ភ្លើងពីវៀតណាមដោយប្រការណាមួយ ជាដើម។

លោកថា៖ «ការដោះបន្ទុកចេញពី៦០ភាគរយពឹងផ្អែកពីគេ (វៀតណាម) វាត្រូវប្រើពេលយូរទៀត ទាល់តែយើងមានប្រភពក្នុងស្រុកយើងហ្នឹងណា។ យើងមើលកាល់ពេលណាម្ដង ដែលយើងដាច់ភ្លើងស្ទើរតែមួយចំហៀងប្រទេស អាហ្នឹងដោយសារអី គឺដោយសារមានបញ្ហាភ្លើងនៅវៀតណាម»។

នៅឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមសាងសង់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ដោយបានបើកតួប៊ីនទី១ ដែលមានកម្លាំងជាង៥០មេហ្គាវ៉ាត់ម៉ោង ដែលមកទល់ពេលនេះ សម្រេចបានការសាងសង់ជាង៨០ភាគរយហើយ។ នៅចុងឆ្នាំ២០១៨ គេនឹងបើកតួប៊ីនទាំង៨ទៀត ដោយអាចផលិតបានថាមពលសរុប៤០០មេហ្គាវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់តម្រូវការថាមពលអគ្គិសនីក្នុងប្រទេសទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ