CPP បន្ថែមថវិកាទៅឲ្យមន្រ្តីរបស់ខ្លួននៅឃុំ-សង្កាត់

គណបក្សប្រជាជនកម្ពុជាប្រកាសផ្តល់ថវិកាដល់សមាជិករបស់ខ្លួននៅឃុំ-សង្កាត់ សម្រាប់ការចំណាយក្នុងពេលបោះឆ្នោតថ្នាក់ក្រោមជាតិ នៅខែមិថុនាខាងមុខនេះ។

លិខិតខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១១​ មីនា ២០១៧ ឲ្យដឹងថា ថ្នាក់កណ្តាលគណបក្សបានសម្រេចផ្តល់ថវិកា បីលានរៀល បន្ថែមទៀតក្នុង ១ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឲ្យដឹងទៀតថា ពីមុនគណបក្សនេះបានផ្តល់ថវិកាចំនួន ១០លានរៀលម្តងហើយក្នុងមួយឃុំ ឬសង្កាត់ តែដោយសារមានតម្រូវការជាក់ស្តែងគណបក្សក៏ទម្លាក់លុយបន្ថែម៣លានរៀលទៀត។

បើមួយឃុំឬមួយសង្កាត់ត្រូវចាយលុយចំនួន១៣លានរៀល មានន័យថា សរុបទាំងជាង១៦០០ឃុំនិងសង្កាត់ទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាត្រូវបានចំណាយជាង៥លានដុល្លារ​ក្នុង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំនេះ។

លោក សន ជ័យ នាយក​ប្រតិបត្តិ​ នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា មានប្រសាសន៍ថា អត់មានច្បាប់ណាចែងពីការចាយលុយរបស់បក្សនយោបាយទេ គឺអាស្រ័យលើធនធានរៀងខ្លួន។ លោកបន្ថែមថា មិនមានការពាក់ព័ន្ធនឹងគណនេយ្យភាពក្នុងការប្រើប្រាស់ថវិកាជាតិទេ។​

កាលពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​​២០១២​ ​គណបក្ស​ប្រជា​ជនក​ម្ពុជា​ដណ្តើម​បាន​មេឃុំ​និង​ចៅសង្កាត់​ចំនួន​ ១៥៩២​មេឃុំ​ និង​មាន​ក្រុមប្រឹក្សា​៨២៩២​នាក់​​ ខណៈ គណបក្ស​ សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​កាន់កាប់​ឃុំ​សង្កាត់​ចំនួន​៤០​ និង​ក្រុមប្រឹក្សា​ចំនួន​២៩៥៥​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ