អតីតស្នងការក្រុងថានឹងបង្ហាញការពិតថានរណាសម្លាប់ លោក ជា វិជ្ជា 

អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ

អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ បានបង្ហើបឲ្យដឹងថា លោកនឹងបង្ហាញការពិតថា នរណាជាអ្នកសម្លាប់ប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤នោះ។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនបីគ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈលោកកំពុងឤនព័ត៌មាននៅមុខតូបលក់កាសែតមួយជាប់នឹងរបងវត្តលង្កា រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះជាង១០ឆ្នាំហើយ តុលាការនៅមិនទាន់ចាប់ឃាតកពិតដែលសម្លាប់លោកមកផ្ដន្ទាទោសនៅឡើយ។

លោក ហេង ពៅ ដែលត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណីនោះ ត្រូវបានឆ្មាំពន្ធនាគារបញ្ជូនមកសវនាការនៅតុលាការកំពូលនាថ្ងៃនេះ។ ឆ្លើយនឹងសំណួរវីអូឌីថា តើនរណាជាអ្នកសម្លាប់លោក ជា វិជ្ជា នោះ លោក ហេង ពៅ អះអាងថា លោកនឹងប្រាប់រឿងនេះនៅពេលក្រោយ។

លោកថា «ថាពេលដែលខ្ញុំមិនព្រមស៊ីលុយចោរ បែរជាយកខ្ញុំមកកាត់ទោស … ចង់[ដឹង]រឿង ជា វិជ្ជា ថ្ងៃក្រោយដឹងហើយ»។

លោក ជា មុនី ដែលជាប្អូនប្រុសលោក ជា វិជ្ជា បានលើកឡើងថា លោក ហេង ពៅ ជាសាក្សីសំខាន់ដែលបានដឹងរឿងរ៉ាវនោះ រួមទាំងអ្នកដែលពាក់ព័ន្ធនៃការបាញ់សម្លាប់បងប្រុសរបស់លោកកាលពីឆ្នាំ២០០៤នោះដែរ។

លោកថា «គាត់ជាអ្នកដែលដឹងរឿងឃាតកម្មនៃលោក ជា វិជ្ជា ហ្នឹង ហើយបើលោក ហេង ពៅ ឆ្លើយទៅ លោក ដឹងហើយ លោកជាប់គុកអស់មួយជីវិត ដូចនេះលោកត្រូវហ៊ានអះអាងថា ការស្លាប់របស់លោក ជា វិជ្ជា តើស្ថិតនៅលើអ្នកណា? ចឹងការសម្លាប់លោក ជា វិជ្ជា មិនមែនតែលោក ហេង ពៅ ម្នាក់ទេ វាមានទាក់ទងមន្ត្រីផ្សេងទៀត ដូចជា លោក លី រ៉ាស៊ី លោក ហិន សុង ក៏ជាមនុស្សមួយដឹងរឿងឃាតកម្មហ្នឹងដែរ។ លោក ហិន សុង អត់ទាន់មានចាប់ខ្លួនអីនៅឡើយទេ ចឹងមានន័យថា លោក ហេង ពៅ ជាសាក្សីសំខាន់បំផុត ហើយបើលោកឆ្លើយថា លោកដឹងរឿងឃាតកម្មលោក ជា វិជា្ជ ហើយលោកអាចធ្វើជាសាក្សីឲ្យទៀត ខ្ញុំគិតថាឃាតកម្មនឹងទទួលបានយុត្តិធម៌»។

ប្រធានផ្នែកបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើលោក ហេង ពៅ ប្រាប់ការពិតពីអ្នកនៅពីក្រោយឃាតកម្មនេះពិតមែននោះ លោកថាជារឿងល្អដើម្បីឲ្យគណៈកម្មការជំនាញមានពន្លឺស្រាវជា្រវរកឃាតកសម្លាប់លោក ជា វិជា្ជ ក៏ដូចជាអ្នកផ្សេងទៀតផងដែរ។ លោកទទូចឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធពន្លឿនការស៊ើបអង្កេត ដើម្បីស្វែងរកយុត្តិធម៌ឲ្យក្រុមគ្រួសារជនរងគ្រោះ។

លោកថា «ដើម្បីស្វែងរកយុត្តិធម៌ជូនលោក ជា វិជ្ជា និងក្រុមគ្រួសារ គឺរកជនដៃដល់និងអ្នកដែលពាក់ព័ន្ធក្នុងការបាញ់សម្លាប់ លោក ជា វិជ្ជា មកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ទី១ បានន័យថា យើងពង្រឹងនៅតាមផ្នែកប្រព័ន្ធយុតិ្តធម៌…ជូនជនរងគ្រោះ។ ទី២ បានន័យថា ជាការបង្កើនជំនឿទុកចិត្តបន្តទៀត ចំពោះគេហៅថា វិស័យ[កាត់ដេរ]   និងឧស្សាហកម្មហ្នឹង ដើម្បីពង្រីកនៅទីផ្សារ ពីព្រោះអ្នកបញ្ជាទិញក៏ដូចជាវិស័យដែលពាក់ព័ន្ធ គឺគេរងចាំមើលយុត្តិធម៌សម្រាប់ លោក ជា វិជ្ជា ក៏ដូចជាសហជីពដទៃទៀតដែរ»

យ៉ាងណាក៏ដោយ បន្ទាប់ពីបាញ់សម្លាប់លោក ជា វិជ្ជា មនុស្សពីរនាក់ គឺលោក សុខ សំអឿន និងលោក ប៊ន សំណាង ត្រូវបានចាប់ខ្លួននិងកាត់ទោស ដាក់គុកអស់រយៈពេលជិត១០ឆ្នាំ តាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ។ ប៉ុន្តែក្រោយមកតុលាការកំពូលបានលើកលែងការចោទប្រកាន់អ្នកទាំងពីរនាក់នោះវិញ ដោយសាររកមិនឃើញមានពិរុទ្ធភាព។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ រដ្ឋាភិបាលបានសម្រេចបង្កើត គណៈកម្មការស៊ើបអង្កេតពិសេសមួយ ដើម្បីវែកមុខឃាតកសម្លាប់លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី។ ប៉ុន្តែរហូតមកដល់ពេលនេះ គណៈកម្មការនៅមិនទាន់មានព័ត៌មានថ្មីទាក់ទងនឹងឃាតកម្មលើអ្នកទាំងបីរូបនេះនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ