អ្នកជំនាញបារម្ភពីការបាត់បង់កម្លាំងពលកម្មនៅកម្ពុជា ខណៈថៃបង្កើនប្រាក់ឈ្នួល

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

អ្នក​ធ្វើ​ការ​ខាង​សិទ្ធិ​កម្មករ និង​ការ​ងារ សំដែងក្តីបារម្ភថា កម្ពុជានឹងបាត់បង់កម្លាំងពលកម្មបន្ថែមទៀត ដោយសារតែការ​ចំណាក​ស្រុក​កើនឡើង ខណៈដែលប្រទេសថៃដំឡើងថ្លៃឈ្នួលកម្លាំងពលកម្ម។

ក្រសួង​ការ​ងារកម្ពុជាបាន​ឲ្យ​ដឹង​ កាលពី​ថ្ងៃ​ទី១៣ មីនា ថារដ្ឋាភិបាល​ថៃបាន​សម្រេច​តម្លើង​ប្រាក់​ឈ្នូល​ទាប​បំផុត​សម្រាប់​កម្មករចំណាកស្រុក​កម្ពុជាយ៉ាង​តិច​បំផុត​៣០០បាត ឬ​ស្មើ​នឹង​១០​ដុល្លា​អាមេរិក្នុ​ង​មួយ​ថ្ងៃ និង​មាន​ម៉ោង​កា​រងារ​ត្រឹម​ត្រូវ ដោយបាន​អនុវត្តន៍​តាំង​ពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៧​នេះ។

បើ​គិត​ជា​ខែ​គឺ​កម្មករចំណាក​ស្រុក​កម្ពុជាទៅ​ប្រទេស​ថៃ​អាច​ទទួល​បានប្រាក់​ឈ្នួល​តិច​បំផុត​៣០០ដុល្លារ ខណៈដែល​កម្មកររោងចក្រនៅ​ខ្មែរ​ធ្វើការ​ទទួល​បាន​តិច​ជាង​ពាក់​កណ្តាល​ស្មើ ១៥៣ដុល្លារ។

ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត់ ធន់ យល់​ថាការ​សម្រេច​កំណត់​ប្រាក់​ឈ្នួលទាប​បំផុត​សម្រាប់​​​ពល​ករ​ចំណាក​ស្រុក​នេះជា​រឿង​មួយ​ដែល​ល្អ ដែលថៃ​​គួរ​តែ​ធ្វើ​យូរ​មក​ហើយ។ តែ​លោក​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជានោះ​គឺ​ការ​សម្រេចនេះ​វា​អាច​ទាក់​ទាញ​ដល់​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើនធ្វើ​ចំណាក​ស្រុក​ទៅ​កាន់ថៃ​បន្ថែ​ម​ទៀត ដែល​ធ្វើ​ឲ្យ​ធន​ធាន​មនុស្ស​នៅ​កម្ពុ​ជា​កាន់​តែ​តិច​ ហើយ​នេះ​ហើយ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគពិបាក​សម្រេច​មក​ធ្វើ​ការ​រក​ស៊ីនៅ​កម្ពុ​ជា។

លោក អាត់ ធន់៖ «នេះក៏វាជាយុទ្ធសាស្ត្ររបស់អ្នកសេដ្ឋកិច្ចថៃដែរដែលទាញយកកម្លាំងពលកម្មទៅស្រុកគេ។ ហើយកម្ពុជាយើងនឹងមានឧបសគ្គហើយ! កម្មករដែលឆ្លងដែនទៅបានគាត់ទៅ ហើយនៅពេលនោះកម្លាំងពលកម្មជំនាញ ឬអ្នកដែលមានកម្លាំងពលកម្មខ្លាំងៗនោះគឺចេញពីកម្ពុជាអស់ អាចឥឡូវចេញពីកម្ពុជាជាង១លាន ហើយថ្ងៃក្រោយទៀតអាច៥០ម៉ឺននាក់ទៀតវាអាច»។

ស្រដៀង​គ្នាដែរនាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស​ លោក ម៉ឿន តុលា មាន​ប្រ​សា​ស​ន៍​ថា ការ​សម្រេច​នេះនឹង​អាច​ទាក់​ទាញពល​រដ្ឋ​ខ្មែរ​ដែល​ពុំ​មាន​​ការ​ងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ ​ធ្វើ​ចំណាកស្រុកទៅ​ថៃដោយ​មូល​ហេតុ លក្ខខណ្ឌ​ការ​ងារដែល​ថៃ​​បាន​ផ្សព្វ​ផ្សាយល្អ និង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ជាងកម្ពុជា។ លោក​ព្រួយ​បារម្ភថា កាល​ណា​ពល​រដ្ឋខ្មែរ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ច្រើ​ន នឹង​ធ្វើ​ឲ្យ​​បាត់​បង់​កម្លាំង​ពល​កម្មក្នុងស្រុក​ ហើយ​ជា​ពិសេស​គឺ​ការ​មិន​បាន​មក​​ចុះ​ឈ្មោះឬ​បោះ​ឆ្នោត​។

លោក ម៉ឿន តុលា៖ «អ្វីដែលខ្ញុំមើលគឺសេចក្តីប្រកាសរបស់ក្រសួងនោះ គឺដូចជារាងគេញនយោបាយបន្តិច មិនមែនសំដៅលើពលករទូទៅដែលធ្វើការនៅប្រទេសគេគឺត្រូវទទួលបានប្រាក់ឈ្នួលប៉ុណ្នឹង។ …. ប៉ុន្តែកាលណាក៏ដោយកាលណាពលរដ្ឋយើងទៅធ្វើការនៅក្រៅប្រទេសច្រើនពេកធ្វើឲ្យមានផលប៉ះពាល់ដល់ក្នុងប្រទេសដែរ កាលណាអ្នកវិនិយោគទុនមកចំណុចដែលពួកគេមើលក្រៅតែពីច្បាប់ អីហ្នឹងគេមើលទៅលើធនធានមនុស្សហើយបើសិនជាគ្មានធនធានមនុស្សគ្នានអីទេអាហ្នឹងពិបាកសម្រាប់អ្នកវិនិយោគទុនដែរ»។

នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ មានប្រសាសន៍ថា បើទោះជានៅថៃទទួលបានប្រាក់ឈ្នួលខ្ពស់ជាង​​នៅ​ស្រុក​ខ្មែរ តែលោក​ថាការចំណាយក៏ច្រើនជាងនៅស្រុកខ្មែរដែរ។ ​លោក​ថា ការ​ដែល​រដ្ឋ​គ្មាន​វិធាន​ការ​ទប់​ស្កាត់ និង​ចេះ​តែ​បណ្តោយ​ឲ្យ​ពល​រដ្ឋធ្វើ​ចំណាកស្រុក​នេះ គឺ​ជា​កង្វះ​សមត្ថភាពរបស់​អ្នក​នយោ​បាយ​ដែល​គិត​តែ​ពីប្រយោ​ជន៍​របស់ខ្លួនច្រើន​ជាងពលរដ្ឋ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ពិបាក​ពិ​ចារណាដាក់​វិនិយោគស្រុក​ខ្មែរជា​ហេតុ​ធ្វើ​ឲ្យ​ការ​ងារ​ក្នុង​ស្រុកកាន់​តែ​តិច​ទៅ បើ​ធៀប​នឹង​ចំនួនពល​រដ្ឋ។

លោក យ៉ា ណាវុធ៖ «អ្វីដែលសំខាន់នោះគឺពលរដ្ឋយើងគាត់រកការងារធ្វើនៅក្នុងប្រទេសយើងអត់បាន។ យើងគិតមើលផលដំណាំគាត់ធ្វើថ្លៃដើមខ្ពស់ កង្វះទីផ្សារ កង្វះធារាសាស្ត្រ ហើយគួបផ្សំអ្នកខ្លះជំពាក់បំណុលមីក្រូហ្វេណាន់ផង។ អញ្ចឹងចង់មិនចង់គាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកហើយ ដែលពីដើមមកគាត់ធ្លាប់តែរកផលបានពីវ័ល្លិពីផ្តៅ ពីព្រៃឈើ ពីការនេសាទអីបាន ឥឡូវគាត់រកលែងបាន អញ្ចឹងចង់មិនចង់ អត់មានជម្រើសអី ក្រៅពីការធ្វើចំណាកស្រុកទេទៅក្រៅប្រទេស»។

បើតាម​អ្នក​ធ្វើ​ការ​ខាង​វិស័យការងារ គឺរដ្ឋ​គួរ​តែធ្វើ​យ៉ាង​ណា​បង្កើត​ឱកាស​ការ​ងារក្នុង​ស្រុក​ឲ្យ​បាន​ច្រើន និងគួរ​តែផ្តោត​លើ​ការ​ងារ​កសិកម្ម ​ដោយ​ជួយ​ឲ្យ​ពល​រដ្ឋ​​មាន​ទុន ​បច្ចេក​ទេស​កសិកម្ម និង​បង្កើត​រោង​ចក្រ​កែ​ច្នៃកសិកម្ម  ដើម្បីឲ្យផលិតផល​កសិកម្មមាន​ទីផ្សារ​។

ក្នុង​របាយការណ៍​​ក្រសួង​ការ​ងារប្រចាំ​ឆ្នាំ​២០១៦ ​ឲ្យ​ដឹង​ថា ​ពល​ករ​ខ្មែរ​ចំណាក​ស្រុ​ក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​ ១,១៥លាននាក់ ដែល​កំពុង​ធ្វើ​​ការ​​នៅ​ ថៃ​ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ក្នុង​នោះ​​ជាង​១លាន​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​នាំ​ចំណូល​ចូល​មក​ក្នុង​ស្រុក​បាន​ជាង​១,៧ពាន់​លាន​ដុល្លា​អាមេរិក​មក​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ