ជីវប្រវត្តិសង្ខេបលោក សុខ អាន

លោក សុខ អាន កាលពីពេលកន្លងទៅ

លោក សុខ អាន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋ​មន្ត្រីប្រសូតនៅថ្ងៃទី១៦ខែមេសាឆ្នាំ១៩៥០ ក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

គេហទំព័រទីស្ដីការគណៈរដ្ឋមន្ដ្រីឲ្យដឹងថា លោក សុខ​ អាន មានភរិយាឈ្មោះ អាយ អាន្នី និងមានកូនប្រុស៤នាក់ និងស្រីម្នាក់។ កូនស្រីមានឈ្មោះ សុខ សុម៉ា ចំណែក កូនប្រុសទី១ឈ្មោះ សុខ ពុទ្ធីវុធ កូនប្រុសទី២, សុខ សូកាន, កូនប្រុសទី៣, សុខ សូកេន និងកូនប្រុសទី៤, សុខ សង្វារ។

លោក សុខ អាន បានចូលបម្រើជាតិមាតុភូមិកម្ពុជាតាមរយៈរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកបានចូលរួមដឹកនាំប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣មក និងរួមចំណែកនាំមកនូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារនូវឯករាជ្យជាតិ និងបូរណភាពទឹកដី។

កាលពីថ្ងៃចន្ទទី១៣មិនាឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្រេចតម្លើងគោរមងារថ្មីជា «សម្ដេចវិបុលបញ្ញា»។ ការតម្លើងគោរមងារនេះ ត្រូវបានធ្វើឡើងខណៈមានពាក្យចចាមអារ៉ាមជុំវិញស្ថានភាពសុខភាពធ្ងន់ធ្ងរបស់លោក។

ជាអកុសល ​នៅ​វេលា​ម៉ោង៦និង​៣២នាទីល្ងាច នាថ្ងៃពុធទី១៥ខែមីនាឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានជូនដំណឹងថា លោក សុខ អាន បាន​​ទទួលមរណភាព​ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ នៅ​មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំងនៃប្រទេស​ចិន។

មុននឹងទទួលបានគោរមងារជា «សម្ដេចវិបុលបញ្ញា» លោក សុខ អាន គឺជាសមាជិករដ្ឋសភាមណ្ឌល​  ខេត្ដតាកែវ និងកាន់តួនាទីជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។

នៅចន្លោះឆ្នាំ១៩៩២ដល់ឆ្នាំ២០០៤ លោកបានបម្រើការជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាសហរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។

នៅឆ្នាំ១៩៩១ លោក សុខ អាន ជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តំណាងគណបក្សប្រជាជនកម្ពុជា ប្រធានខុទ្ទកាល័យកណ្ដាលនៃគណៈកម្មាធិការមជ្ឈឹមបក្សនៃគណៈបក្ស​ប្រជា​ជន​ និងជាអនុ​រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ។

នៅចន្លោះឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨៨ លោកធ្លាប់ជាអនុរដ្ឋមន្ដ្រីក្រសួងការបរទេស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសឥណ្ឌា អគ្គលេខាធិការនៃគណៈកម្មាធិការសន្ដិភាពជាតិកម្ពុជា និងអគ្គលេខាធិការនៃក្រសួងការបរទេស ប្រធានខុទ្ទកាល័យផ្ទាល់របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

ក្នុងអំឡុងទស្សវត្សឆ្នាំ៧០ លោក សុខ អាន គឺជាសិស្សបរិញ្ញាបត្រផ្នែកភូមិវិទ្យា ប្រវត្តវិទ្យា សង្គមវិទ្យា ហើយក៏ជាសិស្សមន្ត្រីជាន់ខ្ពស់ផ្នែកការទូតនៃសាលារដ្ឋបាលជាតិជាន់ខ្ពស់។

ចាប់ពីឆ្នាំ១៩៩៦ លោក សុខ អាន ទទួលបានបណ្ឌិតកិត្តិយសជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងហ្វីលីពីនជាដើម៕ រាយការណ៍បន្ថែមដោយ លោក មាស រតនៈវិទូ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ