បុរស​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​​ដង​ផ្លូវ​សាធារណៈ

ជន​សង្ស័យឈ្មោះ អាន ផល្លី ​​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សាលើ​​ដង​ផ្លូវ​សាធារណៈ​ (ប្រភព៖ នគរបាលជាតិ)

បុរស​ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​​ថ្ងៃ​នេះ​នៅ​ឯ​ខេត្ត​កំពង់ធំ ដែល​នាំ​ឲ្យ​មាន​មនុស្ស​ ៣​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ម្នាក់​កាល​ពីចុង​សប្ដាហ៍​កន្លង​មក​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​នគរបាល​ជាតិ។

នាយិ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ប៊ុន សត្យា ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​លើ​គេហ​ទំព័រ​នគរបាល​ជាតិ​ថា ជន​សង្ស័យឈ្មោះ អាន ផល្លី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ឯ​ឃុំ​ចើងដើង ស្រុក​បារាយណ៍ បន្ទាប់​ពី​រត់​គេច​ខ្លួន ក្រោយ​​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​លើ​លោក ស៊ុយ សារ៉េត សាស្ត្រាចារ្យ​បង្រៀន​នៅ​មហាវិទ្យាល័យ។

បើ​តាម​គេហ​ទំព័រ​នគរបាល​ជាតិ បុរស​ឈ្មោះ យាត ទិត្យា និង អាន វិនទី ដែល​ត្រូវ​បាន​គេ​ដឹង​ថា សុទ្ធ​តែ​ជា​សន្តិសុខ​នៅ​ខណ្ឌ​ដូនពេញ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ នៅ​ក្នុង​ករណី​អំពើ​ហិង្សា​លើ​លោក ស៊ុយ សារ៉េត នៅ​លើ​ដ​ផ្លូវ​សាធារណៈ ក្រោម​ការ​ចោទ​ថា បាន​បើក​បរ​បុករះ និង​បើក​រត់​គេច​ខ្លួន កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​នេះ។

ការ​បើក​បរ​បុក​រះ និង​បើក​គេច​ខ្លួន បាន​កើត​ឡើង​ជា​ច្រើន​ករណី​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែករណី​ខ្លះមិន​ត្រូវ​បាន​នាំ​យក​ទៅ​អនុវត្ត​ទោស​ទៅ​តាម​ច្បាប់​នោះ​ឡើយ។

ទោះជាយ៉ាងណា កាលពីខែមីនា ឆ្នាំ២០១៣​ និស្សិត​​​​ស្រី​ម្នាក់​វ័យ​​​​​២៣ឆ្នាំ ដែលត្រូវជាកូនស្រីរបស់អនុប្រធាន​មន្ទីរ​ពេ​​ទ្យ​បង្អែក​ខេត្តកណ្តាល​ផង​នោះ បានបើករថយន្តបុករះ​ និង​បណ្ដាល​ឲ្យ​មនុស្ស ៣០​នាក់​រង​របួស ដោយ​ជំរុញ​ឲ្យ​មហា​ជន​ផ្ទុះ​កំហឹង ប៉ុន្តែ សមត្ថកិច្ច បាន​ទប់ស្កាត់ទាន់ពេល។​

កាល​ពី​ចុងខែធ្នូឆ្នាំ២០១៧​កន្លង បុរស​ជា​អ្នក​បើក​បរ​ម្នាក់ ត្រូវ​បាន​ក្រុម​មហា​ជន​ព្រួត​គ្នា​វាយ​បណ្ដាល​ឲ្យ​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ បន្ទាប់​ពី​បើករ​រថយន្ត​បុក​រះ​បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​ស្លាប់ និង ៨​នាក់​ទៀត​រង​របួស នៅ​លើ​មហា​វិថី​ព្រះមុនីវង្ស។

របាយការណ៍​ប្រចាំ​ឆ្នាំរបស់​នគរបាលជាតិ បាន​ឲ្យ​ដឹង​ថា មនុស្ស​ជិត ១៨០០​នាក់ បាន​ស្លាប់ និង​ជាង ៥៥០០​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ