លោក​ស្រី រ៉ូណា ស្មីត អំពាវ​នាវ​ឲ្យ​បើក​ការ​​ស៊ើប​អង្កេត​ឯក​រាជ្យ​លើ​ករណី​បាញ់​ប្រហារ​នៅ​ខេត្ត​ក្រចេះ

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងនៅក្នុងសន្និសិទកាសែតនៅថ្ងៃទី១៤មីនាឆ្នាំ២០១៨ នៅភ្នំពេញ (រូបថត៖ ហេង វិចិត្រ)

តំណាង​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ ​លោក​ស្រី រ៉ូណា ស្មីត បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​មួយ​ ទៅ​លើ​​ការ​បាញ់​ប្រហារ​នៅ​ខេត្ត​ក្រចេះ ខណៈ​លោក​ស្រី​សោក​ស្តាយ​​​ដែល​អ្នក​សង្កេត​ការណ៍​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ហៅ​កាត់​ថា OHCHR និង​សង្គម​ស៊ីវិល ​មិន​ត្រូវ​បាន​អនុញ្ញាត្តិ​ឲ្យ​ចូល​តំបន់​នោះ។

ក្នុង​ការ​ថ្លែង​បិទ​បញ្ចប់​ទស្សនៈកិច្ច​របស់​គាត់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក​ស្រី ​រ៉ូណា ស្មីត ​បាន​លើក​ឡើង​ថា ​ក្នុងដំណើរ​ទស្ស​នកិច្ច​​កន្លង​មក​នេះ ​លោកស្រី​បាន​ទទួល​បាន​របាយការណ៍​​ថ្មី​បំផុត ទាក់​ទងនឹង​បញ្ហាសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​គឺ​​ការ​បាញ់​ប្រហារ​​នៅ​ថ្ងៃទី​៨ មីនា ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​អ្នក​តវ៉ា​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ចំការ​កៅ​ស៊ូ​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។

លោក​ស្រី​បន្ថែម​ថា​ លោក​ស្រី​បាន​តាម​ដាន​ករណី​នេះ​ និង​បាន​លើក​ឡើង​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល​ផង​ដែរ ខណៈ​លោក​ស្រី​សោក​ស្តាយ​ដែល​អ្នក​សង្កេត​ការណ៍​អង្គការ​សង្គម​ស៊ីវិល​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​តំបន់​នោះ។

លោក​ស្រីថា៖ «ខ្ញុំ​មាន​សេចក្តីព្រួយ​បារម្ភចំពោះព័ត៌មានដែល​ខ្ញុំ​ទទួល​បាន​ដែរថា​ ផ្ទះ និង​ទ្រព្យស​ម្បត្តិ​នៃ​សហ​គមន៍​ដែល​តវ៉ានេះ ត្រូវ​បាន​ដុត​បំផ្លាញ​ និង​ថា ​មាន​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​បីនាក់​បានរង​របួសដោយ​សារ​ការបាញ់​គ្រាប់​កាំ​ភ្លើង​ និង​ការ​វាយ​ដំ ដែល​ត្រូវ​បានអះ​អាង​ថា​ ត្រូវ​បាន​ប្រព្រឹត្តដោយ​កម្លាំងចម្រុះ​។ […] ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​លើ​ក​កម្ពស់​ជំនឿចិត្ត​ និង​តម្លាភាព​ ខ្ញុំ​ជឿ​ជាក់​ថា​ ការ​អនុញ្ញាតិឲ្យ​អ្នកសង្កេត​ការណ៍​ឯករាជ្យ​ចូល​ទៅកាន់​តំបន់​នោះ ​ជា​ការ​សំខាន់​ណាស់។ ខ្ញុំ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេតដោយ​ឯក​រាជ្យ»។

ក្នុង​ជំនួប​ជា​មួ​យរដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី​១២ មីនា លោកស្រី​ ស្មីត បាន​លើក​យក​ករណីនេះ​ចោទ​សួរ​លោក ​ស ខេង ផង​ដែរ ចំណែក​​លោក ស ខេង ​បាន​ឆ្លើយ​តប​ថា​ លោក​បាន​ទទួល​របាយការណ៍​បឋម និង​បាន​ចាត់​មន្ត្រី​ទៅ​ពិនិត្យ​បន្ថែម​ចំពោះ​ករណី​នេះ​។

​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ​ សុភ័គ បាន​ឲ្យ​ដឹងថា ច្បាប់កម្ពុជា​ពុំ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ស៊ើប​អង្កេតពី​​ភាគី​ណា​ក្រៅ​ពីតួ​អង្គ​រដ្ឋាភិបាល​នោះ​ទេ។

លោក​ថា៖ «មិន​មែន​អាច​ ឬមិន​អាច​ទេ ​ប៉ុន្តែ ​ច្បាប់​គេ​មិន​កំណត់​ថា ​ត្រូវ​តែ​មាន​សង្គមស៊ីវិល ត្រូវតែ​មានអង្គការ​សហប្រជា​ជាតិ​អីទេ។ បើក​មើល​ច្បាប់​មើល៍ មាន​កន្លែង​ណា​​គេ​ចែង​អញ្ចឹង ហើយ​កម្ពុជា​ជា​រដ្ឋ​ឯក​រាជ្យ​អធិបតេយ្យ​ភាព។ ការ​ងារ​នេះ​ [រដ្ឋ]ជា​អ្នក​ទទយល​ខុស​ត្រូវជា​មួយ​ពល​រដ្ឋ មាន​ស្ថាប័នទាំង​អស់​ហ្នឹង​ តាំង​ពី​នីតិ​ប្រតិបត្តិ​ តុលាការ នីតិប្បញ្ញត្តិ គេ​មាន​អស់​ហើយ​តើ។ គេ​អត់​មានចែងថា ត្រូវតែ​ស៊ើប​អង្កេត​មាន​សង្គម​ស៊ីវិល សង្គម​ទាហាន​ សង្គម​ប៉ូលីស​អីណា អត់​មាន​បែង​ចែក​​អញ្ចឹង​ផង»។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​ លោក អំ សំ​អាត យល់​ថា​ ការស៊ើប​អង្កេត​របស់​រដ្ឋាភិបាលមិនទាន់​អាច​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ និង​សាធារណៈអាច​ទទួល​យក​បានទាំង​ស្រុងនៅ​ឡើយ​ទេ ខណៈ​ដែល​អ្នក​បង្ក​រនៃ​រឿង​នេះ​មិនទាន់​ចាប់​ខ្លួន​នៅ​ឡើយ​នោះ។

លោក​បន្ថែម​ថា៖ «​ទោះ​បី​រដ្ឋាភិបាល​បាន​បង្ហាញ​របាយការណ៍​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​មន្ទិល​សង្ស័យ​មួយ​ចំនួន ហើយ​ជា​ពិសេស​ បើ​សិន​ជា​រក​ឃើញ​អ្នក​របួស​ ហេតុ​អី​បាន​ជា​មិន​ចាត់​វិធាន​ការ​ថា ​អ្នក​ណា​ជា​អ្នក​បង្កឲ្យ​មាន​របួស​ស្នាម​ហ្នឹង​ ហើយ​ចេញ​មុខ​ទទួល​ខុសត្រូវរក​អ្នក​ដែល​ទទួលខុសត្រូវ​»។

ក្រុម​អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លីជាមួយ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មួយ​នៅ​ក្នុង​ស្រុក​ស្នួល និង​ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​កាំភ្លើង បាន​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា។

សេចក្ដីរាយការណ៍​បឋម​នានា បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ ៨​នាក់ បាន​ស្លាប់ ហើយ ៤០​នាក់​ទៀត បាន​រង​របួស ប៉ុន្តែ អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​បដិសេធ​របាយការណ៍​នេះ ដោយ​ថា គ្មាន​មនុស្ស​ស្លាប់​ទេ គ្រាន់​តែ​មាន​អ្នក​របួស ៩​នាក់​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ