ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​សកម្មជន​ដី​ធ្លី​អ្នកស្រី ទេព វន្នី

អ្នកស្រី ទេព វន្នី (រូបភាពពី SBN)

អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់ការ​បង្ក្រាបទៅ​លើអ្នកការ​ពារសិទ្ធិ​មនុស្ស ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់ និង​ដោះលែងសកម្មជន​ដី​ធ្លី​អ្នកស្រី ទេព វន្នី ដោយគ្មានលក្ខខណ្ឌ។

សកម្មជនដីធ្លីដែលនិយាយរិះគន់រដ្ឋាភិបាលឥតសំចៃមាត់​អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរចាប់ខ្លួន​កាល​ពីពាក់​កណ្តាល​ខែសីហា ឆ្នាំ២០១៦ ចំពេលដែលអ្នកស្រី​ចូលរួមធ្វើយុទ្ធនាការ​ថ្ងៃចន្ទពណ៌ខ្មៅ ដែល​ទាមទារ​ឲ្យដោះ​លែង​មន្ត្រី​អា​ដ​ហុក ​៤រូប និងមន្ត្រី គ.ជ.ប.​ម្នាក់ ព្រម​ទាំង​ជំរុញ​ឲ្យរ​ដ្ឋាភិបា​ល​វែក​មុខ​ឃាតករ និង​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី។

ក្នុង​គេហទំព័ររបស់​ខ្លួន អង្គការលើកលែងទោសអន្តរជាតិ បានចុះ​ផ្សាយ​​កាលពីម្សិលមិញថា អស់រយៈពេលជាង ១០ឆ្នាំកន្លងមក​នេះ អ្នកស្រី ទេព វន្នី បា​នព្យាយាមការពារ​សហគមន៍​បឹងកក់ ដែល​​ត្រូវបានគេបែងចែកសម្រាប់ការអភិវឌ្ឍឯកជន ដែលសំដៅ​ដល់​ទីផ្សារទេសចរណ៍។

អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ បន្ត​ថា ប៉ុន្តែ ​ស្ថានភាពនយោបាយមិនល្អ​នៅកម្ពុជា បានជម្រុញឲ្យបរិយាកាសដ៏អាក្រក់សម្រាប់អ្នកការពារសិទ្ធិដីធ្លី និងអ្នកស្រី ទេព វន្នី ដែល​បានរងការចាប់ចងពីសំណាក់រដ្ឋាភិបាលក្នុងការងាររបស់គាត់។

ករណីនេះ អង្គការលើកលែងទោសអន្តរជាតិ បាន​អំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងសកម្មជនដីធ្លីរូបនោះ ឲ្យមានសេរីភាពវិញ និង​ទម្លាក់ការចោទប្រកាន់​ដោយគ្មានលក្ខណ្ឌ​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនចាប់អារម្មណ៍នឹង​ការអំពាវនាវរបស់ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ទេ ដោយ​ថា បរទេសមិនមានសិទ្ធិជ្រៀតជ្រែកកិច្ចការបស់តុលាការកម្ពុជា​បានឡើយ។

ករណីនេះ វាជាឆន្ទានុសិទ្ធិឯករាជ្យ​របស់តុលាការ​កម្ពុជា។ គ្មានជនណាដែលថា អន្តរជាតិ ឬមិន​អន្តរជាតិ មក​លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់​តុលាការ​ប្រទេសមួយបានទេ​

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

អ្នកស្រី ទេព វន្នីត្រូវបានតុលាការ​កំពូល​​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​លើ​សន្តិសុខ​​ខណ្ឌ​​ដូនពេញ ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ ២០១៣កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ