អង្គការអន្ដរជាតិមួយថា ករណីភ្នំពេញប៉ុស្ដិ៍ ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​ជាតិ

រូបភាពទីស្នាក់ការកាសែតភ្នំពេញប៉ុស្តិ៍ ដោយ ជន ចាន់រ៉ែន

អង្គការអន្ដរជាតិមួយរិះគន់ថា អ្វីដែលកើតឡើងចំពោះកាសែតភ្នំពេញប៉ុស្ដិ៍ គឺជាការបង្ក្រាបបន្ថែមទៀតរបស់រដ្ឋាភិបាលទៅលើបណ្ដាញសារព័ត៌មានឯករាជ្យនៅមុនការបោះឆ្នោត ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចទាត់ចោលការរិះគន់បែបនេះ។

កាលពីថ្ងៃទី៥ឧសភាកន្លងទៅ កាសែតភ្នំពេញប៉ុស្ដិ៍បានប្រកាសថា ខ្លួនបានលក់ស្ថាប័នកាសែតមួយនេះទៅឲ្យម្ចាស់ថ្មីជាវិនិយោគិនជនជាតិម៉ាឡេស៊ី លោក Sivakumar S. Ganapthy ខណៈ ម្ចាស់ថ្មីនេះ រងការរិះគន់ថា​​ មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

មិនប៉ុន្មានថ្ងៃ​បន្ទាប់ពីប្រកាសប្ដូរម្ចាស់ថ្មី និពន្ធនាយកកាសែតភ្នំពេញប៉ុស្ដិ៍ លោក កៃ គឹម សុង ក៏ត្រូវបានបណ្ដេញចេញពីការងារ ដោយ​រង​ការ​ចោទ​ថា បានអនុញ្ញាតឲ្យចុះផ្សាយអត្ថបទមួយនៅលើទំព័រមុខ​មានចំណងជើងថា «កាសែតភ្នំពេញប៉ុស្ដិ៍ ត្រូវបានលក់ទៅឲ្យវិនិយោគគិនម៉ាឡេស៊ី»។

ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី១២ឧសភា ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅករណីកាសែតភ្នំពេញប៉ុស្ដិ៍នេះ​ថា ជាការរឹតត្បិតថែមទៀតលើសារព័ត៌មានឯករាជ្យ ដែលហ៊ានផ្សាយការពិតរិះគន់រដ្ឋាភិបាល និងថា ធ្វើឲ្យការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខ កាន់តែលែងមានភាពពិតប្រាកដ។

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបន្ដថា សា្ថប័នសារព័ត៌មានឯករាជ្យ មានសារៈសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីឲ្យប្រជាពលរដ្ឋអាចសម្រេចចិត្តជ្រើសរើសមេដឹកនាំដែលពួកគេស្រឡាញ់ តាមរយៈការបោះឆ្នោត។

ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស លោក Charles Santiago និយាយក្នុងសេចក្ដីថ្លែងការណ៍ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងភ័យខ្លាចចំពោះស្ថាប័នព័ត៌មានឯករាជ្យ និងមិនចង់ឲ្យពួកគេដំណើរការបន្ដទៀតទេ ព្រោះអាចប៉ះពាល់ដល់ការបន្ដជាប់ឆ្នោតរបស់បក្សកាន់អំណាច។​

បន្ទាប់ពីបានចាត់វិធានការតឹងរ៉ឹង ដើម្បីផ្លាស់ប្ដូរកម្ពុជា ទៅជារដ្ឋឯកបក្សនោះ វាហាក់បង្ហាញថា លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ជឿថា ស្ថាប័នព័ត៌មានឯករាជ្យតែមួយ គឺនៅតែច្រើនពេក និងមានបញ្ចប់សេរីភាពសារព័ត៌មាននៅកម្ពុជាប៉ុណ្ណោះ ទើបអាចធានាការជាប់ឆ្នោតម្ដងទៀតរបស់គាត់

លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការរិះគន់របស់ក្រុមសមាជិកសភាអាស៊ាននេះ ដោយថា មានភាពលម្អៀងនយោបាយ និងមិនឆ្លុះការពិត។ លោកថា ករណីកាសែតភ្នំពេញប៉ុស្ដិ៍ គឺជាការព្រមព្រៀងគ្នា រវាងម្ចាស់កាសែតចាស់ និងម្ចាស់ថ្មី ហើយមិនជាប់ពាក់ពាក់នឹងរដ្ឋាភិបាលឡើយ។

លោកថា៖ «ឥឡូវនេះ ភាគីទាំងពីរ គាត់ដោះស្រាយរួចហើយ អ្នកទិញក៏គេសុខចិត្តទទួលយក តើគេមានបញ្ហាអី ការខុសច្បាប់ វាអត់មាន អញ្ចឹងបានតែថា លោក Santiago និងក្រុមគាត់និយាយឲ្យតែបាននិយាយផ្នែកខាងនយោបាយ អាហ្នឹងហើយជាចេតនាទុច្ចរិតមួយ ដែលកាន់អតីតបក្សប្រឆាំងហ្នឹងឯង»

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ​ យល់ថា ករណីកាសែតភ្នំពេញប៉ុស្ដិ៍នេះ អាចលាយឡំនឹងហេតុផលនយោបាយខ្លះដែរ បន្ទាប់ពីមានការបង្ក្រាបលើបណ្ដាញសារព័ត៌មានឯករាជ្យនៅមុនការបោះឆ្នោត ដូចជា កាសែតភាសាអង់គ្លេស ខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី ជាដើម។

លោកថា សារព័ត៌មានណា ដែលហ៊ានផ្សាយការពិតរិះគន់រដ្ឋាភិបាលនោះ ភាគច្រើនគឺតែងទទួលរងការគំរាមកំហែង និងខុសគ្នាពីទូរទស្សន៍ កាសែត និងបណ្ដាញផ្សព្វផ្សាយផ្សេងទៀត ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល។

លោកថា៖ «ទី១ គឺសារព័ត៌មានដែលមាននិន្នាការរិះគន់រដ្ឋាភិបាល ទី២ គឺសារព័ត៌មានដែលគាត់នៅកណ្ដាល មានន័យថា គាត់មិនចូលខាងណា ខាងណីទេ ប៉ុ​ន្ដែ គាត់ឃើញអី និយាយហ្នឹង។ ហើយបានធ្វើការបង្ក្រាបយ៉ាងដៃមែនទែន សម្រាប់អាណត្តិនេះ ចង់មិនចង់ការបង្ក្រាបទៅកាសែត ក៏ដូចជាភ្នាក់ងារសារព័ត៌មាន ដែលឯករាជ្យ អព្យាក្រឹត្យ វានឹងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាពនៃការបោះឆ្នោត មានន័យថា ប្រជាពលរដ្ឋ នឹងមិនទទួលបាននូវព័ត៌មានពិតប្រាកដនៃការបោះឆ្នោត»។

កាសែតភ្នំពេញប៉ុស្ដិ៍ បាន​​ស្ថិត​ក្នុង​ស្ថានភាព​ចម្រូង​ចម្រាស់​នៃ​បញ្ហា​ពន្ធ និង​វិវាទ​ការងារ ប្រហែល​ជា ៦​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី បាន​ប្រកាស​បិទ​ដំណើរការ​របស់​ខ្លួន ​កាល​ពី​ដើម​ខែ​កញ្ញាឆ្នាំមុន ជុំ​វិញ​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ជំពាក់ពន្ធរដ្ឋចំនួន ៦.៣​លាន​ដុល្លារ​ នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ។

ប៉ុន្តែ ក្រុម​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​វិធានការ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ខណៈ​ដែល​សារព័ត៌មាន​ឯករាជ្យ​មាន​ចំនួន​តិច​តួច​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ