បក្ស​ប្រឆាំង​ចោទ​ គ.ជ.ប ​ថាសម្លាប់​ប្រជាធិបតេយ្យ​ក្រោយ​បិទ​ការ​ចុះ​ឈ្មោះ​បក្ស

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប កាលពីពេលកន្លងទៅ

អតីតគណបក្សសង្គ្រោះជាតិ បានចេញថ្លែងការណ៍មួយថ្កោលទោសរដ្ឋាភិបាល​ដែលដឹកនាំដោយលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយពី​ស្ថាប័ន គ.ជ.ប. បិទការ​ចុះបញ្ជីគណបក្សនយោបាយ​ដោយពុំមានបក្សប្រឆាំងដ៏ធំមួយនេះចូលរួម។

ដំណើរការចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ គ.ជ.ប. បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​មាន​គណបក្ស​ចំនួន ៤​ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ជា​ផ្លូវការ ខណៈ​សំណើ​របស់​គណបក្ស​ ១៦​ទៀត​​ ត្រូវ​បាន​ គ.ជ.ប. អះ​អាង​ថា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ ប៉ុន្តែ គ្មាន​ទេ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

ក្នុងសេចក្តីថ្លែងការណ៍កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ អតីតបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ បន្ត​អំពាវនាវទៅប្រជាពលរដ្ឋ​កុំ​ឲ្យចូលរួមការ​បោះឆ្នោត​ខាង​មុខ​នេះ ដោយបក្ស​នេះចាត់ទុកថា ការបោះឆ្នោតដែលពុំឲ្យគណបក្សប្រឆាំងមានពលរដ្ឋ​គាំទ្រកន្លះប្រទេសចូលរួមនោះ គឺជាការបោះឆ្នោតក្លែងក្លាយ មិនឆ្លុះបញ្ជាំងឆន្ទៈពលរដ្ឋ និងថា ជាការបោះ​ឆ្នោតសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ គឺ​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ និង​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

អតីតគណបក្សសង្គ្រោះជាតិ

អតីត​បក្ស​ប្រឆាំង​មួយ​នេះ​ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​សហគមន៍​អន្តរជាតិ កុំ​ឲ្យ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ផង​ដែរ ដោយ​ចាត់​ទុក​ថា​ ការ​បោះ​ឆ្នោត​នោះ​មិន​ត្រឹម​ត្រូវ និង​មិន​ស្រប​ច្បាប់។

​អ្នក​នាំ​ពាក្យ​ គ.ជ.ប. លោក ហង្ស ពុទ្ធា អះ​អាង​ថា អ្វី​ដែល​ គ.ជ.ប.កំពុង​ធ្វើ គឺ​ស្រប​តាម​ច្បាប់ ហើយ​អ្វី​ដែល​អតីត​បក្ស​ប្រឆាំង​លើក​ឡើង គឺ​ជា​សិទ្ធិ​របស់​បក្ស​នេះ​តែ​ប៉ុណ្ណោះ។

ខ្ញុំសូមជម្រាប​ជូនថា ស្ថាប័ន គ.ជ.ប. ជាស្ថាប័នអនុវត្តច្បាប់។ បើមានការចោទប្រកាន់ថា ជាការបោះឆោតក្លែងក្លាយ ហើយដាក់លក្ខខណ្ឌ​ទាល់តែ​គណប្សនេះ ទាល់តែមានគណបក្សនោះចូលរួមបានអត់ថា ក្លែងក្លាយ នោះគឺជាការបំប៉ោងព័ត៌មាន ឬក៏ជា​ការមិនអនុវត្តច្បាប់ ហើយបង្ហាញភាពផ្តាច់មុខខាងនយោបាយ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោះ (គ.ជ.ប)

អតីតគណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវទៅប្រទេសជប៉ុនឲ្យបញ្ឈប់ផ្តល់ជំនួយទៅ គ.ជ.ប. ដែរ ដោយថា ពេលនេះ ស្ថាប័ន​មួយ​នេះ មិន​អាចរៀបចំដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នោះទេ។

ខណៈ​ដែល​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​នោះ ប្រទេស​ជប៉ុន​ បាន​ជំរុញ​កម្ពុជា​ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដោយ​ថា ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ ហើយ​ក៏​បញ្ជាក់​ថា ជប៉ុន​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​វិវត្តន៍​នៅ​កម្ពុជា​។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​មេដឹកនាំ​ជាន់​ខ្ពស់ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ ក្រោយ​ពី​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ