ក្រុមអ្នកសារព័ត៌មានតំបន់​ថា កម្ពុជា​ចោទ​ប្រកាន់​អតីតបុគ្គលិក RFA ទាំង​គ្មានភស្ដុតាង

រូបភាព៖ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ) (ប្រភពអាស៊ីសេរី)។

សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAPA បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា​ជុំ​វិញ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ទៅ​លើ​​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី  ២​រូប ដោយហៅ​​ការ​ចោទប្រកាន់​នេះ​ថា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ «គ្មាន​មូលដ្ឋាន» និង​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAPA បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា​ជុំ​វិញ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ទៅ​លើ​​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី  ២​រូប ដោយហៅ​​ការ​ចោទប្រកាន់​នេះ​ថា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ «គ្មាន​មូលដ្ឋាន» និង​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន និង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ថា បាន​លួច​លាក់​ផលិត​ព័ត៌មាន​បញ្ជូន​ទៅ​បរទេស​ ដែល​ធ្វើ​ឲ្យ​​អន្តរាយ​ដល់​កិច្ចការ​ការពារ​ជាតិ។

អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ នឹង​ត្រូវ​នាំ​ខ្លួន​ឡើង​សវនាការ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ស្អែក​នេះ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​អស់​រយៈ​ពេល​ជិត ៦​ខែ​មក​នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​ថា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។

ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​តំបន់​នេះ បាន​លើក​ឡើង​ថា អាជ្ញាធរ​កម្ពុជា​ពុំ​មាន​ភស្តុតាង​ណា​មួយ ត្រូវ​បាន​បង្ហាញ​ថា អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ បាន​ផលិត​ព័ត៌មាន​បញ្ជូន​ទៅ​ឲ្យ​រដ្ឋ​បរទេស​នោះ​ឡើយ។

សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍  បាន​​ចាត់ទុកថា នេះគឺជាការធ្វើទុក្ខបុកម្នេញមកលើសេរីភាពសារព័ត៌មាន និង​បំបិទ​សំឡេង​រិះ​គន់​ផ្សេង​ទៀត។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន កាល​ពី​ដើម​ខែ​មេសា​កន្លង បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិលជាតិ និង​អន្តរជាតិ ដោយ​ថា ប្រតិកម្ម​ពី​ក្រុម​សង្គម​ស៊ីវិល​មាន​ចេតនា​នយោបាយ​ច្រើន​ជាង​បច្ចេកទេស។

ឲ្យតែអនុវត្តន៍ច្បាប់ទៅលើសកម្មជនសិទ្ធិមនុស្ស ឬ​ក៏​ក្រុម​បក្ស​ប្រឆាំង​ គាត់​ថា អា​ហ្នឹង​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព ក៏ប៉ុន្តែ គាត់​អត់វិភាគទៅលើបច្ចេកទេសច្បាប់ និងក្របខ័ណ្ឌច្បាប់ទេ​ថា តើទិដ្ឋភាពទាំងអស់ហ្នឹង មាន​មូលដ្ឋាន​គ្រប់​គ្រាន់​បង្កើត​ជា​បទ​ល្មើស​ដែរ ឬ​អត់ទេ

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌

ទោះជាយ៉ាងណា អង្គការ​អ្នករាយការណ៍គ្មានព្រំដែន ឬ Reporters without Borders បាន​​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​​ចុង​ខែ​មេសា​កន្លងម​ក​ថា កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ ១០​លេខ ពី​ចំណាត់​ថ្នាក់​លេខ ១៣២ នៅ​ឆ្នាំ​២០១៧ មក​ដល់​ចំណាត់​ថ្នាក់​លេខ ១៤២ នៅ​ឆ្នាំ​២០១៨​នេះ។

ស្ថានភាព​សេរីភាព​សារព័ត៌មាន​កម្ពុជា បាន​ធ្លាក់​ចុះ​ដោយ​អង្គការ​នេះ​បន្ទោស​ទៅ​លើ​ការ​ធ្វើ​បុកម្នេញ​របស់​រដ្ឋាភិបាលកម្ពុជា ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា ក្នុង​នោះ​មាន​ទាំង​ការ​បិទ​កាសែត​ខេមបូឌា ដេលី ការ​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី និង​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។