នាយករដ្ឋមន្ដ្រីកម្ពុជាលើកឡើងថា លោកមានបំណងចង់ជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីនិយាយពីរឿងលុបបំណុលចាស់និងការផ្តល់ជំនួយមកកម្ពុជា។
ក្នុងពិធីចែកសញ្ញាបត្រដល់និសិត្សសាកលវិទ្យាល័យបញ្ញាសាស្ដ្រ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា លោកគ្រោងជួប លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចពិភាក្សាសភាអាស៊ាន-អាមេរិកនា ពេលខាងមុខនេះ ។
លោក ហ៊ុន សែន ថ្លែងថា ទោះបីជារដ្ឋាភិបាលអាមេរិកចង់កាត់ផ្ដាច់ជំនួយ១០០ភាគរយក៏ដោយ ក៏កម្ពុជាគ្មានបញ្ហាចោទនោះទេ។ លោកមានប្រសាសន៍ថា បើអាមេរិកកាត់ផ្ដាច់ជំនួយមែន លោកថាកម្ពុជាមិនស្លាប់ទេ ប៉ុន្ដែអ្នកដែលជួបបញ្ហានោះ គឺក្រុមអង្គការសង្គមស៊ីវិល ដែលទទួលប្រយោជន៍ពីជំនួយទាំងនោះ។
លោកថា៖ «ខ្ញុំថាបើអាមេរិកកាត់កាត់ទៅ កុំនិយាយច្រើនពេក ហើយអ្នកដែលងាប់មិនមែនខ្ញុំ មិនមែនប្រជាជនខ្មែរទេ ងាប់អ្នកណាដែលធ្វើអង្គការក្រៅរដ្ឋាភិបាលឲ្យអាមេរិកងាប់ទាំងអស់ បានខ្ញុំថាហេតុអីបានខ្ញុំនិយាយពេលហ្នឹង ហើយពីមុនខ្ញុំអត់និយាយ ដោយសារមនុស្សមួយចំនួន សមាជិកព្រឹទ្ធិសភាខ្លះ និងរដ្ឋសភាខ្លះថា ឲ្យផ្ដាច់ជំនួយទៅ បើអ្នកឯងកុំនិយាយធ្វើម៉េច ខ្ញុំនិយាយ វាផ្ដើមពីវ៉ាស៊ីនតោនតើ។ អត់អីទេ ឆ្នាំនេះ អាស៊ានអាមេរិក ខ្ញុំនឹងប្រាប់ ដូណាល់ ត្រាំ ខ្ញុំនឹងប្រាប់គាត់ថា តើអ្វីទៅដែលគេមិនចូលចិត្តអ្វី»។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jay Raman ឲ្យ VOD ដឹងតាមរយៈសារអេឡិចត្រូនិចថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបើកជំហរឲ្យមានការពិភាក្សាពីបញ្ហានេះ។ ប៉ុន្ដែលោកថា ចេតនាចង់លុបចោលបំណុលដោយភាគីតែម្ខាង គឺមិនអាចទៅរួចទេ ដោយថា សហរដ្ឋអាមេរិកគ្មានគោលការណ៍លុបបំណុលដល់ប្រទេស ដែលមានលទ្ធភាពសង ប៉ុន្ដែបែរជាមិនចង់សងនោះទេ។
សាស្រា្ដចារ្យ និងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា សហរដ្ឋអាមេរិកនឹងមិនសូវយកចិត្តទុកដាក់លើសំណើនេះទេ ដោយថា រដ្ឋាភិបាលសព្វថ្ងៃមិនទាន់បានបំពេញលក្ខខណ្ឌមួយចំនួន ដូចជា ការគោរពសិទ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យ និងដោះលែងមន្ដ្រីសិទ្ធិមនុស្សដែលជាប់ពន្ធនាគារ ការធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល។
ម្យ៉ាងទៀត លោកថា ដោយសាររដ្ឋាភិបាលកម្ពុជាកំពុងងាកទៅរកចិនច្រើន ដែលធ្វើឲ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែប្រេះឆា។ លោកថា រដ្ឋាភិបាលគួរលាងខ្លួនឲ្យជ្រះ មុនស្នើឲ្យអាមេរិកលុបបំណុលចាស់ទាំងនោះ។
លោកថា៖ «យើងមិនទាន់បានអនុវត្ត ជួយសម្របសម្រួលឲ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយរលូនក្នុងស្រុកយើង ហើយសព្វថ្ងៃយើងក៏ឃើញមានមន្ដ្រីសិទ្ធិមនុស្ស កំពុងជាប់ក្នុងមន្ទីរឃុំឃាំង ហើយគណបក្សប្រឆាំងមួយចំនួនទៀត ក៏នៅក្នុងមន្ទីរឃុំឃាំង អញ្ចឹងទាំងអស់ហ្នឹង ដរាបណា រដ្ឋភិបាលមិនទាន់លាងដៃ មិនទាន់លាងដៃខ្លួនឯងឲ្យស្អាតរឿងអស់ហ្នឹងទេ ជាទស្សនៈរបស់ខ្ញុំ ខ្ញុំគិតថា នឹងមានការពិបាកច្រើនក្នុងការពិចារណាទៅលើបញ្ហាបំណុល»។
លោក ហ៊ុន សែន ក៏បានលើកឡើងជាញយៗថា បំណុលដែលកម្ពុជាជំពាក់អាមេរិក គឺលោក លន់ នល់ ជាអ្នកខ្ចីយកមកធ្វើសង្គ្រាមនៅកម្ពុជា។ ទោះជាយ៉ាងណា លោកថា លោកនឹងស្វះស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលអាមេរិកដឹកនាំដោយលោក ត្រាំ ដើម្បីលុបចោលបំណុលនោះ។
បំណុលដែលកម្ពុជាជំពាក់អាមេរិកកាលពីសម័យសាធារណរដ្ឋខ្មែរ គិតទាំងដើម ទាំងការ រហូតដល់ពេលបច្ចុប្បន្ននេះ កើនឡើងដល់ជាង៦០០លានដុល្លារ៕