វិភាគ៖ តើកម្ពុជាមានច្បាប់ការពារសិទ្ធិបញ្ចេញមតិទេ បានមានការចាប់ខ្លួន?

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅរបស់ក្រុមប្រជាពលរដ្ឋសហគមន៍បឹងកក់ (ដោយ ណាត សុភាព)

ច្រើនខែមកនេះមេដឹកនាំបក្សប្រឆាំងនិងមេដឹកនាំបក្សកាន់អំណាចនៅតែបន្តខ្វែងគំនិតគ្នា ដែលភាពមិនចុះសម្រុងរបស់អ្នកនយោបាយនេះ ធ្វើឲ្យស្ថានការនយោបាយនៅតែឡើងកម្តៅ។

ការឡើងកម្តៅនេះ គេសង្កេតឃើញថាសេរីភាពនៃការបញ្ចេញមតិដោយសន្តិវិធី ត្រូវបានរឹតបន្តឹង។

ក្នុងនោះសកម្មជនដីធ្លីដែលលិចធ្លោនៅតំបន់បឹងកក់ គឺអ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរចាប់ឃុំខ្លួនម្តងទៀតនៅពន្ធនាគារព្រៃស នៅពេលស្ត្រីរូបនោះដឹកនាំធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដោយសន្តិវិធី ទាមទារឲ្យរដ្ឋាភិបាល ដោះលែងមន្ត្រីសិទ្ធិមនុស្ស៤រូបនៅសមាគមអាដហុក ដោះលែងមន្ត្រី គ.ជ.ប និងជំរុញឲ្យវែកមុខអ្នកនៅពីក្រោយការសម្លាប់លោក កែម ឡី មកផ្តន្ទាទោស។

ក្រៅពីនោះ តំណាងរាស្ត្របក្សប្រឆាំងពីររូបត្រូវបានតុលាការចាត់ការយកទៅឃុំខ្លួនទាំងមានអភ័យឯកសិទ្ធិសភា ដូចជាលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ទាក់ទិននឹងពួកគេរិះគន់រដ្ឋាភិបាល រឿងបោះបង្គោលព្រំដែនជាមួយរៀតណាម។

ជាងនេះទៅទៀត នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថាខ្លួនបានបញ្ជាឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមបង្ក្រាបគម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលលោក ហ៊ុន សែន ថាទោះក្នុងរូបភាពណាក៏ដោយ។

តើកម្ពុជាមានច្បាប់ការពារការសិទ្ធិបញ្ចេញមតិដោយសន្តិវិធីទេ?

អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា កម្ពុជាមានច្បាប់ជាច្រើនធានាពីសេរីភាពបញ្ចេញមតិដោយសន្តិវិធី ដូចជារដ្ឋធម្មនុញ្ញ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលលោកថាកម្ពុជាបានផ្តល់សច្ចាប័ណ្ណជាមួយអង្គការសហប្រជាជាតិច្រើនឆ្នាំមកនេះ។

ប៉ុន្តែលោក អំ សំអាត ថាអ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់សិទ្ធិក្លាយជាអ្នកមានទោសវិញនោះ លោកថាដោយសារមន្ត្រីអនុវត្តច្បាប់ភាគច្រើនជាប់និន្នាការនយោបាយ ហើយអ្នកតវ៉ាត្រូវចាប់ខ្លួនឬបំបែក ពេលដែលរដ្ឋាភិបាលមិនពេញចិត្ត។

លោកបន្តថា៖ «ច្បាប់ខ្លះជាទូទៅអនុវត្ត ប៉ុន្តែច្បាប់មួយចំនួនមានសម្ពាធនយោបាយ ហើយជួនកាលអ្នកនយោបាយហ្នឹង យកច្បាប់ធ្វើជាឧបករណ៍ទៀត។ អាហ្នឹងវាជាគ្រោះថ្នាក់មួយដែរសម្រាប់កម្ពុជា អញ្ចឹងហើយបានយើងឃើញថា ជាហូរហែត្រូវគេយកប្រព័ន្ធច្បាប់ហ្នឹង មកដាក់គំនាបនិងគំរាមកំហែងជាបន្តបន្ទាប់»។

ជំពូក៣នៃរដ្ឋធម្មនុញ្ញចាប់ពីមាត្រា៣៥ដល់មាត្រា៥០បានចែងពីសិទ្ធិពលរដ្ឋ។ មាត្រា៣៥ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវិតនយោបាយ សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។

មាត្រា៤៧ចែងដែរថា សិទ្ធិធ្វើកូដកម្ម ធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកទៅអនុវត្តក្នុងក្របខណ្ឌនៃច្បាប់។ ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។

ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។

ប៉ុន្តែលោក អំ សំអាត លើកឡើងថា ពលរដ្ឋអាចប្រើប្រាស់សិទ្ធិនេះបាន លុះណាតែអ្នកនយោបាយត្រូវរូវគ្នា គ្មានកម្តៅនយោបាយ បើពុំនោះទេពួកគេនឹងត្រូវបានរារាំង បង្ក្រាប ឬចាប់ខ្លួនពីសំណាក់អាជ្ញា ក្រោមហេតុផលផ្សេងៗ។

ក្រៅពីនេះកម្ពុជាក៏មានស្ថាប័នជាតិធំៗចំនួនពីរមានរដ្ឋសភានិងព្រឹទ្ធសភា ដែលជាស្ថាប័នជាតិសម្រាប់ធ្វើច្បាប់ និងតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាលផង។

អ្នកប្រឹក្សាយោបល់ឯករាជ្យ លោកបណ្ឌិត ចាន់ វិបុល លើកឡើងប្រហាក់ប្រហែលដែរថា កម្ពុជាពិតជាមានច្បាប់ជាច្រើនធានាសិទ្ធិពលរដ្ឋ ដូចជាសិទ្ធិដើរហើរ សិទ្ធិរស់រានមានជីវិត សិទ្ធិបញ្ចេញមតិ ដែរលោកថាជាបុព្វសិទ្ធិធានាដោយរដ្ឋធម្មនុញ្ញ ស្ថិតក្រោមកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមទាំងច្បាប់បាតុកម្មចេញដោយរដ្ឋាភិបាលនិងមានការអនុម័តពីរដ្ឋសភាកម្ពុជាផងដែរ។

ប៉ុន្តែលោក ចាន់ វិបុល លើកឡើងថាស្ថាប័នជំរុញការអនុវត្តច្បាប់ធំៗទាំងពីរនោះមិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានពេលលេញជំរុញឲ្យការអនុវត្តច្បាប់ឲ្យមានតម្លាភាព ធានាដល់ប្រយោជន៍សាធារណទេ ដោយលោកថា ប្រព័ន្ធគ្រប់គ្រងនៅកម្ពុជាបានផ្តល់អំណាចខ្លាំងដល់ប្រធានបក្សឬនាយករដ្ឋមន្ត្រី ដែលនាយករដ្ឋមន្ត្រីជាអ្នកចាត់តាំងមន្ត្រីសំខាន់ៗមួយចំនួនទៅកាន់កាប់ស្ថាប័នឯករាជ្យ ដែលលោកថាវានឹងជំរុញឲ្យឥទ្ធិពលនយោបាយកាន់តែខ្លាំងដល់ស្ថាប័នអនុវត្តច្បាប់។

បើតាមលោក ចាន់ វិបុល បើស្ថាប័នឃ្លាំមើលការអនុវត្តច្បាប់គ្មានឥទ្ធិពលដើម្បីចាត់ការស្ថាប័នអនុវត្តច្បាប់បាន លោកថា ជាគ្រោះថ្នាក់របស់កម្ពុជាក្នុងការពង្រឹងនីតិរដ្ឋ។

លោកថា៖ “តុលាការកម្ពុជា យើងទទួលស្គាល់ទាំងអស់គ្នាថាជាតុលាការស្ថិតក្រោមអំណាចរបស់បក្ស អញ្ចឹងបានន័យថាតុលាការនេះបានប្រើប្រាស់ផលប្រយោជន៍របស់បក្សនេះយកមកបកស្រាយច្បាប់ហ្នឹង ដើម្បីប្រឆាំងនឹងបុគ្គលណាដែលធ្វើការប្រឆាំងឬក៏មានមតិផ្ទុយទៅនឹងអ្វីដែលផ្ទុយនឹងផលប្រយោជន៍បក្សរបស់ខ្លួន។ អញ្ចឹងយើងមើលទិដ្ឋភាពនេះ នីតិរដ្ឋមិនត្រូវបានបកស្រាយក្នុងបុព្វហេតុជាប្រយោជន៍សាធារណៈនៅក្នុងទិដ្ឋភាពច្បាប់ទេ ប៉ុន្តែត្រូវបានបកស្រាយនៅក្នុងទិដ្ឋភាពមួយដើម្បីបំរើផលប្រយោជន៍របស់គណបក្ស នេះជាទង្វើខុសឆ្គងដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងគោលដៅនៃគំនិតនីតិរដ្ឋ អានេះជាផលវិបាកដ៏អវិជ្ជមានរបស់កម្ពុជា“។

លោក អំ សំអាត ពន្យល់ដែរថា យន្តការមួយដែលពលរដ្ឋអាចជំរុញឲ្យអ្នកនយោបាយគោរពសិទ្ធិពលរដ្ឋដូចមានចែងនៅក្នុងច្បាប់ លោកថាលុះណាតែពលរដ្ឋទាំងនោះចេះប្រើប្រាស់សិទ្ធិទម្លាក់ចំណាត់ថ្នាក់មេដឹកនាំណា ដែលមិនការពារសិទ្ធិរបស់ខ្លួននៅពេលបោះឆ្នោត បើពុំនោះទេលោកថាភាពអយុត្តិធម៌សង្គមនៅតែបន្តកើតមាន ។

លោកបន្តថា៖ «បើសិនជាពលរដ្ឋទាំងអស់បណ្តោយឲ្យតែអ្នកនយោបាយ ធ្វើអីស្រេចតែអំពើចិត្ត ដោយពលរដ្ឋជាម្ចាស់[ឆ្នោត]ហ្នឹង គាត់មិនទាមទារ គាត់មិនជំរុញឲ្យអ្នកដែលគាត់បោះឆ្នោតឲ្យហ្នឹងធ្វើកិច្ចការអ្វីដើម្បីពួកគាត់ទេ គោរពសិទ្ធិរបស់ពួកគាត់ទេ អញ្ចឹងបានន័យថា អាការរឹតត្បិតនិងអាការមិនគោរពសិទ្ធិគាត់ហ្នឹង ការមិនគោរពច្បាប់ហ្នឹង វានៅតែបន្ត»។

លោក ចាន់ វិបុល លើកឡើងថា ដើម្បីឲ្យស្ថាប័នជាតិធំៗដូចជាតុលាការ រដ្ឋសភា និងព្រឹទ្ធសភាជាដើមមានអំណាចគ្រប់គ្រាន់ធានាដល់យុត្តិធម៌សង្គម លោកថាប្រទេសជឿនលឿនមួយចំនួនដែលគេមិនអនុញ្ញតិឲ្យមនុស្សម្នាក់មានតួនាទីជានាយករដ្ឋមន្ត្រីផងនិងមានតួនាទីជាប្រធានបក្សផងនោះទេ។

ម្យាងវិញទៀត លោកថាមេបក្សត្រូវផ្តល់អំណាចឲ្យធំជាងនាយករដ្ឋមន្ត្រី ដោយថាមេបក្សដែលមានអំណាចធំជាងនាយករដ្ឋមន្ត្រីនោះ ត្រូវតែងតាំងជាប្រធានរដ្ឋសភា ពេលនោះស្ថាប័នរដ្ឋសភាឬស្ថាប័នឃ្លាំមើលការអនុវត្តច្បាប់ នឹងបំពេញតួនាទីរបស់ខ្លួនបំរើម្ចាស់ឆ្នោតបានពេញលេញដោយគ្មានការភ័យខ្លាចពីការគំរាមណាមួយពីនាយករដ្ឋមន្ត្រីដែលកាន់រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ