រដ្ឋាភិបាលព្រមានថា វិទ្យុអាស៊ីសេរី អាចនឹងលែងមានវត្តមាននៅកម្ពុជា

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង

មន្ដ្រីរដ្ឋាភិបាលព្រមានថា វិទ្យុអាស៊ីសេរី ដែលប្រតិបត្តិការជិត២០ឆ្នាំនោះ នឹងលែងមានវត្តមានបន្ដទៀតនៅកម្ពុជា ប្រសិនបើស្ថានីយវិទ្យុមួយនេះ បន្ដប្រព្រឹត្តអំពើបំពានច្បាប់។

មន្ដ្រីរដ្ឋាភិបាលព្រមានថា វិទ្យុអាស៊ីសេរី ដែលប្រតិបត្តិការជិត២០ឆ្នាំនោះ នឹងលែងមានវត្តមានបន្ដទៀតនៅកម្ពុជា ប្រសិនបើស្ថានីយវិទ្យុមួយនេះ បន្ដប្រព្រឹត្តអំពើបំពានច្បាប់។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រទី១៥សីហានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែងថា ការបិទការិយាល័យនៅទីក្រុងភ្នំពេញ គឺជាការសម្រេចចិត្តរបស់វិទ្យុអាស៊ីសេរីខ្លួនឯង បន្ទាប់ពីវិទ្យុមួយនេះ ខកខានមិនបានចុះបញ្ជី និងចុះឈ្មោះបើកការិយាល័យ ជាមួយក្រសួងព័ត៌មាន។​

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ការបំបែកបុគ្គលិកឲ្យធ្វើការតាមផ្ទះនោះ លោកចោទថា វិទ្យុអាស៊ីសេរី កំពុងដើរលើផ្លូវងងឹត ខុសពីស្ថាប័នព័ត៌មានផ្សេងទៀត។

លោក គឹមសេង ព្រមានថា បើសិនជា វិទ្យុមួយនេះ បន្ដសកម្មភាពខុសច្បាប់ទាំងនេះ គឺអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ នឹងមានវិធានការតាមច្បាប់ ដោយមិនឲ្យ វិទ្យុអាស៊ីសេរី មានវត្តមានក្នុងប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា៖ «ខ្ញុំនិយាយប្រាប់ថា បើអាស៊ីសេរី បញ្ចប់វត្តមាន តាមដូចសេចក្ដីថ្លែងការណ៍របស់គាត់ ជារឿងរបស់គាត់បានន័យថា គាត់លែងមានវត្តមាននៅកម្ពុជាទៀតហើយ។​ គាត់នឹងរៀបចំក្រុមការងារគាត់ នៅទីងងឹត នេះជាព័ត៌មានដែលខ្ញុំបានដឹង ដូច្នេះ យើងមើលពីបំណងរបស់គាត់ ចុះទម្រាំគាត់បំបែកខ្លួនទៅធ្វើការនៅទីងងឹត គាត់នឹងនាំគ្នាទៅធ្វើការរបៀបចារកម្ម។ ខ្ញុំគ្រាន់តែប្រាប់ថា នៅក្នុងការងារផ្លូវការ គាត់អត់មានក្នុងបញ្ជីរបស់ក្រសួងព័ត៌មានទេ ហើយគិតខ្លួនឯងទៅ ខ្ញុំអត់បានហាមឃាត់ថា អ្នកឯងអត់អាចសរសេរអីបានទេ ប៉ុន្ដែបើនិយាយពីកិច្ចការងារផ្លូវច្បាប់ អូខ្ញុំអាស៊ីសេរី រាយការណ៍ពីនេះ អ្នកឯងអាស៊ីសេរី ពីអម្កាល់»។

យ៉ាងណាក៏ដោយ លោក អ៊ុក គឹមសេង អះអាងថា ក្រសួងព័ត៌មាន នៅតែបើកផ្លូវ ឲ្យមានការសម្របសម្រួលគ្នា ដើម្បីឲ្យវិទ្យុមួយនេះ បន្ដប្រតិបត្តិការរបស់ខ្លួន។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ឲ្យយោបល់ថា បើសិនមានកំហុសឆ្គងផ្លូវច្បាប់ អាស៊ីសេរី គួរចូលដោះស្រាយ និងស្វែងរកការទទួលស្គាល់ពីក្រសួងព័ត៌មាន ដើម្បីអាចបើកការិយាល័យ និងបន្ដប្រតិបត្តិការរបស់ខ្លួនឡើងវិញ។ លោកបន្ដថា ការបិទការិយាល័យនេះ នឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ដែលនិយមចូលចិត្តស្ដាប់ព័ត៌មានរបស់វិទ្យុនេះ។

ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១២កញ្ញា វិទ្យុ​អាស៊ីសេរី ឲ្យដឹងថាខ្លួន បាន​បង្ខំ​ចិត្ត​​ផ្អាក​ដំណើរការការិយាល័យ​​នៅ​ទីក្រុង​ភ្នំពេញ​មួយ​រយៈពេល ក្រោយដំណើរការជិត២០ឆ្នាំ។ ករណីនេះ វិទ្យុ​អាស៊ីសេរី ចោទថា រដ្ឋាភិបាលកំពុង​ធ្វើទុក្ខបុកម្នេញបណ្ដាញសារព័ត៌មានឯករាជ្យ និងគូបដិបក្ខ នៅមុនការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨។

ប៉ុន្ដែ នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយថា មានចេតនាទុច្ចរិត និងបំភាន់សាធារណៈមតិ។

កាលពីថ្ងៃទី៤ខែកញ្ញានេះ កាសែត ឌឹ ខេមបូឌា ដេលី ក៏បានបិទការិយាល័យរបស់ខ្លួនផងដែរ ខណៈអគ្កនាយកដ្ឋានពន្ធដាកម្ពុជា ទាមទារបំណុលពន្ធ ដែលជំពាក់ជាង ៦លានដុល្លារអាមេរិក៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។