មានអ្នកខកចិត្ត ក្រោយ ពេជ្រ ថៃ ​កាន់ពាន​​ The Voice Kids

កុមារា ពេជ្រ ថៃ (រួបភាព៖ ហ្វេសប៊ុក)

នៅទីបំផុតការប្រកួតផ្ដាច់ព្រ័ត្ររបស់កម្មវិធី The Voice  Kids Cambodia រដូវកាលទី​​១ ត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃទី​១៤តុលា  ដោយកុមារា ពេជ្រ ថៃ វ័យ១២ឆ្នាំ មកពី​ខេត្តបាត់ដំបង ដែលត្រូវ​អ្នកគាំទ្រ​មួយចំនួនរិះគន់ថា​មានទឹកដមសំឡេង​​​មិនល្អ និងបានតែកំប្លែង​នោះ ​បាន​​​ក្លាយជា​អ្នក​កាន់ពាន​​​​។

​​មានអ្នកខកចិត្ត​ជាច្រើន បង្ហោះសារក្រោយកុមារារូបនេះ ត្រូវបានកម្មវិធីប្រកាសថា ទទួលបានសារបោះឆ្នោតនាំមុខគេ ​បើជាគេបកស្រាយ​បទចម្រៀងក្នុងជុំទី១ ក៏ទទួលបានការកោតសរសើរថាច្រៀងបានល្អ ហើយបកស្រាយបទចម្រៀង​​ជុំទី២ ជាមួយ​​​ឡុង លីគ័ង និង​លោកព្រាប សុវត្ថិ ក៏ល្អជាងសប្ដាហ៍កន្លងទៅ។ អ្នករិះគន់នៅតែបន្ត​​ហេតុផលដែល ពេជ្រ ថៃ ច្រៀងល្អជាងមុន គឺដោយសារតែកម្មវិធី ដាក់បទអោយត្រូវសំឡេង​​ដើម្បីយិត​យោង ក្នុងពេលដែល​លោក ជា វិបុល ជាពិធីករបានប្រកាស​ដដែល ជាដដែលថា គេបានក្លាយជា​​​ម្ចាស់ពាន គឺដោយសារតែ​​​អ្នកគាំទ្រ​បោះឆ្នោត​អោយសុទ្ធសាធ ដោយមិនពាក់ព័ន្ធជាមួយកម្មវិធីណាមួយឡើយ។

នេះ ជាជ័យលាភី​ដ៏​អស្ចារ្យ​ ដែល ពេជ្រ ថៃ ​ធ្វើបាន ហើយ​​ជ័យលាភីនេះ​ ក៏នឹងធ្វើអោយ​​​ប្អូនក្លាយជា​​តារាចម្រៀងអាជីព​ក្មេង​​​ដំបូងប្រចាំ​ផលិតកម្មហង្សមាស  និង​ក្លាយជា​​​បេក្ខភាព​​តំណាង​អោយកម្ពុជា​ក្មេង​ជាងគេ​​​​​​សម្រាប់កម្មវិធី ​​​The Voice របស់​ពិភពលោក​ផងដែរ បើទោះ ជាមាន​​​សារបញ្ចេញ​មតិ​​មិនចេញចិត្ត​​ខ្លះៗ លេចឡើង​​។

កុមារា​​​​​​​ ពេជ្រ ថៃ ត្រូវបានផលិតកម្មហង្សមាសប្រកាសអោយជាប់កុងត្រាដោយស្វ័យប្រវត្តិដោយតាមបទពិសោធន៍ប្អូន​ក៏នឹងមានបទចម្រៀងផ្ទាល់ខ្លួន ស្វាគមន៍​​​នៅក្នុង​ផលិតកម្ម​ហង្សមាសដ៏ធំ​​មិនខុសពីតារាមច្រៀង​​ចាស់ៗ នៅអំចុងឆ្នាំ​២០១៧ ឬដើមឆ្នាំ២០១ខាងមុខ។

​ពិធីករ​​​ពិធីការិនី ​បានប្រកាស​​​ដាក់ក្បាល​មេក្រូថាគ្រាប់​ពេជ្រ​​​​​វ័យក្មេងដែលមានសំលេង​ល្អរូបនេះ នឹងមាន​​បទចម្រៀង​​វាយលុកទីផ្សារ ហើយរំពឹង​ថា​​​ ​​អ្នកគាំទ្រ​ដែលបោះឆ្នោតអោយ​នឹង​គាំទ្រ​មិនខុសពី​​​ម្ចាស់​​​​ពាន​​ The Voice Cambodia គឺលោក ​​ប៊ុត សីហា និង​​ លោក ថែល ថៃ ដែល បាន​កាន់ពាន​ទាំងរដូវកាលនោះ ទេ ដោយសារតែប្អូនវ័យក្មេង មែន​តែមានទឹកដមសំឡេង និងមានសមត្ថភាពយ៉ាង​អស្ចារ្យ​។ ​ប្អូនគឺជា ​បេក្ខភាពតែម្នាក់ដែលត្រូវគេឃើញមានសកម្មភាពឡើងច្រៀងតាមឆាកមួយចំនួន និង​បានបង្ហោះបទចម្រៀង​​ជាច្រើននៅលើ​យូធូប ដែលគេអាច និយាយបាន​ថា​ប្អូនមានភាពក្លាហានដោយសារតែប្អូនធ្លាប់បាន​បញ្ចេញ​សមត្ថភាព​កន្លងមករួចមកហើយ ដោយគ្រាន់តែពេលកន្លងមក​មិនសូវមានការចាប់អារម្មណ៍ ​​​​និងទើបតែត្រូវាបានមហាជនផ្ដោតការ​គាំទ្រ និងស្គាល់ពេជ្រ ថៃៗ ពេញទំហឹង ក្រោយ​ពី​ប្អូនមានវត្តមានក្នុងកម្មវិធីដ៏ធំនេះ។

ពេជ្រ ថៃ ត្រូវបានគេ​​ចាត់ទុកថា​ជាតារា​​​វ័យក្មេង ដែលមានគេស្គាល់​​រួចមកហើយនៅលើបណ្ដាញយូធូបល្អជាង​​​កុមារាកុមារី​​ផ្សេងទៀត ដែលបានឈានឡើងដល់វគ្គ​​​ផ្ដាច់ព្រ័ត្រ​ដូចគ្នា ​ទើប​​​ភាពក្លាហានដែលគេបានបង្ហាញលើឆាកគឺជារឿងមិនចម្លែក។ ជ័យ​លាភីរបស់ប្អូន​ គឺគ្រាន់តែបានប្រកាសថា​ ​ជាប់ពាន​​​​ក្នុងកម្មវិធី The Voice Kids Cambodia សម្រាប់រដូវកាលទី​១ ភ្លាម ក៏មានសំឡេងទះ និងរិះគន់ព្រមគ្នា​កើតឡើង។

ប្អូន ត្រូវបានអ្នកគាំទ្រ​​កុមារាកុមារី​ផ្សេងទៀត យល់​ថា មិន​សម​ក្នុង​​ទទួលសំឡេងឆ្នោតដើម្បី​កាន់ពាន​នោះផងដែរដោយសារតែក្នុងយប់នោះ គឺកុមារាកុមារី​ផ្សេងទៀត ក៏​​ច្រៀងបានល្អ​ បើទោះជាពេលកន្លងមក​​មានការ​​រិះគន់ថា​​​បេក្ខជនជាក្មេងទាំង​នោះច្រៀងមិនបាន​ល្អស្មើ​​។ ជ័យលាភីរបស់ ពេជ្រ ថៃ ត្រូវបានគេ​បង្អាប់កម្មវិធីថានេះ គួរតែ​ប្ដូរឈ្មោះថា ​កម្មវិធី The Funny Kids Cambodia ដើម្បី​ផ្ដោតលើភាពក្រម៉ិចក្រម៉ើម​​ជាជាងសំឡេង។ ​សំឡេងពីអ្នកខកចិត្ត ត្រូវគេឃើញបង្ហោះ​​​យ៉ាង​ភ្លូក​ទឹកភ្លូក​ដី​នៅលើហ្វេសប៊ុក ​ខណៈដែលសំលេងឆ្នោតដែលត្រូវគេ​ប្រកាសថា​​ ពេជ្រ ថៃ ទទួលបាន​​នាំមុខគេ មិនឃើញមានការ​បង្ហាញជាសាធារណៈនោះផង។

មុន​​មានការប្រកាសពាន អ្នកលេង​ហ្វេសប៊ុកមួយចំនួន​​​​ប្រកាសថា បើ ពេជ្រ ថៃ កាន់ពាន ​នោះខ្លួននឹងឈប់ហូប​​បាយមួយ​​១ថ្ងៃ ខ្លះ​ថា ​​ឈប់គាំទ្រកម្មវិធីរបស់ហង្សមាស ខ្លះថា​ ឈប់លេងហ្វេសប៊ុក​​​មួយរយៈ និងខ្លះ​​និយាយបែបនេះ​បែបនោះជាដើម ដោយសារតែពួកគេ​ជឿថា សំលេងរិះគន់ចំពោះ ពេជ្រ ថៃ នឹងមិនអាច​​អោយគេ​លើកពានបាន ប៉ុន្តែចុងក្រោយគេ​បានលើកពាន​យ៉ាងភ្ញាក់ផ្អើល ​បើទោះជាខាងហង្សមាស​នៅតែអះអាងថា ​ចំណាត់ថ្នាក់ដែល ពេជ្រ ថៃ បានឈ្នះ​គឺជា​ការកាត់ក្ដីរបស់​​មហាជនតាមរយៈសារបោះឆ្នោត។

​ក្រោយការប្រកាសអោយកាន់ពាន ​កុមារា ពេជ្រ ថៃ ​ ទទួលបានទឹកប្រាក់១០០លានរៀល ​​ប៉ុន្តែមិនមែជាជាប្រាក់សុទ្ធនោះទេ ដោយ​​​អ្នករៀប​​​ចំកម្មវិធី​​​​បញ្ជាក់ថា គឺជាកញ្ចប់​​​​អាហារូបករណ៍លើការសិក្សា និងកញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេស​​ជប៉ុន អមដោយ​​​​​​ថវិកាជាប្រាក់សុទ្ធ​ចំនួន ​​១០លានរៀល ពីម្ចាស់ឧបត្ថម្ភកម្មវិធី ​​៣ពាន់ដុល្លារ​ពីសម្ដេច​នាយករដ្ឋមន្ត្រី និង ទទួលបានរង្វាន់ជា​​ទឹក​​ប្រាក់​​ជាច្រើន​​ផ្សេងទៀត។

ក្នុងនោះបេក្ខជន បេក្ខនារីជាក្មេង​ចំនួន ៥រូបផ្សេងទទួលបានក្នុងម្នាក់ៗ ​១ ៥០០ដុល្លារជា​​សម្ភារៈផ្សេង ទឹកប្រាក់ពីនាយករដ្ឋមន្ត្រី​៣ពាន់ដុល្លារ និងរង្វាន់លើកទឹកចិត្ត ខណៈដែលអ្នកមិនបាន​កាន់ពាន​ទាំង​​៥នោះ ក៏​​ស្ថិតក្នុងជម្រើសត្រូវក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ហង្សមាស​ដូចគ្នាផងដែរ គឺមិនខុសពី​​​ការប្រលង​​ The Voice Cambodia កន្លងមក ​ដែល​​​ត្រូវបាន​ហង្សមាស​ក៏ជ្រើស​យកអ្នក​ធ្លាក់មក​​ច្រៀងប្រចាំ​ផលិតកម្ម​​​ផងដែរនោះឡើយ។ ជ័យជម្នះ​របស់​​ កុមារារូបនេះ ក៏មានន័យថា​ តារាចម្រៀង​ល្បីល្បាញ លោក ព្រាប សុវត្ថិ ទទួលបានកិត្តិយស​គួរជាទី​មោទនៈផងដែរ បន្ទាប់កូនក្រុមរបស់លោក ​បានក្លាយជាអ្នកលើកពានសម្រាប់រដូវកាលទី​​១​ សម្រាប់​​​កម្មវិធី The Voice Kids Cambodia ដែលទើបបញ្ចប់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ