បទយកការណ៍៖ សោក​នាដកម្មកោះ​ពេជ្រ​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​បុណ្យ​អុំ​ទូកញញើតដើរ​ចូល​កន្លែង​ផ្តុំ​មនុស្ស​ច្រើន

អ្នកដែលចូលរួមពីធីបុណ្យអុំទូកមួយចំនួននៅតែខ្លាចក្នុងការចូលកន្លែងប្រមូលផ្តុំមនុស្សច្រើន ដោយពួកគេភាគច្រើនថានៅតែញញើតពីហេតុការណ៍សោកនាដកម្មកោះពេជ្រកាលពី៦ឆ្នាំមុន។

កាលពី៦ឆ្នាំមុន ក្នុងថ្ងៃទី៣នៃពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ ហេតុការណ៍មួយដែលធ្វើឲ្យប្រជាជនខ្មែរនៅចាំមិនភ្លេចនោះគឺការរត់ជាន់គ្នាលើស្ពានកោះពេជ្រ ដែលបានបណ្តាលឲ្យមនុស្សជាង ៣៥០នាក់បានស្លាប់ និងរងរបួសរាប់រយនាក់។ រហូតមកដល់ពេលនេះបើទោះបីជាពេលវេលាកន្លងទៅជាច្រើនឆ្នាំមកហើយក៏ដោយ ក៏នៅមានប្រជាជនជាច្រើនដែលចូលរួមពីធីបុណ្យអុំទូកនៅតែសម្តែងការញញើតចំពោះព្រឹត្តិការណ៍នេះនៅឡើយ។

កាលពីម្សិលមិញជាថ្ងៃទីពីរនៃពីធីបុណ្យអុំទូក ខ្ញុំបានទៅចូលរួមពីធីបុណ្យជាតិដ៏ធំមួយនេះ។ ឆ្លៀតពេលនោះខ្ញុំបានសាកសួរទៅកាន់អ្នកចូលរួមមួយចំនួនដែលពួកគេភាគច្រើនបានឲ្យដឹងថាពួកគេនៅតែមានការញញើតញញើមក្នុងការដើរក្នុងពីធីនេះ ទោះបីជាការរៀបចំឆ្នាំនេះបានប្រសើរជាងឆ្នាំមុនៗក៏ដោយ។

លោក ទី មកពីខេត្តកណ្តាលដែលបានចូលរួមនៅថ្ងៃម្សិលមិញនេះ ថាលោកមើលឃើញថាការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់នៅឆ្នាំនេះមានភាពល្អប្រសើរ តែលោកថាលោកនិងគ្រួសារមិនហ៊ានក្នុងការដើរចូលទៅក្នុងហ្វូងមនុស្សច្រើននោះទេ ដោយលោកខ្លាចមានហេតុការណ៍ផ្អើលរត់ជាន់គ្នាដូច៦ឆ្នាំមុន។

លោកថា «មិនសូវចូលចិត្តដែរកន្លែងណាដែលប្រជៀត មនុស្សច្រើនអីអញ្ចឹងណា! ដើររកកន្លែងណាតែឯងថាមិនស្ងាត់ពេកក៏មិនច្រើនពេកអញ្ចឹងណា។ខ្លាចមានបញ្ហាអីរត់ជាន់គ្នា! »

កំពុងឈរមើលមនុស្សម្នាដើរកំសាន្តនៅសួនមុខវត្តបុទុមវត្តី យុវជនមកពីខេត្តក្រចេះ លោក ស្រស់និត ឈរជាមួយស្នាមញញឹមរីករាយ ហាក់បីដូចជាពេញចិត្តជាមួយការរៀបចំពិធីប្រចាំឆ្នាំដ៏ធំមួយនេះបានឲ្យ ដឹងថាលោកបានចូលរួមពីធីនេះបាន២ថ្ងៃមកហើយ ឃើញការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខបានល្អ ជាងឆ្នាំមុនៗ តែលោកថាព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅកោះពេជ្រឆ្នាំ២០១០ នៅតែធ្វើឲ្យលោកខ្លាចមិនហ៊ានចូលទៅកាន់ហ្វូងមនុស្សច្រើននោះទេ។

លោកថា « យប់មិញខ្ញុំទៅផ្សាររាត្រីរាងបារម្ភដែរតើបង! រាងប្រជៀតគ្នាបន្តិចដែរយប់មិញ។ និយាយទៅក្រែលោកមានឧបទ្ទវហេតុដូចឆ្នាំមុន(ឆ្នាំ២០១០) អីអញ្ចឹងទៅណា …. ខ្ញុំអត់ហ៊ានទៅប្រជ្រៀតហ្នឹងគេផងបង ខ្ញុំទៅរកកន្លែងស្រលះ»

មុនពីរថ្ងៃនៃពិធីបុណ្យអុំទូកមកដល់ មានកីឡាករពីរនាក់បានស្លាប់ ដោយសារតែទូកទេសចរណ៍បើកបុកជាមួយទូកង ដែលគេអុំមកត្រៀមប្រកួតនៅវាំង។

អង្គុយក្បែរគុម្ភផ្ការមួយដើមដើម្បីបាំងកំដៅថ្ងៃព្រោះម៉ោងប្រមាណជា៣រសៀលហើយ នៅទីធ្លាមុខព្រះបរមរាជវាំងជាមួយមិត្តភ័ក្រខ្លួន៤នាក់ទៀតកញ្ញា ណាត់ និយាយថាកញ្ញានិងមិត្តភ័ក្រទើបតែបានចូលរួមពីធីនេះ និងថាការអង្គុយនៅទីនេះមិនត្រឹមតែបាំងកម្តៅថ្ងៃនោះទេ ក៏ព្រោះតែកញ្ញាមិនចង់ដើរព្រោះនៅមានអារម្មណ៍ថាខ្លាចមនុស្សច្រើនមានអ្នកលួចបន្លំ និងបារម្ភពីការហេតុការណ៍គ្រោះថ្នាក់រត់ជាន់គ្នាទៀត។

កញ្ញាណាត់ « បារម្ភដែរតើបង! បារម្ភខ្លាចៗដូចនៅកោះពេជ្រកាលមុនណា។ចង់(ទៅលេងកោះពេជ្រ)ប៉ុន្តែដូចចង់បន្តិចអត់ចង់បន្តិចបង។ ព្រោះអីកោះពេជ្រខ្ញុំអត់ដែលបានទៅឃើញគេផង! ចង់ទៅតែខ្លាច ខ្លាចព្រោះដូចកាលមុនហ្នឹង។ (សំនួរ)នៅនេះពេលឃើញមនុស្សច្រើនដើរជុំគ្នាអញ្ចឹងអត់ខ្លាចទេ? ខ្លាចបង! ខ្លាចមានឧបទ្ទេវហេតុអីមួយយើងមើលមិនឃើញទេ ប៉ុន្តែខ្ញុំអត់សូវហ៊ានដើរទេខ្ញុំខ្លាច និយាយមែនខ្ញុំអត់សូហ៊ានដើរទេព្រោះមនុស្សច្រើន ហើយណាមួយមនុស្សប្លែកមុខប្លែកអីទៅគេស្ទាបគេអីយើងហើយ ណាមួយខ្លាចដូចនៅកោះពេជ្រ! »

កំពុងអង្គុយជជែកគ្នាពីរនាក់មិត្តភ័ក្រ ដើម្បីរង់ចាំគ្រួសារនៅក្បែររូបសំណាកព្រះបារមរតនកោដ កញ្ញាអ៊ុំ ចាន់ណារី បានផ្អាកការសន្ទនាបន្តិចដើម្បីឲ្យខ្ញុំបានសាកសួរ កញ្ញាបានលើកឡើងស្រដៀងអ្នកទាំងប៉ុន្នានអ្នកខាងមុនដែរថា ថ្វីត្បិតតែការចូលរួមនេះមានភាពអ៊ូអរ សប្បាយ និងមានការរៀបចំសណ្តាប់ធ្នាប់និងសនិ្តសុខល្អយ៉ាងណាក៏ដោយ ក៏កញ្ញានៅមានការបារម្ភពីការលូកហៅប៉ាវ ការលួចបន្លំរបស់ជនឆ្លៀតឱកាស និងភ័យរត់ជាន់គ្នាដូចកាលពីលើកមុនផងដែរ។

កញ្ញាណារី « ខ្លាចដែរ! ព្រោះខ្លាចហេតុការណ៍ហ្នឹងកើតឡើងម្តងទៀត។និយាយទៅ ចំពោះខ្ញុំមួយគឺខ្ញុំនៅតែរអាតែម្តង។ ព្រោះអីពីការកើតហេតុហ្នឹងមើលទៅវាមិនសមសោះ ព្រោះអីវាមិនមែនជាលក្ខណៈថាទៅម៉ាទ្រុបបាក់ស្ពានទេ គាន់តែមនុស្សចូលមកតែមួយគ្រាំងទៅវាចូលគ្នាអីអញ្ចឹងណា ហើយកាហ្នឹងមើលទៅក៏ស្លាប់ច្រើនដែរ អញ្ចឹងចេះតែរអារៗអត់ហ៊ានទេ »

ដោយសារចង់ដឹងថាក្រុមគ្រូពេទ្យបានត្រៀមអ្វីខ្លះក្នុងការជួយសង្គ្រោះ អ្នកដែលចូលរួមពិធីបុណ្យអុំទុកនេះ នៅម៉ោងប្រមាណ៣រសៀលរាងដូចក្តៅបន្តិចហើយ ខ្ញុំបានចូលទៅតង់ក្រុមគ្រូពេទ្យសង្គ្រោះបឋមនៅសួនច្បារមុខព្រះបរមរាជវាំង។ បើតាមរបាយកាណ៍របស់គ្រូពេទ្យនៅទីនោះឲ្យឃើញថាមានអ្នកចូលមកទទួលព្យាបាលមិនតិចជាង២០០នាក់នោះទេ ហើយភាគច្រើននៃអ្នកមកទទួលព្យាបាលនោះមានរោគសញ្ញា ក្តៅខ្លួន ផ្តាសាយ និងឈឺក្បាល។

លោកវេជ្ជបណ្ឌិតគ្រុយ មនណីជោត ដែលជាគ្រូពេទ្យប្រចាំការនៅទីនោះ បានឲ្យដឹងថាក្នុងស្តង់សង្គ្រោះមួយក្រសួងត្រូវតម្រូវឲ្យមានគ្រូពេទ្យប្រចាំការម្នាក់ គិលាននុបដ្ឋាកម្នាក់ និងអ្នកបើកឡានសង្គ្រោះម្នាក់ ហើយចំនួននេះនិងប្រែប្រួលទៅតាមទីតាំងតង់សង្គ្រោះផងដែរ។ លើសពីនេះទៀតក៏មានក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះបានត្រៀមនៅក្រសួងជាច្រើនផងដែរដើម្បីរង់ចាំសង្គ្រោះបន្ទាន់ពេលមានបញ្ហាធ្ងន់ធ្ងរ។

លោកថា « ហើយនៅក្រសួងមាន Ambulance សម្រាប់សាគួរនៅក្រសួង និងក្រុមគ្រូពេទ្យមកពីតាមខេត្តតាមស្រុកដែលមកពីជុំវិញភ្នំពេញ ក៏សម្រាកនៅទីស្តីការក្រសួងសម្រាប់មានអាសន្នអីពួកហ្នឹងចេញមកជួយគ្នាទៀត គេរៀបចំត្រៀមបានទាំងអស់។ (សំនួរ) ឆ្នាំមុនរៀបចំបានអញ្ចឹងទេលោកគ្រូ? អត់ទេ! ឆ្នាំនេះមានច្រើនជាសព្វមួយដង ឆ្នាំមុនៗមាន ប៉ុន្តែមិនអញ្ចឹងទេ! ឆ្នាំនេះគេការពារបានគ្រប់កន្លែងជិតៗគ្នា អត់ដាក់ឆ្ងាយទេ។ ខាងនោះកាល់ម៉ែត្រ កន្លែងយើងនេះពេទ្យលោកសង្ឃ»

សមត្ថកិច្ចបានដឹងថា ពិធីបុណ្យអុំទូកឆ្នាំនេះសមត្ថកិច្ចមិនតិចជាងមួយម៉ឺននាក់ទេដែលត្រូវបានដាក់ពង្រាយសម្រាប់ការពារ ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងពិធីនេះ។

បើតាមរយៈការធ្វើបទសម្ភាសន៍ខ្ញុំជាមួយអ្នកចូលរួមទាំងអស់នោះ ពួកគេថាការរៀបចំសណ្តាប់ធ្នាប់នៅឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗដោយមានទាំងសមត្ថកិច្ចចល័តចុះឡើង ជាច្រើននាក់ ទីតាំងឈរជើងប្រចាំការសន្តិសុខ រួមទាំងមានចែកខិតប័ណ្ណដែលមានលេខទូរស័ព្ធសម្រាប់រាយការណ៍ទៅសមត្ថកិច្ចពេលដែលប្រជាជនមានបញ្ហាផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីព្រឹត្តិការណ៍រត់ជាន់គ្នាបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើនរយនាក់នៅឆ្នាំ២០១០នោះមករហូតមកដល់ឆ្នាំ២០១៦នេះ ពិធីបុណ្យអុំទូកត្រូវបានកម្ពុជារៀបចំតែម្តងគត់គឺនៅឆ្នាំ២០១៤។ សម្រាប់ឆ្នាំដែលមិនបានធ្វើនោះ រដ្ឋាភិបាលបានលើកឡើងថាបណ្តាលមកពីទឹកជំនន់ គ្រោះរាំងស្ងួត និងការសោយទិវង្គតរបស់សម្តេចព្រះបាទ នរោត្តម សីហនុ។

ងាកទៅកាន់កញ្ញា ចាន់ណារីវិញ កញ្ញាបង្ហាញជំនឿរថាការអុំទូកឆ្នាំនេះប្រាកដជាសប្បាយរីករាយ និងពុំមានគ្រោះអាក្រក់ដូចឆ្នាំ២០១០នោះទេ។

កញ្ញាបន្ថែមថា « សង្ឃឹមថាឆ្នាំនេះវាសប្បាយចុះ ហើយក៏សង្ឃឹមថាវានឹងមិនមានរឿងអាក្រក់កើតឡើងដូចឆ្នាំមុន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ