គណៈកម្មការទី១០នៃរដ្ឋសភាច្រានចោលការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែពីតួលេខ​នាំ​ខ្សាច់ទៅក្រៅ​

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម (ណាត សុភាព)

គណៈកម្មការទី១០ នៃរដ្ឋសភាបានច្រានចោលការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពាក់ព័ន្ធនឹងតួលេខនៃការនាំខ្សាច់ពីកម្ពុជាទៅលក់នៅក្រៅប្រទេស ក្រោយពីស្ថាប័ននេះ រកឃើញតួលេខនាំចេញមួយចំនួនមានភាពមិនប្រក្រតី រាប់លានតោន ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥។

មន្ត្រីក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំខ្សាច់ចេញទៅបរទេសក្នុងបរិមាណ២.៨លានតោន ចន្លោះឆ្នាំ២០០៧ដល់ឆ្នាំ២០១៥កន្លងមក។ តួលេខនេះ ខុសគ្នាឆ្ងាយពីតួលេខដែលគេទទួលបានពីខាងនាយកដ្ឋានស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរី ដែលបានបង្ហាញថា ខ្សាច់ចំនួន៧២.៨លានតោន ត្រូវបាននាំចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសសិង្ហបុរី។

ក្រោយពីប្រជុំបិទទ្វានៅរដ្ឋសភាជិត៣ម៉ោងនៅព្រឹកទី១៥ ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា លោក ហូរ វ៉ាន់ មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក ស៊ុយ សែម បានបកស្រាយនៅក្នុងសភាថា តួលេខនំាខ្សាច់ទៅប្រទេសនីមួយៗ មិនដូចគ្នាទេ ដោយថាជាទំហំពាណិជ្ជកម្មទំាងមូល មិនមែនកត់ត្រាពីប្រទេសដើមដែលលក់និងប្រទេសនាំចូល។ ប៉ុន្តែលោក ហូរ វ៉ាន់ បានច្រានចោលការលើកឡើងនេះ នឹងស្នើទៅរដ្ឋមន្ត្រីក្រសួងរ៉ែ បង្ហាញតួលេខនាំខ្សាច់ចេញនិងតួលេខថវិកា កុំឲ្យមានគម្លាតខុសគ្នាឆ្ងាយពេក

លោកថា៖ «ដូចខ្ញុំនិយាយរបៀបកត់ត្រានូវទំនិញនាំចូលរបស់សំាងកាពួ វាអត់ដូចគ្នា អ្វីដែលកត់ត្រានៅខាងនាំចេញ (ពីកម្ពុជា)នេះទេ ហ្នឹងការពន្យល់ច្បាស់អត់ដូចគ្នាទេ ហើយវាជាកិច្ចការទូទៅ ប្រទេសណាក៏វាមានការខុសគ្នាដែរ ប៉ុន្តែគ្រាន់តែថាយើងមិនចង់ឲ្យបានគម្លាតវាឆ្ងាយពី២លាន (តោន) ទៅ៧០លាន (តោន) វាឆ្ងាយពេក»។

នៅពេលសួរថា តើគណៈកម្មការទី១០ នឹងមានវិធានការអ្វីបន្ថែមទៀត លោក ហូរ វ៉ាន់ ឆ្លើយថា ក្រុមការងារលោកនឹងធ្វើការសិក្សាបន្ថែម ដើម្បីកោះហៅមន្ត្រីពាក់ព័ន្ធសាកសួរបន្តទៀតនៅថ្ងៃក្រោយ។

យ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ចប់ការសួរដេញដោលនៅរដ្ឋសភានាព្រឹកថ្ងៃទី១៥ខែធ្នូ អ្នកសារព័ត៌មានបានស្ទាក់សួរ លោក ស៊ុយ សែម ដើម្បីសុំបំភ្លឺជុំវិញករណីនេះដែរ តែលោកព្យាយាមគេចពីអ្នកសារព័ត៌មាន ដោយតម្រូវឱ្យអ្នកសារព័ត៌មានទៅស្តាប់លោកធ្វើសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងនៅម៉ោង៣រសៀលទៅវិញ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ដែលតាមដានករណីនេះយល់ថា រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសិង្ហបុរីត្រូវសហការគ្នា ដោយបង្ហាញពីតួលេខនាំខ្សាច់នោះជាសាធារណៈ ដើម្បីកុំឲ្យមានការបកស្រាយច្រឡំ។ ផ្ទុយទៅវិញលោកថា បើរដ្ឋាភិបាលមិនមានឆន្ទៈសហការជាមួយរដ្ឋាភិបាលសិង្ហបុរីទេ នោះអាចធ្វើឲ្យពលរដ្ឋអស់ជំនឿលើការគ្រប់គ្រងអភិបាលកិច្ចរបស់រដ្ឋាភិបាលកម្ពុជា

លោកថា៖ «គេហៅថាទុកជាចង្ងល់ក្នុងចំណោមមហាជនខ្មែរ អ្នកនយោបាយខ្មែរ វាអាចគេហៅថា ធ្វើឲ្យបាត់បង់ជំនឿមួយដែរ នៅក្នុងចំណោមមហាជនទាក់ទងនឹងការគ្រប់គ្រងខ្សាច់ ខ្ញុំចង់តែនៅចង់ឃើញការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសំាងហ្កាពួ (សិង្ហបុរី) បង្ហាញអំពីតួលេខនាំចេញនិងតួលេខនាំចូលនៅសំាងហ្កាពួ (សិង្ហបុរី) »។

នៅក្នុងសន្និសីទកាសែតនៅរសៀលនេះ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក ឌិត ឌីណា បានថ្លែងថា រដ្ឋាភិបាលកម្ពុជាមិនមានគម្រោងសហការជាមួយរដ្ឋាភិបាលសិង្ហបុរី ដើម្បីជជែកគ្នាបង្ហាញរបាយការណ៍នាំខ្សាច់ចេញទៅក្រៅប្រទេស ដែលគេថាមានគម្លាតឆ្ងាយពីគ្នាទេ។

កាលពីថ្ងៃទី៣១ខែតុលា ក្រុមអង្គការសង្គមស៊ីវិលជិត៥០ស្ថាប័ន បានផ្ញើលិខិតចំហមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ឌិត ឌីណា ដោយទាមទារឲ្យបកស្រាយបំភ្លឺការនាំចេញខ្សាច់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសនានា ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥ផងដែរ។ តែអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក ឌិត ទីណា បានថ្លែងថា ប្រទេសកម្ពុជាបាននាំខ្សាច់ចេញទៅបរទេសក្នុងបរិមាណជាង១៧លានតោន នៅចន្លោះឆ្នាំ២០០៧ដល់ឆ្នាំ២០១៥។

ទោះជាយ៉ាងណា តួលេខនេះខុសគ្នាឆ្ងាយពីតួលេខដែលគេទទួលបានពីខាងនាយកដ្ឋានស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរី ដែលបានបង្ហាញថាខ្សាច់ចំនួន៧២.៨លានតោន ត្រូវបាននាំចេញពីប្រទេសកម្ពុជាចូលទៅប្រទេសសិង្ហបុរី នៅក្នុងរយៈពេល៨ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ