នាយករដ្ឋមន្រ្តី៖ អ្នកសារព័ត៌មានធ្វើការឲ្យបរទេសកុំស៊ីបាយ ហ៊ុន សែន នាំគេថាស៊ីឈ្នួល

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបជុំអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤មករា (រូបថតហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបចំអកឲ្យក្រុមអ្នកសារព័ត៌មានដែល​មិនគាំទ្ររដ្ឋាភិបាល​ដោយទទួលបានការគាំទ្រថវិកាពីបរទេសនោះថា មិនចាំបាច់មកជួបជាមួយគាត់នោះទេ។

នៅក្នុងពិធីជួបជុំមួយកាលពីថ្ងៃសៅរ៍ ដែលរដ្ឋាភិបាលថា មានអ្នកកាសែតជាង​មួយពាន់នាក់ចូលរួមនោះ លោក ហ៊ុន សែន ថ្លែងថា ការជួបលើកក្រោយនឹងមានអ្នកសារព័ត៌មានចូលរួមច្រើនជាងនេះ តែលោកថាមិនចាំបាច់ឲ្យមានការចូលពីអ្នកសារព័ត៌មានដែលទទួលជំនួយពីបរទេសនោះទេ។ លោកថា៖ «ក្រុមអ្នកសារព័ត៌មានបរទេសដែលធ្វើការឲ្យ​ជន​បរទេស​ទៅ​ស៊ី​បាយ​បរទេសទៅ មិនចាំបាច់មកស៊ីបាយ ហ៊ុន សែន ឬក៏ជួបជុំជាមួយ ហ៊ុន សែន នាំគេថាស៊ី​ឈ្នួលនោះទេ។ ហើយសង្ឃឹមថា បក្សប្រឆាំងដែលមកទទួលការជប់លៀងជាមួយ ​ហ៊ុន សែន ឬអ្នកទាំងឡាយដែលនៅទីនេះ ក៏មិនមែនសុទ្ធតែជាអ្នកដែលត្រូវសរសេរគាំទ្រ ហ៊ុន សែន នោះទេ»។

ជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកកាសែតលើកដំបូងនេះ គឺពុំមានតំណាងស្ថាប័នព័ត៌មានឯករាជ្យចំនួន៣ មាន VOD RFA និង​VOA ចូលរួមនោះទេ ដោយសារតែមិនមានការ​អញ្ជើញពីក្រសួងព័ត៌មាន។

របាយការណ៍របស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្រ្វែល បាន​បង្ហាញថា វិទ្យុទាំង៣នេះ មានជំហរឯករាជ្យក្នុងចំណោម៥វិទ្យុដែលមានជំហរស្រដៀងគ្នានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ