ទំហំ​បំណុល​កម្ពុជា​នឹង​កើនឡើង​ដល់​ជិត​៨​ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ខណៈ​​មន្ត្រី​​ថាស្ថិត​ក្នុង​កម្រិត​ទាប

បំណុល​កម្ពុជា​ជំពាក់​បរទេស ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ឡើង​ដល់​ទៅ​ជិត ៨​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ប៉ុន្តែរដ្ឋាភិបាល​នៅ​តែ​អះ​អាង​ថា ទំហំ​បំណុល​នេះ​ស្ថិត​នៅ​ក្នុង​កម្រិត​អាច​គ្រប់​គ្រង​បាន ហើយ​រដ្ឋាភិបាល​នៅ​តែ​អាច​ខ្ចី​បន្ត​ទៀត​បាន។

ស្ថិតិ​បំណុល​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​​ហិរញ្ញ​វត្ថុកាល​ពី​ម្សិល​មិញ ​បាន​បង្ហាញ​ថា គិត​ត្រឹមពាក់​កណ្តាល​ឆ្នាំ​២០១៧ បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស មានចំនួន​ ៦ ២៣៣.២លានដុល្លារ​អាមេរិក។

អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ថវិកា​ លោក ហាល់ រតនៈ បាន​ឲ្យ​ដឹង​ថា ទំហំ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស នឹង​កើន​ឡើង​ដល់​ចំនួន​ជាង ៧ ៨៧២.៩​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ។

ជាមួយ​ទំហំ​បំណុល​ក្នុង​ចំនួន​បែប​នេះ វា​មាន​ន័យ​ថា ប្រជាជន​កម្ពុជា​ម្នាក់ ជំពាក់​បំណុល​បរទេស​ជាង ៥០០​ដុល្លារ​អាមេរិក។

លោក ហាល់ រតនៈ បាន​ឲ្យ​ដឹង​​ថា បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស មាន​ទំហំ​ត្រឹម​តែ​ជាង ៣៣​ភាគរយ​ប៉ុណ្ណោះ ធៀប​ទៅ​នឹង​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស ហើយ​លោក​ថា តាម​ការ​វាយ​តម្លៃ​ពី​ស្ថាប័ន​រូបិយប័ណ្ណ​អន្តរជាតិ ទំហំ​បំណុល​សាធារណៈ​របស់​កម្ពុជា មិន​ទាន់​ឈាន​ដល់​ចំណុច​ហានិភ័យ​នៅ​ឡើយ​ទេ។

លោក​បន្ថែម​ថា៖ «ព្រោះ​បើ​យើង​មើល​ទៅ​ថា ៣៣ភាគ​រយ យើង​អាច​ខ្ចី​ដល់​ ៤២​ភាគ​រយ​យ៉ាង​តិច ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ អញ្ចឹង​យើង​ឃើញ​ថា​ អត់​មាន​វ័ណ្ឌ​ក​ទេ។ អញ្ចឹង​ សម្រាប់​ទស្សនៈខ្ញុំ​ ឃើញ​ថា ​យើង​ខ្ចី​ប៉ុណ្ណេះ​តិច​ណាស់ អញ្ចឹង​ដើម្បី​រុញ​ប្រទេស​យើង​ឲ្យ​លឿន​ជាង​ហ្នឹង​ទៀត គឺ​យើង​ត្រូវខ្ចី​ឲ្យ​ច្រើន​ជាង​ហ្នឹង ហើយ​ប្រទេស​ណា​ក៏​ខ្ចី​ដែរ​ ដើម្បី​រុញ​កំណើន​សេដ្ឋកិច្ច​ ប៉ុន្តែ​ សំខាន់​ត្រង់​ថា​ ប្រទេស​យើង​មាន​សមត្ថភាព​សងគេ​ឬ​អត់?»។

នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ ​លោក ច័ន្ទ សុផល គាំទ្រ​ឲ្យ​កម្ពុជា​ខ្ចី​លុយ​បរទេសបន្ថែម​ទៀត​ ដើម្បី​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ​ដើម្បី​រុញ​កម្លាំង​សេដ្ឋកិច្ច​ឲ្យ​បាន​ខ្លាំង ប៉ុន្តែ លោក​ថា ​កម្ពុជា​គួរ​តែ​មាន​ភា​ព​ច្បាស់​លាស់​នៃ​គម្រោង​​កម្ចី និង​ការ​តាម​ដាន​គម្រោង​នេះ​។

លោក​ថា៖ «ក្នុង​ប្រទេស​ជាតិ​ណា​ក៏​ដូច​ជា​ប្រទេស​ជាតិ​ណាដែរ គឺ​ថា ​ត្រូវ​រក​ទុន​មក​វិនិយោគ​បន្ថែម ​ព្រោះ​អី​បើ​យើង​ដាក់ ​១០០ដុល្លារទៅ យើង​នឹង​បាន​ផល​មក​វិញ ​២០០ដុល្លារ​នៅ​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ក្រោយ​។ នេះ​ហើយ​គឺ​ការ​បង្កើត នេះ​ហើយ​គឺ​ការ​បង្កើ​ននូវ​កំណើន​សេដ្ឋកិច្ច​ និង​ប្រាក់​ចំណូលក្នុង​ការ​អភិវឌ្ឍប្រទេស​ជាតិ ​គឺ​តាម​ការ​វិនិយោគ​នេះ​​ឯង ហើយ​បើ​យើង​ចាំ​តែ​វិនិយោគ​នូវទឹក​ប្រាក់​ដែល​យើង​មាន​ស្រាប់ ​មិន​ខ្ចី​គេ ក៏​បាន​ដែរ​ តែ​វា​យឺតណាស់»។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ជិត​ពាក់​កណ្ដាល​នៃ​ទំហំ​បំណុល​កម្ពុជា គឺ​ជា​បំណុល​ដែល​កម្ពុជា​បាន​ខ្ចី​ប្រទេស​ចិន ខណៈ​កម្ពុជា​ក៏​បាន​ខ្ចី​កូរ៉េ​ខាង​ត្បូង ជប៉ុន និង​ស្ថាប័ន​ផ្ដល់​កម្ចី​អន្តរជាតិ​ពហុ​ភាគី​ផងដែរ។

រដ្ឋលេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក​ វង្សី វិស្សុត បាន​ឲ្យ​ដឹង​ថា ​តាម​សមត្ថភាព​របស់កម្ពុជា គឺ​អាច​ខ្ចី​បាន​ដើម្បី​បង្កើន​​សេដ្ឋកិច្ច​របស់​ខ្លួន តែ​ថា​ ដោយ​សារដើម្បី​រក្សា​ចន្លោះ​កម្ចី​​នៅពេល​កម្ពុជា​មាន​វិបត្តិ ​ទើ​ប​រដ្ឋាភិបាល​សម្រេច​រក្សា​ទំហំកម្ចី​នៅ​ចន្លោះ​ពី ៣២ ទៅ​៣៣ភាគ​រយ​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​នេះ។

លោក​ថា៖ «ប៉ុន្តែ​ យើង​អត់​ហ៊ាន យើ​ង​ទុក ​Space លំហ​នេះ​ ដើម្បី​ទុកពេល​មាន​វិបត្តិ​អី​យើង​សល់។ ឥឡូវ​យើង​អត់​ទាន់​មាន​អី​ទេ ប៉ុន្តែ ​បើ​យើង​មាន​វិបត្តិ​ យើង​សល់​ធំណាស់ យើង​អាច​ខ្ចី​បាន​ច្រើន​មែន​ទែន​សម្រាប់​គ្រប់​គ្រង​វិបត្តិ​របស់​យើង​»។

បើតាម​ក្រសួង​សេដ្ឋកិច្ច​ ក្នុង​ការ​គ្រប់​គ្រង​បំណុល​កម្ពុជា ​រដ្ឋាភិបាលបាន​រក្សា​គោល​ការណ៍​​កម្ចី​ក្នុង​ទំហំស​ម​ស្របនឹង​ស្ថាន​ភាព​​ថវិកា និង​សេដ្ឋកិច្ច​របស់​ខ្លួន រក​កម្ចី​​ដែល​មាន​កម្រិតការ​ប្រាក់​ទាប ឬ​អនុគ្រោះ​ខ្ពស់ ហើយប្រាក់​កម្ចី​​ទាំងនោះ​ត្រូវ​ខ្ចី​ក្នុង​គោល​ដៅទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ត្រូវ​ប្រើ​ប្រាស់​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់បំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ