សហភាពអន្ដរសភា (IPU) ជួបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និយាយរឿងសិទ្ធិតំណាងរាស្រ្ត

សហភាពអន្ដរសភា(IPU)ជួបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌​និយាយរឿង​សិទ្ធិតំណាងរាស្រ្ត​

សហភាពអន្ដរសភា(IPU)ជួបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌​និយាយរឿង​សិទ្ធិតំណាងរាស្រ្ត​

អ្នកនាំពាក្យ​ឲ្យ​​​​ដឹង​ថា​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិធម៌នៅ​ថ្ងៃអង្គារ​ នេះបាន​ជួប​ជាមួយគណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្ដរសភា (IPU) ដើម្បី​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្សនិង​សិទ្ធិសេរី​ភាព​របស់​អ្នក​តំណាង​រាស្រ្ត​នៅ​កម្ពុជា ជាពិសេស​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​​មន្ត្រី​បក្ស​ប្រ​ឆាំងនិង​បណ្តឹង​លើ​តំណាងរាស្ត្រ​បក្សប្រ​ឆាំង។

អ្នកនាំពាក្យ​ឲ្យ​ដឹង​ថា​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិធម៌ នៅ​ថ្ងៃអង្គារ​នេះបាន​ជួប​ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្ដរសភា(IPU)ដើម្បី​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្សនិង​សិទ្ធិសេរី​ភាព​របស់​អ្នក​តំណាង​រាស្រ្ត​នៅ​កម្ពុជា ជាពិសេស​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​​មន្ត្រី​បក្ស​ប្រ​ឆាំងនិង​បណ្តឹង​លើ​តំណាងរាស្ត្រ​បក្សប្រ​ឆាំង។

អ្នក​នាំពាក្យក្រ​សួង​យុត្តិធម៌ លោក ជិន​ ម៉ាលីន ប្រាប់​វីអូឌី(VOD)នៅ​រសៀល​នេះថារដ្ឋមន្ត្រីក្រ​សួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បាន​ជួប​ជាមួយគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្ដរសភា(IPU)ដើម្បី​ពន្យល់អ្ន​ក​ទាំងនោះ​ពី​ករណី​ដែល​អ្នក​ទាំងនោះចង់​ដឹង​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​អតីតព្រឹទ្ធសមាជិកគណបក្ស​សម រង្ស៊ី ករណី​តំណាងរាស្រ្ត​បក្សប្រ​ឆាំង៧​រូប​កំពុងជាប់បណ្តឹងនៅ​តុលាការ ករណី​លោក សម រង្ស៊ី និង​ករណី​វាយ​អ្នក​តំណាង​រាស្រ្ត​បក្សប្រ​ឆាំងពីរ​រូប​។

លោក​ឲ្យ​ដឹងទៀតថាប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្ដរសភាបាន​ប្រាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រ​សួង​យុត្តិធម៌​ថាប្រ​តិភូនេះ​បាន​ទទួលព័ត៌មានច្រើន​ទាក់ទងនឹង​ករណី​ទាំងនេះ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្តថាក្នុង​ឱកាសនេះ ប្រ​តិភូនេះ​ចង់​ដឹង​ព័ត៌មាន​ពី​ខាង​រដ្ឋា​ភិបាល​ដើម្បី​ធ្វើការ​វាយតម្លៃ​ការពិត​ដែល​កើ​តមា​ន​នៅ​កម្ពុជា​ទាក់ទង​នឹង​សិទ្ធិអ្នក​តំណាងរាស្រ្ត។

លោក ជិន ម៉ាលីន មាន​ប្រ​សាសន៍​ថាក្រ​សួង​បាន​ពន្យល់ប្រ​តិភូ​ទាំងនោះ​ទាំងអង្គច្បាប់និងអង្គហេតុទៅ​កាន់​ប្រ​តិភូទាំងពី​ករណី​តំណាងរាស្រ្ត​របស់បក្ស​ប្រ​ឆាំង។ លោកលើក​ជាឧទាហរណ៍​បញ្ជាក់ថាប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្ដរសភាចង់​ដឹងថា​ករណី​វាយ​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រ​ឆាំង​ត្រូវ​អាជ្ញាធរបញ្ចប់​នីតិវិធី​ហើយឬយ៉ាងណា។ ជាការឆ្លើយ​តម​លោក​ថាករណី​វាយ​អ្នក​តំណាងរាស្រ្ត​នេះ សមត្ថ​​កិច្ចនៅ​តែ​បន្ត​រក​អ្នកពាក់ព័ន្ធ​ផ្សេងទៀតនិងសាក្សីថ្មីៗបន្ថែមទៀត ដោយ​លោក​ថាទោះ​បី​ជា​មាន​មនុស្ស​បី​នាក់បាន​ចូល​សារភាព​ហើយ​ក៏ដោយ។

លោក​បន្ថែម​ថា៖ “អ៊ីចឹងទេអ្វី​ដែល​ជា​ចំណុច​គួរឲ្យគាត់​សំគាល់ គឺថាជំនួប​ល្អ​ដោយ​សារតែ​ព័ត៌មាន​ដែល​គាត់​ទទួលពីមុន​មក និង​ឯកសារដែលគាត់​ទទួលពីមុន​មក គឺថាមិន​ឆ្លុះ​បញ្ចាំងពីស្ថានភាព​ជាក់​ស្តែងទាំង​ទិដ្ឋភាព​នៃ​អង្គហេតុ និងអង្គច្បាប់ អ៊ីចឹងក្រោយពេល​ដែលបានទទួលការបំភ្លឺទៅ​យើងឃើញថាគឺ​ពួកគាត់​ទទួលបាន​ច្រើន ទាក់ទងនឹងស្ថាន​ភាព​ជាក់ស្តែង​ខាង​ផ្លូវ​ច្បាប់និង​ស្ថានភាពជាក់​ស្តែង”

គួរបញ្ជាក់ថាគណៈប្រ​តិភូនេះក៏បាន​ជួប​ជា​មួយ​ប្រ​ធាន​ស្តីទី​គណបក្សសង្គ្រោះជាតិ កាលពី​ម្សិល​មិញដើម្បី​ស្វែង​យល់​ពី​ព័ត៌មាន​របស់​អ្នក​តំណាងរាស្រ្ត​និង​ព្រឹទ្ធសមាជិក​របស់គណបក្ស​ប្រឆាំងមួយនេះ។ នេះ​បើ​តាម​អ្វី​ដែល​លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​លោកកាលពី​ម្សិលមិញ។ លោក​ កឹម សុខា សរសេរ​ទៀតថាលោក​បាន​លើក​ពី​ការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការវាយដំ ការចាប់ដាក់គុក និងការរំលោភបំពានផ្សេងៗទៀតទៅលើ​អ្នក​តំណាងរាស្រ្ត​បក្សប្រ​ឆាំងក្នុងរយៈពេលថ្មីៗនេះ។

លោក កឹម សុខា សរសេរ​លើ​ទំព័រហ្វេសប៊ុក​របស់​លោកទៀត​ថា៖​ “គណៈប្រតិភូនេះនឹងធ្វើការជួបទាំងសងខាង ទាំងខាងរដ្ឋាភិបាល ទាំងខាងគណបក្សប្រឆាំង ហើយគេនឹងធ្វើការវាយតម្លៃតាមក្រោយ”។

លោក កឹម សុខា ក៏បាន​សំណូមពរឲ្យអន្ដរជាតិជាពិសេសIPUជួយជំរុញ​ឲ្យមានយុត្ដិធម៌សម្រាប់សមាជិកសភារបស់គណបក្ស​ប្រឆាំងទាំងអស់គ្នាផងដែរ។

នាយកប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើលការ​បោះ​ឆ្នោត​មួយ​ហៅកាត់ថា​ខុម​ហ្រ្វែល​លោក គល់ បញ្ញា មានប្រសាសន៍ថាការដែលសហភាពអន្តរសភាIPUមកកាន់កម្ពុជា ដើម្បីចង់បានការ​ឆ្លើយតប​របស់រដ្ឋាភិបាល​ ចំពោះករណីចាប់ខ្លួន​សមាជិកព្រឹទ្ធសភានិងការប្រើ​ហិង្សា​​លើតំណាង​រាស្ត្របក្ស​ប្រឆំាង​។ ប៉ុន្តែលោកថា បើរដ្ឋាភិបាល​មិនបកស្រាយ​ឲ្យ​បានច្បាស់ទេនឹង​ធ្វើ​ឲ្យ​ប៉ះពាល់ប្រជាប្រិយភាពលើឆាកអន្តរជាតិ។ លោក​បន្ថែម​ថា​៖ “លទ្ធផលយ៉ាងហោចណាស់ ចាប់ផ្តើមមានការ​លើកឡើង​ហើយពីអន្តរជាតិធំៗ ដែលគេចាប់អារម្មណ៍រឿងរដ្ឋសភា ហើយខ្ញុំថា​រឿង​និងត្រូវ​បានការ​ឆ្លើយតបវិជ្ជមានពីរដ្ឋាភិបាល​និង​ពីសភារបស់គណបក្ស​ប្រជាជន បើមិនអញ្ចឹង​ទេវាអាចធ្វើឲ្យកម្ពុជា​បាត់បង់មុខមាត់លើឆាកអន្តរជាតិហើយ”។

បើតាមសេចក្តីជូនដំណឹង​របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភាIPU  ​ធ្វើទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​ជួបជាមួយប្រធានព្រឹទ្ធសភាលោក សាយ ឈុំ និង​លោក ឈាង វុន ប្រធានក្រុមការងារទទួលគណៈប្រតិភូនៃរដ្ឋសភានិងមេដឹកនាំគណបក្ស​នយោបាយពីរគឺនាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង តំណាងគណបក្សប្រជាជនកម្ពុជានិងប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា រួមទំាង​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា។

គួរបញ្ជាក់ថាសហភាពអន្ដរសភា(IPU)មានមូលដ្ឋាននៅប្រទេសស្វីសហើយ​បច្ចប្បន្នមានសមាជិក១៦៣ ប្រទស ។ គោលបំណងរបស់សភានេះសំដៅជំរុញឲ្យ​មានការលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបុព្វសិទ្ធិអ្នកតំណាងរាស្ត្រ​​​៕

​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។