សែន​ចិន​ថ្ងៃ​ទី​១ អគ្គី​ភ័យ​បំផ្លាញ​ផ្ទះ​ប្រជាពល​រដ្ឋអស់​៤ខ្នង​

(ប្រភព៖ ហ្វ៊េសប៉ុក)

របាយការណ៍​របស់​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យដឹងថា គិត​ត្រឹ​ម​ថ្ងៃ​ទី១ ​នៃ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ចិន អគ្គីភ័យ​បានកើត​ឡើង​ទូ​ទាំង​ប្រទេស​៣ករណី​ ដែល​បាន​បំផ្លាញ​ផ្ទះ​ពល​រដ្ឋ​អស់​៤ខ្នង ខណៈ​ថ្ងៃ​ទី​២​នៃ​អគ្គី​​ភ័យ​បាន​បំផ្លាញសាលា​ឆាន់​​មួយ​ទាំង​ព្រឹក​ផង​ដែរ។

យោង​តាម​ហ្វេក​បុក​របស់​​នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃ​ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបាន​ផ្សព្វផ្សាយនៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​ដែល​កើត​ឡើង​ចំ​ថ្ងៃ​សែន​ចិន​ទី​១ បាន​កើត​ឡើង​សរុប​ចំនួន​៣ករណី​គឺ ​ នៅ​ភ្នំពេញ​២ករណី និង​បន្ទាយ​មាន​ជ័យ​១​ករណី​ ​បំផ្លាញ​ផ្ទះ​ពល​រដ្ឋសរុប​​៤ខ្នង និង​ខូ​ចខាត​សម្ភារមួយ​ចំនួន។ ​អគ្គីភ័យ​ទាំង​នោះបង្ក​ឡើង​ដោយ​ឆ្លង​ចរន្ត​អគ្គីសនី និង​ដុត​ធូប​ចោល តែ​ពុំ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះ​នោះ​ទេ។

នាយក​ដ្ឋាន​នគរ​បាល​បង្ការ​ ពន្លត់​អគ្គី​ភ័យ និង​សង្គ្រោះ ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា​នៅព្រឹក​ថ្ងៃសុក្រ ចំថ្ងៃ​សែន​ចិន​ទី​២​នេះ អគ្គីភ័យ​​ក៏​បានបំផ្លាញ​សាលា​ឆាន់​មួយ​ទាំង​ស្រុង​ផង​ដែរ នៅ​ក្នុង​វត្ត​តាំង​ក្រសៅ ក្នុង​ឃុំ​តាំង​ក្រសៅ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់​ធំ តែ​ពុំ​មាន​មនុស្ស​គ្រោះ​ថ្នាក់​ទេ មូល​ហេតុ​ដុត​ភ្លើង​ឆ្អើអន្សម។

ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ លោក នេត វន្ថា មានប្រសាសន៍ប្រាប់វីអូឌីបន្ថែមថា ករណីអគ្គីភ័យដែលកើតឡើងចំថ្ងៃចូលឆ្នាំចិននេះគឺមានការកើនឡើងជាងថ្ងៃធម្មតា ដោយលោកសំនូមពរដល់ពលរដ្ឋឲ្យចូលរួមបង្ការអគ្គីភ័យនេះទាំងអស់គ្នាតាមរយៈការទុកដាក់របស់ដែលងាយឆាបឆេះឲ្យឆ្ងាយពីភ្លើង និងត្រូវមានបំពង់ពន្លត់អគ្គីភ័យបឋមតាមផ្ទះរៀងខ្លួនផងដែរ។

លោកថា៖ «ចង់និយាយថាបើសិនជាយើងធ្វើមធ្យោបាយផែនការ និងមធ្យោបាយគ្រប់គ្រាន់ តែប្រសិនជាប្រជាពលរដ្ឋមិនចូលរួមជាមួយយើងវានៅតែមានអគ្គីភ័យច្រើនដដែលអញ្ចឹង។ ខ្ញុំគិតថាកិច្ចការសំខាន់គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ប្រជាពលរដ្ឋចូលរួមមិច? គឺការចូលរួមទប់ស្កាត់អគ្គីភ័យដោយខ្លួនឯង ឧបករណ៍សម្ភារដែលងាយឆេះហ្នឹងទុកឲ្យនៅឆ្ងាយពីភ្លើង ហើយនឹងមានឧបករណ៍ពន្លត់អគ្គីភ័យបឋម ពេលដែលមានអគ្គីភ័យកើតឡើង គាត់អាចពន្លត់បាន។ ហើយបើមិនបានគាត់អាចរាយការណ៍មកអង្គភាពពន្លត់អគ្គីភ័យបន្ថែម»។

លោក​បាន​ឲ្យ​ដឹង​ថា​ករណី​អគ្គីភ័យ​ឆាប​ឆេះ​ក្នុង​ថ្ងៃ​សែន​ចិនទាំង​៣ថ្ងៃ​​កាលពី​ឆ្នាំ​២០១៥មាន​១៣​ករណី ឆ្នាំ​២០១៦ មាន​១៤​ករណី និង​ឆ្នាំ​២០១៧​មាន​១០ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ