សិស្សរៀនសាលារដ្ឋមួយចំនួន​នាំគ្នាឈប់សម្រាកថ្ងៃចូលឆ្នាំចិន

ទិដ្ឋភាពសាលារដ្ឋមួយចំនួន​ថ្ងៃ​បុណ្យចូលឆ្នាំចិន (ណាត សុភាព)

សិស្សរៀននៅសាលា​រដ្ឋមួយប្រមាណ៩០ភាគរយ ​នៅរាជធានីភ្នំពេញ នាំគ្នាឈប់សំរាក​នៅថ្ងៃនេះ​ ដោយសា​​រ​​ចំពេលថ្ងៃ​បុណ្យចូលឆ្នាំចិន។

សិស្សរៀននៅសាលា​រដ្ឋមួយប្រមាណ៩០ភាគរយ ​នៅរាជធានីភ្នំពេញ នាំគ្នាឈប់សំរាក​នៅថ្ងៃនេះ​ ដោយសា​​រ​​ចំពេលថ្ងៃ​បុណ្យចូលឆ្នាំចិន។

សាលារៀនទាំងនោះរួមមាន វិទ្យាល័យបឹងកេងកង វិទ្យាល័យបាក់ទូក ទួលស្វាយព្រៃ វិទ្យាល័យ​យុ​​គន្ធ សាលាបឋមសិក្សាសន្ធរមុខ និងសាលាបឋមសិក្សាសំពៅមាសជាដើម។

សន្តិសុខដែលអះអាងថាយាមនៅច្រកទ្វាចូល​សាលាបឋមសិក្សាសំពៅមាសជិត២០ឆ្នាំ លោក ណុប ពើទី បាន​រៀប​​រាប់ថា នៅឆ្នាំនេះ មិនខុសពីឆ្នាំមុនៗនោះទេ ដោយថា​សិស្សប្រហែលជាង៩០ភាគរយ​​បាននាំ​គ្នា​ឈប់​សំរាក​នៅថ្ងៃបុណ្យចូលឆ្នាំចិន។

លោករៀប​រាប់ថា «ថ្ងៃ១៤ឈប់អស់ហើយ…ច្រើនតែមក​កូនខ្មែរ​ មក​១០ភាគរយ រាល់ឆ្នាំ​ ចូលឆ្នាំខ្មែរ​ក៏ចឹង​ដែរ​​ ឈប់តាំងពីពីរថ្ងៃមុន​ សុំច្បាប់ទៅស្រុកអស់…​ចូលឆ្នាំចិនក៏ដូចចូលឆ្នាំខ្មែរ ខ្មែរនិងចិនដូចតែគ្នា​»។

បើតាមប្រតិទិន ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​​ចិន​ក្នុង​ឆ្នាំ​២០១៨​នេះ ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី១៨ ខែ​កុម្ភៈនេះ​។

បុរសម្នាក់ឈរ លក់បាយ និងភេសជ្ជៈ នៅក្នុងវិទ្យាល័យ​មួយ ក្នុងចំណោមវិទ្យាល័យខាងលើ សុំមិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងដែរថា រាល់ឆ្នាំសិស្សតែងតែនាំគ្នាឈប់សំរាកនៅថ្ងៃបុណ្យចូលឆ្នាំចិនចំនួន៣ថ្ងៃ​ ដោយសា​រ​ភាគច្រើន សិស្សទាំងនោះជាប់សែស្រឡាយចិន។​ ប៉ុន្តែលោកថា ការឈប់សំរាកនេះ ធ្វើ​ឲ្យប៉ះ​ពាល់​ដល់ការលក់ដូរ និងជីវភាពគ្រួសារ​មួយផ្នែក​។

អ្នកលក់រូបនោះ​និយាយថា «ប៉ះពាល់ជីវភាព ប៉ះពាល់​ជីវភាពយើងដែរ សេដ្ឋកិច្ចគ្រួសារយើង​…តែគ្រាន់តែ​​យើងត្រូវ​ត្រៀមចិត្តយើងថា យើងត្រូវ​តែជួបប្រទះហើយ»។

ហៀបឡើងជិះកង់ត្រឡប់ទៅផ្ទះវិញ សិស្សរៀនថ្នាក់ទី៨ នៅសាលាបឋមសិក្សាសន្ធរមុខ លោក ផលច័ន្ធ សុធារិទ្ធ បានប្រាប់អ្នកសារព័ត៌មាន​ថា សិស្សនៅក្នុងថ្នាក់​របស់គាត់ប្រហែលជា៣០នាក់ ប៉ុន្តែនៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំចិននេះគាត់ថា​ មក​រៀនតែ៤នាក់ប៉ុណ្ណោះ។ ករណីនេះលោកថា គ្រូមិនបង្រៀននោះទេ ដោយ​ប្រាប់ឲ្យសិស្សត្រឡប់ទៅ​ផ្ទះវិញ​។

សិស្ស​រូបនោះនិយាយថា «ថ្នាក់​ខ្ញុំមក​តែ៤នាក់ សិស្សទាំងអស់៣០នាក់ជាង​​ គាត់[គ្រូ​]ថា សិស្ស​តិច​ពេក​មិន​បាច់រៀនទេ ថ្ងៃនេះ​ ខ្ញុំចង់ឲ្យគ្រូមក​បង្រៀន​ ទោះបីសិស្សតិចក៏ដោយ​ ដើម្បីចំណេះដឹង​​​ ឲ្យកូន​សិស្ស​ចេះ ដើម្បី​ត្រៀមប្រឡងឆមាស​»។

យ៉ាងណាក៏ដោយ VOD មិនអាចសុំការបំភ្លឺ នាំពាក្យក្រសួងអប់រំលោក រស់ សាលីន បានទេ​នៅថ្ងៃចន្ទនេះ​។

ទីប្រឹក្សា​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការឈប់សំរាករបស់លោក គ្រូ អ្នកគ្រូ និងសិស្សនៅថ្ងៃបុណ្យចូលឆ្នាំចិននេះ ក្លាយជាទម្លាប់រៀងរាល់​ឆ្នាំទៅហើយ ដោយថាករណីនេះ ធ្វើឲ្យបរាជ័យលើកំណែទម្រង់វិស័យអប់រំរបស់រដ្ឋាភិបាល។

ទាក់ទិនបញ្ហានេះ លោក ឈុន ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលត្រូវប្រាប់​ទៅលោកគ្រូ អ្នកគ្រូ ធ្វើការអប់ រំសិស្សឲ្យស្គាល់ពីតម្លៃនៃការសិក្សា ទើបធ្វើឲ្យកំណែទម្រង់វិស័យអប់រំទទួលបានផលវិជ្ជមាន។

លោកផ្តល់ជាអនុសាសន៍ថា «ត្រូ​វតែនិយាយជាមួយកូនសិស្ស ឲ្យគាត់យល់អំពីតម្លៃនៃការសិក្សា​ ឲ្យគាត់យល់នូវ​អំពី​តម្លៃវប្បធម៌ ប្រពៃណី យើងបញ្ជាក់ឲ្យគាត់បានយល់​ច្បាស់អំពី​ ចូលឆ្នាំចិនយួន ថា មិនមែន​ជាប្រពៃណីរបស់​ខ្មែរយើងនោះទេ ឲ្យគាត់យល់ច្បាស់ទៅ នៅពេលហ្នឹងហើយ ខ្ញុំគិតថា​គាត់​ ហើយខ្ញុំ​គិតថា គាត់មិនបោះបង់ការសិក្សា​ចោលទេ នៅថ្ងៃបុណ្យចូលឆ្នាំចិនយួន​នោះ​»។

លើសពីនេះទៀត នៅតាមផ្លូវមួយចំនួនក៏មិនសូវ​មាន​ការកកស្ទះ ដូចសព្វដងនោះទេ ខណៈ​ផ្ទះរក​ស៊ីឯក​ជន​ធំៗ​ខ្លះបានបិទទ្វា នៅ​ចំថ្ងៃ​បុណ្យ​ចូលឆ្នាំចិននេះផង​ដែរ​។

គួរ​ឲ្យកត់សំគាល់ ជារៀងរាល់ឆ្នាំ នៅពេលបុណ្យចូលឆ្នំាចិនចំនួន៣ថ្ងៃ សិស្សានុសិស្សនៅសាលាឯកជន និងសាលារដ្ឋមួយចំនួនតែងតែឈប់ ដោយពួកគេបន្ទោសគ្នាទៅវិញទៅមក ដោយគ្រូថា មិន​មាន​សិស្សមករៀន តែសិស្សថាមិនមានគ្រូបង្រៀន។ ករណីនេះ ធ្វើឲ្យអ្នកឃ្លាំមើលវិស័យអប់រំ រិះគន់ថា ធ្វើឲ្យ​ប៉ះពាល់ដល់ការសិក្សារបស់សិស្ស៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។