ក្រសួងការពារ​ជាតិជ្រើស​រើស​ពលទាហាន​៥០០នាក់​

(រូបថតPrintscreenពីវេបសាយក្រសួងការពារជាំតិ​)

រដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រសួង​ការពារ​ជាតិ​ជ្រើស​រើស​ពល​ទាហាន​ចំនួន​៥០០នាក់ ដោយ​មន្រ្តីក្រសួង​អះ​អាង​​​​ថា​ការជ្រើសរើសនេះមិនមែន​ជា​ការជ្រើសរើស​បន្ថែម​នោះទេ។​

នៅក្នុងសេចក្តីសម្រេច​មួយចុះថ្ងៃទី​១១ខែមករា ឆ្នាំ​២០១៦ដែលវីអូឌី​ទើប​តែ​ទទួល​បាន  រដ្ឋាភិបាល​បាន​បញ្ជាក់​​ថាការជ្រើសរើសនោះ​សម្រាប់បំពេញ​ក្របខ័ណ្ឌ​ឲ្យ​បញ្ជា​ការ​ដ្ឋានកាំភ្លើង​ធំ​ អគ្គបញ្ជាការ។​ សេចក្តីសម្រេ​ច​បញ្ជាក់​ថា​រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អគ្គមេ​បញ្ជា​ការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ត្រូវទទួល​បន្ទុក​ការអនុវត្ត​សេចក្តី​សម្រេចនេះ​ចាប់ពីថ្ងៃ​ចុះហត្ថលេខានេះតទៅ។​

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប្រាប់វីអូឌី(VOD)នៅថ្ងៃ​ពុធ​នេះថាការជ្រើសរើសពលទាហាន​សម្រាប់កងកាំភ្លើងធំគឺដើម្បីបំពេញទៅនឹងចំនួនទាហានដែល​ចូលនិវត្តន៍ អ្នកខូចកាយ​សម្បទា និង​អ្នកដែលបានទទួលមរណភាព​ជាដើម។ លោកបន្តថា​សព្វថ្ងៃនេះ ក្រសួងកំពុងផ្សព្វផ្សាយជ្រើសរើសពល​ទា​ហានទាំងនោះ។

លោកមានប្រសាសន៍ថាចាប់តាំងពីឆ្នាំ​១៩៩៨រហូតមក​ដល់​ពេលនេះ ក្រសួងការពារ​ជាតិ​មិន​ដែល​ជ្រើសរើសពលទាហាននោះទេ។ លោក​បញ្ជាក់ថា​៖ “វាមិនមានអ្វីប្លែកព្រោះកងកាំភ្លើងធំនេះយើងទើបរើសលើកនេះទេ កន្លងមកយើងអត់ដែលរើសទេ ហើយទ័ពយើងមានការខ្វះខាត ចាស់ ចូលនិវត្តន៍ របួស ពិការ មរណៈ”

អ្នកនាំពាក្យ​រូប​នោះ​បន្ថែម​ថាបេក្ខជននិងបេក្ខនារីដែលអាចដាកពាក្យចូលបម្រើការងារនេះបានត្រូវមានកាយសម្បទាមាំមួននិងមានកម្រិតវប្បធម៌ត្រឹមសញ្ញាបត្រ​បាក់ឌុបនិងពូកែផ្នែកគណិតវិទ្យា។ លោក​​បាន​បញ្ជាក់​ថា​ការជ្រើសរើសនេះមិនឆ្លងកាត់ការប្រឡងទេ ប៉ុន្តែលោកថាត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការរបស់ក្រសួង។ លោក​មានប្រសាសន៍ថា៖ “យើងពិនិត្យគណៈកម្មការលោកសម្រេចលើលក្ខណៈកាយសម្បទា អាហ្នឹងមិនប្រឡងក៏ដូចជាប្រឡងដែរ ព្រោះអីយើងពិនិត្យលើលក្ខណៈសម្បត្តិបេក្ខជននិងប្រវត្តិរូបបាទ

គួរបញ្ជាក់​ថាថ្មីៗនេះ រដ្ឋាភិបាលទើប​សម្រេចដំឡើងប្រាក់បំណាច់មុខងារដល់យោធិននៃកងយោធពលខេរភូមិន្ទ  ដោយអះអាងថាដើម្បីធានាបាននូវប្រសិទ្ធ​ភាពនិងបង្កើនផលិត​ភាពការងារ  ដែល​ការដំឡើងនេះ​នឹងអនុវត្តចាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦៕ ដោយ ស៊ុន ណារិន និង​ទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ