នាយក​រដ្ឋមន្រ្តី​​ថារដ្ឋាភិបាល​មិន​មាន​គម្រោង​ពង្រីកព្រលាន​យន្តហោះ កុំ​ឲ្យ​ពលរដ្ឋធ្វើ​បាតុកម្ម​

លោកនាយករដ្ឋមន្រ្តីថ្លែង​ក្នុងពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មី នៅថ្ងៃទី​១៦ខែមីនា ឆ្នាំ​២០១៦

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ បាន​ថ្លែង​ថា​រដ្ឋាភិបាល​មិនមានគម្រោង​ពង្រីក​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តទៅ​ទៀត​​នោះទេ ចៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម ដោយ​លោកថា​នេះ”អាច​ជា​កំហុស”​របស់​លោក​ដែល​មិន​បាន​គិ​​ត​​ពី​ការពង្រីកព្រលានយន្ត​ហោះ​​ កាលពីលោកចាប់ផ្តើមដឹកនាំរដ្ឋាភិបាល​។​

ក្នុងពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មី លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​បាន​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ទាំង​ពី​ឆ្នាំ​១៩៨៥ ដែល​​លោក​ថា​កាលនោះ​មិន​បាន​គិត​ថា​តើ​នឹង​ត្រូវពង្រីកព្រលានយន្តហោះ​​​នៅពេលណា។​ លោក​មានប្រសា​សន៍​​ថា​​​កាលនោះ​ ​កម្ពុជា​ត្រូវប្រឈម​​នឹង​ទណ្ឌ​កម្មសេដ្ឋកិច្ច​​របស់​អង្គការ​សហប្រជាជាតិ ក្រោយ​ពេល​​ដែល​បញ្ចប់​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត។​

លោក ហ៊ុន សែន បាន​បន្ថែម​ថា​រដ្ឋាភិបាល​បាន​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​រហូត​មក​ដល់​ពេលនេះ ដែល​លោក​ថា​ប្រសិន​បើ​​ពង្រីក​ព្រលានយន្ត​ហោះ​ នឹង​ប៉ះពាល់​ការ​រស់​នៅ​ប្រជា​ពលរដ្ឋ ហើយ​អាច​នឹង​មាន​ការ​ធ្វើ​​បាតុកម្ម។​ លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​មិន​មានគម្រោង​ពង្រីកព្រលាន​យន្ត​ហោះ​បន្តទៀត​​នោះទេ។​

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “នេះ​វាអាចជាកំហុសរបស់ខ្ញុំ​តែម្តង កំហុស​របស់ខ្ញុំនៅត្រង់ថា​ខ្ញុំបានធ្វើជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ​១៩៨៥ ហើយដែលកាលពេលនោះ នៅ​ក្នុងតំបន់នេះ ​វា​អត់សូវ​​មាន​មនុស្សនៅទេ។…អញ្ចឹងទេតំបន់នេះជា​តំបន់ដែល​ងាយដោះស្រាយដីធ្លីណាស់ ក៏ប៉ុន្តែ​យើ​ងបែ​រទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ចេះតែ​រស់នៅ រស់នៅ​អញ្ចឹងទៅ។ ឥឡូវ​តែ​ហ៊ា​នទៅដោះ បាតុកម្មននៀលនៅហ្នឹង”

លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​ព្រលាន​យន្ត​ហោះ​បច្ចុប្បន្ន​អាច​ទទួល​យន្តហោះ​របស់​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១២ ដូច្នេះ​លោក​ថា​វា​មិន​មាន​ជា​បញ្ហាអ្វីនោះទេ។​

គួរ​បញ្ជាក់​ថា​កាលពី​ចុងឆ្នាំ​២០១៤ ​អ្នកភូមិ​រស់​នៅ​ជាប់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញបាន​ចេញមុខ​រក​កិច្ច​អន្តរាគមន៍​ជា​បន្តបន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី ដើម្បី​ការពារ​ពួកគេ​៦០០​គ្រួសារ កុំឲ្យ​មាន​ការបណ្តេញ​ចេញ​ទាំងប​ង្ខំ។

យោងតាមឯកសារ​​ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ​២០៣៥​ដែលត្រូវបានសម្រេចឲ្យប្រើប្រាស់កាល​ពី​ចុ​ងខែធ្នូ ឆ្នាំ២០១៥ រដ្ឋាភិបាលបាន​ដាក់ផែនការឲ្យ​មានការសិក្សា​រៀបចំ​អាកាសយានដ្ឋាន​ថ្មីមួយ​ជំនួស​​អាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញ នៅឆ្នាំ​២០៣៥ ដែល​តាមការប៉ាន់ស្មាន ព្រលាន​យន្តហោះនោះ​មាន​តម្លៃប្រមាណ​​៣០០លានដុល្លារ​។ ឯក​សារ​បន្ត​ថាការធ្វើចរាចរណ៍នៅអាកាសយានដ្ឋានគឺមានអ្នកធ្វើដំណើរជិត១លាននាក់ក្នុងមួយឆ្នាំ ហើយ​ជាមួយកំណើន​នៃការធ្វើចរាចរណ៍ពី៥ទៅ៧ភាគរយក្នុងមួយឆ្នាំ ការ​ហោះ​ហើរនឹងកើនឡើងទ្វេដងនៅក្នុងរយៈពេល១៥ទៅ២០ឆ្នាំ។ សមត្ថភាពនៃការតាំងទីលំនៅរបស់អាកា​ស​យានដ្ឋានបច្ចុប្បន្ន​អាចទទួលអ្នកដំណើរយ៉ាងហោចណាស់៥លាននាក់។ ឯកសារ​បញ្ជាក់​ថា៖ “ដូចនេះ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ ទោះបីសម្រាប់ពេលវែងក៏ដោយ”

គួររំឭកថាកាលពីចុងខែតុលា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសពីគម្រោងសាង​សង់ព្រលានយន្ត​ហោះថ្មីនៅខេត្តកំពង់ឆ្នាំង ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅអំឡុងឆ្នាំ២០​២៥ឬក៏ឆ្នាំ២០៣០។​ លោក ហ៊ុន សែន មាន​ប្រសាសន៍កាលនោះថា៖ “ខ្ញុំសូមជម្រាបថាចក្ខុវិស័យនៃអាកាសយានដ្ឋានអន្តរជាតិ ដែលនឹងត្រូវធ្វើ ដែលខ្ញុំនិយាយ​ថាមិ​ន​បញ្ចេញឈ្មោះនោះ ឥឡូវសូមបញ្ចេញឈ្មោះទៅចុះគឺកំពង់ឆ្នាំងនឹងឯង។ យើងមិនអាចប្រើប្រាស់ពោធិ៍ចិនតុងនៅក្រោយ​ឆ្នាំ២០៣០ទៀតទេ។ អាចថា២០២៥ ឬ២០៣០ អាចថាមកធ្វើនៅហ្នឹង ហើយដែលភ្ជាប់ទំនាក់ទំនងជាមួយក្រុងភ្នំពេញ ក្នុងរយៈចម្ងាយ​ប្រមាណ៩០គីឡូម៉ែត្រ ព្រោះនឹងមានអារថភ្លើងល្បឿនលឿន និងមានអាអូតូរ៉ូដ( Auto Road )ស្អី​ៗ​​ដទៃ​ទៀត”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ