នាយករដ្ឋមន្ត្រីផ្ញើសារអបអរប្រធានាធិបតីមីយ៉ាន់ម៉ាដែលទើបជាប់ឆ្នោត

លោក Hitn Kyaw ដែល​ទើប​ត្រូវបាន​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ស៊ីវិល​ដំបូង​របស់​មីយ៉ាន់ម៉ាកាល​ពី​ថ្ងៃ​អង្គារ (រូប​ពី​BBC)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារអបអរសាទរដល់លោក U Htin Kyaw ដែលទើបត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសមីយ៉ាន់ម៉ា ដោយលោកបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ក្នុងលិខិតចុះថ្ងៃទី១៥ ខែមីនា ផ្ញើជូនលោក U Htin Kyaw លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកមានសេចក្ដីរីករាយជាខ្លាំង និងសម្ដែងអំណរសាទរជូនលោក U Htin Kyaw ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

លោក ហ៊ុន សែន បន្តនៅក្នុងលិខិតថា៖ “ខ្ញុំជឿជាក់យ៉ាងមាំថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងដែលមានស្រាប់រវាងកម្ពុជា និងមីយ៉ាន់ម៉ានឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិយើងទាំងពីរ ក៏ដូចជាសម្រាប់សហគមន៍អាស៊ានមួយដ៏រឹងមាំ និងកាន់តែសមសមស្របតាមសភាពការណ៍បច្ចុប្បន្ន”

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក U Htin Kyaw ដែលជាមនុស្សស្និទ្ធនឹងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានសភាមីយ៉ាន់ម៉ាបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីស៊ីវិលដំបូងគេ ដើម្បីដឹកនាំប្រទេសនេះ បន្ទាប់ពីប្រទេសនេះស្ថិតក្រោមការដឹកនាំរបស់យោធាអស់រយៈពេលជាង៥០ឆ្នាំ។ លោក Htin Kyaw ត្រូវបានជ្រើសតាំងដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ តំណាងឲ្យអ្នកប្រជាធិបតេយ្យជើងចាស់លោកស្រី ស៊ូជី ដោយរដ្ឋធម្មនុញ្ញសរសេរដោយរបបយោធាបានរារាំងលោកស្រី ស៊ូជី មិនឲ្យទទួលតំណែងប្រធានាធិបតីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ