រដ្ឋមន្ត្រីការបរទេស​អាមរិក​នឹង​ជួប​ប្រធានាធិបតី​រុស្ស៊ី​សប្ដាហ៍​ក្រោយ​បន្ទាប់​ពី​មាន​​ការ​ដក​ទ័ព​ចេញ​ពី​ស៊ីរី

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកលោក John Kerry (រូបភាពពី BBC)

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកលោក John Kerry នឹងធ្វើទស្សនកិច្ចនៅ​ប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពី​បញ្ហា​ស៊ីរី ក្រោយពីរដ្ឋាភិបាលក្រុងម៉ូស្គូបានចាប់ផ្ដើមដក​កង​ទ័ពភាគច្រើន​របស់​ខ្លួនចេញ​ពីប្រទេសនេះ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC បាន​ចុះ​ផ្សាយដោយ​ដក​ស្រង់​សម្ដី​លោក John Kerry ថា ការផ្លាស់ប្តូររបស់ប្រទេសរុស្ស៊ី រួមជាមួយនឹងការបើកកិច្ចចរចាស៊ីរីដែល​សម្របសម្រួលដោយ​អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវអាចជា “ឱកាសល្អបំផុត” ដើម្បីបញ្ចប់ជម្លោះនៅ​ប្រទេស​ស៊ីរី​នេះ។

ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេសស៊ីរីបានឱ្យដឹងថា កិច្ចពិភាក្សានោះ ពេល​នេះ​មានសន្ទុះឡើង​ថ្មីហើយ​។

លោក Kerry ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ណាមួយ​ក្រោយ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ នៅ​ពេល​លោក​ត្រឡប់​មកពីដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​គុយបា​។

កាល​ពី​ថ្ងៃ​ចន្ទ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសពី​ការ​ដក​កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីក្នុងប្រទេសស៊ីរី និងបានប្រាប់ដល់មន្រ្តីការទូតរបស់ខ្លួនឲ្យ​បង្កើនការជំរុញបង្កបរិយាកាសសន្តិសុខភាពវិញ។ មួយ​ថ្ងៃបន្ទាប់ពីសេចក្តីប្រកាសនេះ​ បណ្ដា​យន្តហោះរុស្ស៊ីបានចាប់ផ្តើមចាកចេញជា​លើកដំបូង​កាល​ពី​ថ្ងៃអង្គារ។

ទោះយ៉ាងណា​ក៏​ដោយ អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី​លោគ Nikolai Pankov បាន​មាន​ប្រសាសន៍​ថា​ប្រទេសរុស្ស៊ីនឹងបន្តការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី បើទោះបីជា​ខ្លួន​បាន​ដកទ័ព​មួយផ្នែកចេញ​ក៏​ដោយ​៕

ប្រភព​៖ BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ