កម្ពុជាថាវៀតណាមសន្យាបញ្ឈប់ធ្វើសំណង់នៅតាមព្រំដែន

តំបន់មួយនៃប៉ុស្តិ៍យាមរបស់វៀតណាម (រូបភាពតំណាង)

មន្រ្តីកម្ពុជាអះអាងថាវៀតណាម បានសន្យាបញ្ឈប់សកម្មភាពសាងសង់សំណង់នានានៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រំ សុខា ប្រាប់អ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំជាមួយភាគីវៀតណាម  កាលពីម្សិលមិញថា នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅកម្ពុជានេះ វៀតណាមបានព្រមព្រៀងគ្នា បញ្ឈប់រាល់សកម្មភាពសាងសង់នៅតាមខ្សែបន្ទាត់ព្រំដែន កាលណាបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនៅមិនទាន់ដោះស្រាយហើយរួចរាល់។

លោកថា «យើងនឹងបន្តសហការគ្នាតាមអ្វីដែលបានព្រមព្រៀងគ្នា កន្លែងណាដែលការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែននឹងមិនទានបានធ្វើបញ្ចប់គឺ យើងមិនទាន់ធ្វើអីទេ ទុកឲ្យការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនហើយទើបយើងបន្ត ធ្វើកិច្ចការដែលប្រទេសទាំងសងខាងអាចធ្វើបាន»។

ប្រធាន​សមាគមនិស្សិតបញ្ញាវន្ត័ខ្មែរ លោក មួង សូនី សាទរចំពោះការព្រមព្រៀងនេះ ប៉ុន្តែលោកថា កម្ពុជានៅតែចាញ់ប្រៀបវៀតណាម  ដោយសារកន្លងមកវៀតណាមមិនបានគោរពកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរដែលបានចុះហត្ថលេខាកន្លងមក។ លោកបន្តថា កម្ពុជាមិនដែលរំលោភចូលទឹកដីវៀតណាមនោះទេ មានតែមានប្រទេសវៀតណាមទេដែលតែងតែរំលោភចូលទឹកដីប្រទេសកម្ពុជានោះ ដូចជាករណីនៅខេត្តរតនគីរី។

លោកថា «តាំងពីឆ្នាំ១៩៩៧ដល់១៩៩០ គឺគេមានដាក់គេហៅថា តំបន់ស។ តំបន់សហ្នឹងទៀតសោធយ៉ាងច្រើន ៣-៤ឆ្នាំ ដែលខ្ញុំសួរប្រជាជន គឺវៀតណាមយកហើយ។ តំបន់ក្រោយមកក្លាយជារបស់វៀតណាម ហើយតំបន់សថ្មីត្រូវបានបង្កើតចូលក្នុងទឹកដីរបស់កម្ពុជា។ នេះជាចំណុចដែលយើងអត់ឈ្នះពប្រៀបគេ គឺយើងចាញ់ប្រៀបគេ។ ខ្ញុំថាដំណោះស្រាយដែលយើងមិនឲ្យមានការសាងសង់គឺល្អហើយ ប៉ុន្តែយើងត្រូវសើរើរឿងចាស់ឡើងមកវិញ ដែលខ្មែរយើងបានបាត់បង់ទឺកដី ជាពិសេសត្រូវពង្រឹងជនអន្តោសន៍ដែលមកនៅក្នុងទឹកដីខ្មែរជាប់ព្រំដែន។  អាហ្នឹងវាជាហានិភ័យធ្វើឲ្យយើងបាត់បង់ទឹកដីផងដែរ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា កត់សំគាល់ថា កន្លងមកកម្ពុជា-វៀតណាមមានកិច្ចព្រមព្រៀងជាមួយគ្នាច្រើន តែភាគីវៀតណាមមិនដែលគោរពតាមឡើយ។

លោកថា «កិច្ចនេះឯងអត់បានជោគជ័៍យ វាបានការរអាក់រអួល ឬ ក៏មិនមានការយល់គ្នាច្បាស់លាស់ បានន័យថា មានការរំលោភបំពាន ពីភាគីវៀតណាមជាទូទៅមិនមែនកម្ពុជាទេ គឺភាគីវៀតណាមតែម្ដង។ នេះជាបញ្ហាដែលយើងពិបាកជឿទុកចិត្តទៅលើកិច្ចព្រមព្រៀង ដែលមានការអនុវត្តថ្មីៗនេះ។ ថ្ងៃអនាគតយើងមានការលំបាកនឹងជឿជាក់ដែរ ពីព្រោះកន្លងមកយើងធ្លាប់មានហើយ ប៉ុន្តែភាគីវៀតណាមមិនសូវគោរពទេ»។

ចាប់តាំងពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០១៦ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ខ្លួនបានធ្វើកំណត់ទូតតវ៉ាសរុប២៣ហើយ ដោយស្នើឲ្យវៀតណាមបញ្ឈប់សាងសង់ឬធ្វើផ្លូវនៅតំបន់ហាមឃាត់ជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ។ ប៉ុន្តែភាគីវៀតណាមនៅតែបន្តធ្វើ ពិសេស ភាគីវៀតណាមបានសាងសង់ប៉ុស្តិ៍យោធាចំនួនពីរទៀតនៅស្រុកអូយាដាវ ខេត្តរតនគិរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ