អង្គការហេហ្វឺអន្តរជាតិកម្ពុជា (HEIFER International Cambodia) ឲ្យដឹងថាអង្គការរបស់ខ្លួនបានជួយកសិករជាង២ម៉ឺនគ្រួសារ បង្កើនប្រាក់ចំណូលនិងអាហាររូបត្ថម្ភតាមរយៈការពង្រឹងសិទ្ធិជាម្ចាស់ដល់សហគមន៍ ដែលមានសកម្មភាព លើកកម្ពស់ស្ត្រី និងពង្រឹងសេដ្ឋកិច្ចសង្គម។
ក្នុងសិក្ខាសាលា ចែករំលែកលទ្ធផល និងការអនុវត្តល្អរបស់គម្រោង នៅថ្ងៃនេះ លោកស្រី កែវ គៀង ប្រធានប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជា មានប្រសាសន៍ថាគម្រោង មានដំណើរការល្អប្រសើរ ហើយទទួលលទ្ធផលដូចជាស្ត្រីក្លាយជាអ្នកដឹកនាំជាង៨០ភាគរយ មានការកើនឡើងសន្តិសុខស្បៀង ជាពិសេសមានចំណូលខ្ពស់។
លោកស្រីថា៖ «យើងលើកកម្ពស់ក្នុងការចូលរួមធ្វើជំនួញមុខរបរផ្សេងៗហ្នឹង ឃើញថា ធ្វើឲ្យប្រាក់ចំណូលប្រចាំគ្រួសារមានការកើឡើងខ្លាំងមែនទែន ដោយសារថា គម្រោងយើងចាប់ផ្តើមដំបូងគឺយើងបានធ្វើការសិក្សា ដែលស្ថានភាពដំបូងឃើញថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគាត់បានតែ១ ៤០០ដុល្លារជាងទេ ក្នុងមួយឆ្នាំ ហើយមកដល់បច្ចុប្បន្ននេះ ពេលដែលយើងធ្វើនៅឆ្នាំ២០១៧ ប្រាក់ចំណូលកើនឡើងជាង៥០០០ដុល្លារក្នុងមួយឆ្នាំ»។
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទី សុគន្ធ គាំទ្រដំណើរគម្រោងកន្លងមក និងសូមឲ្យកសិករបន្តការងារទៀតបើទោះជាអង្គការហេហ្វឺបានបញ្ចប់គម្រោងក៏ដោយ។
លោកថា៖ «ហេហ្វឺនេះគឺជាចំណែកមួយដែលចូលរួមដល់គោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលយើងហ្នឹង ហើយអរគុណដល់ការចូលរួមនេះ។ ការសំរេចបានជោគជ័យនេះជាគំរូមួយសម្រាប់គម្រោង សម្រាប់អង្គការសង្គមស៊ីវិលដទៃទៀតផងដែរ»។
អ្នកស្រី ហុង ហ៊ាង ប្រធានក្រុមជួយខ្លួនឯង មកពីសហគមន៍ត្នោតជុំសាមគ្គី ខេត្តពោធិសាត់ ជាអ្នកទទួលបានផលពីគម្រោងចិញ្ចឹមមាន់តាំងពីឆ្នាំ២០១៤។
អ្នកស្រីថា៖ «ពេញចិត្ត! ដោយសារបងពីមុនជាមនុស្សអត់ចេះអីសោះ សូម្បីតែឡើងក្នុងវេទិកាឬក៏ប្រជុំអីតូចៗក្នុងភូមិគឺញ័រជើង ក្បាលមេក្រូគ្រាន់តែកាន់គឺញ័រដៃញ័រជើង តែដល់ពេលបងចូលរួមបណ្តុះបណ្តាល រាល់ថ្ងៃគឺបងមិនខ្លាចទេ ចេះចូលរួមសម្របសម្រួលចេះអីទៀត»។
អង្គការហេហ្វឺអន្តរជាតិកម្ពុជា (HEIFER International Cambodia) និងដៃគូ បានអនុវត្តគម្រោង បង្កើនប្រាក់ចំណូល និងអាហាររូបត្ថម្ភតាមរយៈការពង្រឹងសិទ្ធិជាម្ចាស់ដល់សហគមន៍ នៅឆ្នាំ២០១៣ និងបញ្ចប់នៅឆ្នាំ២០១៧ ដែលមានអ្នកទទួលផលចំនួន២០០០០គ្រួសារ និងតំបន់គោលដៅចំនួន១០ខេត្តក្រុង។ HEIFER បង្កើតឡើងដំបូងនៅឆ្នាំ១៩៤៤ ហើយចូលមកប្រទេសកម្ពុជានៅឆ្នាំ១៩៨៤ ក្រោយមកទើបបង្កើតការិយាល័យនៅឆ្នាំ១៩៩៩រហូតមកដល់បច្ចុប្បន្ន។ HEIFER នៅតែបន្តសកម្មភាពគម្រោងផ្សេងៗ របស់ខ្លួនទៀតនៅឡើយ៕