គ.ជ.ប បដិសេធបណ្ដឹងរបស់សង្គ្រោះជាតិថាធ្វើឡើងមិនត្រឹមត្រូវតាមនីតិវិធី

គ.ជ.ប

គណៈកមា្មធិការជាតិរៀបចំការបោះឆ្នោត បានសម្រចបដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិចំនួន១៤បណ្ដឹង ដែលភាគច្រើនប្តឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ ដោយថា បណ្ដឹងទាំងនោះ ធ្វើឡើងមិនត្រឹមត្រូវតាមលក្ខខណ្ឌរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៧ ឲ្យដឹងថា ​កាលពីថ្ងៃ១៤​ខែមិថុនា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកកិច្ចប្រជុំមួយ ដើម្បីពិ​និត្យនិងសម្រេច លើកបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិចំនួន១៦ ដែលប្ដឹងមកពីតាមបណ្ដាលខេត្តចំនួន៩។

បើតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប បានសម្រេចបដិសេធចំនួន១៤បណ្ដឹង ក្នុងចំណោម១៦បណ្ដឹង ដែលភាគច្រើនជាបណ្តឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ ដោយគ.ជ.ប បញ្ជាក់បន្ថែមថា បណ្ដឹងដែលដាក់មកនោះ មិនត្រូវតាមនីតិវិធីរបស់គ.ជ.ប កំណត់(មានន័យថាថ្លោះសិទ្ធិ ឬផុតកាលកំណត់របស់ច្បាប់) ហើយសម្រាប់បណ្ដឹងផ្សេងទៀត គ.ជ.ប ថា កំពុងដោះស្រាយ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា៖ «ទី១ ត្រូវមានតួលេខនៃលទ្ធផលនឹងលំអៀងតិចជាង ០,៥% គឺ ជាលក្ខខណ្ឌទី១ ដែលអនុវត្តទូទៅតែម្ដង ហើយមានចែងនៅក្នុងនីតិវិធីទៀតអាហ្នឹងទី១។ ទី២ ត្រូវមានដំណើរដើមទងពីដើមទីមក ចង់និយាយថា ប្រសិនបើការិយាល័យហ្នឹងឯងមានបញ្ហាមិនប្រក្រតីកើតឡើង យើងយកមកពិភាក្សាបាន ប៉ុន្តែនៅតាមការិយាល័យគណបក្សនយោបាយស្រុះស្រួលឲ្យហើយ។ ទី៣ ការប្ដឹងដោយថ្លោះសិទ្ធិបានន័យថា ប្ដឹងនៅថ្នាក់ឃុំសង្កាត់ បើមិនសះជា បានប្ដឹងមកគណៈកម្មាធិការាជធានីខេត្ត បើមិនសះជាទៀត ប្ដឹងមក គ.ជ.ប នេះ [សង្គ្រោះជាតិអត់មានប្ដឹងសោះ នៅតាមការិយាល័យ អត់មានបញ្ហាអីកើតឡើង អត់ ប្ដឹងទៅខេត្តទៀត ហើយប្ដឹងរំលងមកគ.ជ.បថ្នាក់ជាតិទៀតតែម្ដង នេះមិនគ្រប់នីតិវិធី»។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល គ.ជ.ប ឲ្យដឹងថា បណ្ដឹងចំនួន១៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធមកនោះមកពីខេត្តចំនួន៩ រួមមានខេត្ត កណ្ដាល កោះកុង ព្រៃវែង ស្ទឹងត្រែង បាត់ដំបង ប៉ៃលិន ខេត្តព្រះវិហារជាដើម។

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្ម​ លោកស្រី ម៉េង  សុធារី សម្ដែងការសោកស្ដាយ ចំពោះ   គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធចំនួន១៤បណ្ដឹងនោះ។ លោកស្រីបន្តថា ក្នុងចំណោម១៤បណ្ដឹង គឺមានខេត្តព្រះវិហារទេ ដែលផុតកាលកំណត់របស់ច្បាប់ ប៉ុន្តែសម្រាប់ខេត្តផ្សេងៗទៀត មិនបានផុតកាលកំណត់របស់ច្បាប់ឡើយ ហើយសំឡេងសន្លឹកឆ្នោតរបស់គណបក្សទាំងពីរក៏ប្រហាក់ហែលគ្នាដែរ។

លោកស្រីថា៖ «បណ្ដឹងដែលផុតអាជ្ញាយុកាលគឺមានតែ១ បណ្ដឹងនោះទេ គឺនៅខេត្តព្រះវិហារ ដោយសារតែខាងតំណាងគណបក្សរបស់យើង គាត់ទើបទទួលបានដំណឹងអំពីការបិតផ្សាយលទ្ធផលឆ្នោតនៅថ្ងៃទី៧ ចឹងហើយគាត់ទើបដាក់ពាក្យប្ដឹងហើយថ្លោះសិទ្ធិ តែ១បណ្ដឹងទេ។ ដោយឡែកបណ្ដឹងដទៃៗទៀតគឺមិនមានការផុតអាជ្ញាយុកាលទេ គឺប្ដឹងទាន់ពេលវេលា ហើយការដែលសម្រេចការបដិសេធនេះ ខ្ញុំយល់ឃើញថា ក្នុងចំណោមបណ្ដឹងទាំង៤ នេះ គឺមានបណ្ដឹង១ ដែលស្រួចស្រាលជាងគេ គឺមកពីខេត្តព្រៃវែង ដោយសារ បណ្ដឹងនេះប្ដឹងអំពីលទ្ធផលបោះឆ្នោត ដែលសំឡេងប្រគៀកប្រកិតគ្នាមែនទែន គឺគណបក្សសង្គ្រោះជាតិចាញ់ តែ៨សំឡេងប៉ុណ្ណោះ»។

លោកស្រីបន្ថែមថា ទាក់ទងលទ្ធផលនៅឃុំកំពង់ឫស្សី ខេត្តព្រៃវែង ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាប់ឡើងវិញនោះ គណបក្សសង្គ្រោះជាតិនឹងឈ្នះលើគណបក្សប្រជាជនកម្ពុជា។​

សមាជិកសម្ព័ន្ធកំណែទម្រង់នៃការបោះឆ្នោតនៅកម្ពុជា លោក យង់ គឹមអេង មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិគួតែពិនិត្យបទបញ្ជា និងនីតិវិធីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះឲ្យបានច្បាស់ជាមុន ដើម្បីបង្ហាញទៅគ.ជ.ប ចំពោះករណីនេះ។

ទោះជាយ៉ាងណា លោកស្រី ម៉េង សុធារី បន្ថែមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាស្ថាប័នដែលបិតផ្លូវតវ៉ារឿងវិវាទ​លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដូចនេះ គណបក្សសង្គ្រោះជាតិមិនមានគម្រោងប្ដឹងតវ៉ាទៀតនោះទេ ប៉ុន្តែលោកស្រីស្នើឲ្យគណៈកម្មាធិការជាតិការរៀបចំការបោះឆ្នោត ត្រូវតែពិនិត្យមើលបណ្ដឹងដទៃទៀត ដែលនៅសល់នោះឲ្យបានច្បាស់មុននឹង បដិសេធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ