គណបក្សមួយ​អំពាវនាវទៅលោក ហ៊ុន សែន ដោះលែងមន្ត្រី​សិទ្ធិ​មនុស្ស​និង​ផ្តល់​សេរីភាពឲ្យលោក សម រង្ស៊ី​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ អំពាវនាវទៅមេដឹកនាំបក្សកាន់អំណាចឲ្យ​ដោះលែងមន្ត្រីសិទ្ធិមនុស្ស សក​ម្ម​​​​​​ជនដីធ្លី និងផ្តល់សេរីភាពដល់លោក សម រង្ស៊ី ឲ្យចូលស្រុកវិញ​ ដើម្បីប្រកួតប្រជែងក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​​ឆ្នាំ២០១៨​ ដោយថា ឲ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ​សេរីពហុបក្ស​។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​ សម្រេច​លុបចោល​បំរាម​ហាម​​​ឃាត់លោក សម រង្ស៊ី មិនឲ្យចូលស្រុក។ ប៉ុន្តែក្នុងសេចក្តីសម្រេចនោះ ​​មិន​បា​ន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​​លុប​ចោល​ល​បំរាមនេះទេ។ ខណៈប្រកាសលុបចោលបានមួយថ្ងៃ លោក ហ៊ុន សែន បានព្រមានថា បើ​លោក​ សម រង្ស៊ី ត្រឡប់មក​កម្ពុជា​ នឹងជាប់គុក។

​សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចុះថ្ងៃទី១៥មិថុនា មានខ្លឹមសារថា «ដើម្បីឲ្យ​បរិយាកាស​នយោបាយកាន់តែល្អប្រសើរលោក​ ហ៊ុន សែន ត្រូវ​ដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជន​ដីធ្លីពីពន្ធនាគារ ផ្តល់សិទ្ធិសេរីភាពដល់អ្នកនយោបាយឲ្យបានពេញលេញ និងផ្តល់សេរីភាព​ដល់លោក សម រង្ស៊ី បានចូលរួមប្រកួតប្រជែងក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០១៨​»។

សេចក្តីថ្លែងការដដែល ក៏បានអំពាវនាវទៅមេដឹកនាំបក្សនយោបាយទំាងអស់ត្រូវ​ឈប់ជេប្រមាថ​ ប្រើភាសា​គម្រាម​កំហែង លាប​​ពណ៌គ្នាខ្មែរ​គ្នា​ឯង និង​ឈប់​ម៉ាក់ងាយមតិភាគតិច ដែលនេះទំនងជាប្រាប់ទៅ​​ទៅ​បក្ស​កាន់​អំណាច​​ឲ្យ​ឈប់រករឿង​បក្សប្រឆំាង​​ ដោយថា​ កុំឲ្យផ្ទុយ​ពីគោលការណ៍​ប្រជាធិបតេយ្យសេរីពហុបក្ស​ ដូច​មាន​ចែងក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​លោក សុខ ឥសាន​ យល់ឃើញ​ថា ការលើកឡើងរបស់បក្ស​ប្រជាធិបតេយ្យ​​មូលដ្ឋានជា​ការលំម្អៀង​ផ្នែកនយោបាយ​​ ដោយថា សំណុំរឿង​មន្ត្រីសិទ្ធិមនុស្ស សកម្មជន​ដីធ្លី ​និងសំណុំ​រឿង​​​លោក សម រង្ស៊ី ដែលបានប្រព្រឹត្ត​ខុស ​ត្រូវ​ទទួលទោសតាមច្បាប់​។

លោក​ សុខ ឥសាន បញ្ជាក់ថា មិនចំាបាច់​មានលោក សម រង្ស៊ី ក៏ដំណើរការបោះឆ្នោតថ្នាក់ជាតិ​រលូ​ន​ដូច​ការ​បោះ​​ឆ្នោតឃុំសង្កាត់ ផង​ដែរ។

លោក​និយាយ​ថា៖ «គណបក្សប្រជាជន មិនយកអនុសាសន៍ណា ​ដែលលំម្អៀងខាងនយោបាយយកមកគិត​ទេ​ នាំឲ្យឈឺក្បាល ហើយដំណើរការបោះឆ្នោត ចំាពិនិត្យមើលទៅថាគេបោះឆ្នោតបានមិនបាន ប្រជាជន​រាប់​លាននាក់​ដែលទៅបោះឆ្នោត គេទៅឬមិនទៅ បើអត់ សម រង្ស៊ី នោះ ហើយកុំមក​និយាយថា​ ប្រកួត​ប្រជែង​អត់សម រង្ស៊ី វាអត់ន័យ អត់ន័យចោះ​ អត់ន័យសម្រាប់តែ សម រង្ស៊ី ទេ តែប្រជាជនគេមានន័យ​»។

យ៉ាងណាក៏ដោយ នៅលើទំព័រហ្វេសប៊ុក កាលពី​ថ្ងៃព្រហស្បតិ៍ទី១៥មិថុនា លោក សម រង្ស៊ី សរសេរថា៖ «មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំត្រូវការឲ្យលោក ហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រម​បោះ​បង់​គម្រោងរបស់គាត់ ដែលចង់ “កំចាត់មនុស្សពី១០០ទៅ២០០នាក់” ដើម្បីរក្សាអំណាច​របស់​គាត់។ គម្រោងនេះត្រូវបានគាត់ប្រកាសជាសាធារណៈថ្មីៗនេះ។ ខ្ញុំដឹងថាតាំងតែពីឆ្នាំ១៩៩៧ ខ្ញុំជា​មនុស្ស​​ទី១ នៅលើបញ្ជីខ្មៅរបស់គាត់ ហើយខ្ញុំក៏ដឹងដែរថា គាត់បានរក្សាផ្នត់គំនិត​និងទម្លាប់​ខ្មែរក្រហម​តាំងតែ​ពីគាត់ធ្វើជាមេទ័ពខ្មែរក្រហម»។

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​លោក មាស នី មានប្រសាសន៍ថា អ្នកនយោបាយគួរតែឈប់ឈ្មោះគ្នា ដោយថា បើពុំដូច្នេះទេ អ្នកដែលទទួលបានប្រយោជន៍គឺប្រទេសជិតខាង។

លោកនិយាយថា៖ «ការលេងល្បែង វាជាល្បែងនយោបាយ វាមិនជាល្បែងគុំគួនរឿងផ្ទាល់ខ្លួន កុំឲ្យប្រទេស​​ជិត​ខាង​មានឥទ្ធិពលមកលើយើង ដូចយើងឃើញសព្វថ្ងៃ គេ[ប្រទេសជិតខាងថៃ វៀតណាម​]​ចេះ​តែទៅមុខ រីឯយើងចេះតែជ្រំឈើង​ទៅមុខតិច​ៗដូចគីងគួក ទីចុងបំផុតខ្ញុំគិតថា រឿងមួយសំខាន់ប្រទេស ជិតខាង​ទំាងថៃ ទំាងវៀតណាម រាល់ថ្ងៃនេះយើងទទួលស្គាល់ទំាងអស់គ្នា គេមិនដែលគិតថា​ យើង​ស្មើភាពជាមួយគេទេ យើងឃើញហើយដំណោះស្រាយព្រំដែនទំាងឡាយណាដែលកើតឡើង​ គេមាន​ប្រៀបជាយើងរហូត​​​»។

គួរបញ្ជាក់ថា ការដែលរដ្ឋាភិបាលលុបបំរាមនោះចោល គឺបន្ទាប់ពី លោក សម រង្ស៊ី អះអាងថា លោក​នឹងរកមធ្យោបា​យវិលមកកម្ពុជាវិញ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ដើម្បីប្រកួត​ប្រជែង​តំណែង​នាយក​រដ្ឋ​មន្ដ្រីជាមួយលោក ហ៊ុន សែន គឺចូលរួមឃោសនារកសំឡេងឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។

ចំណែក មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក៤នាក់ រួមមាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី រួមទាំងមន្ត្រីគ.ជ.ប លោក នី ចរិយា ត្រូវតុលាកា​រ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធនា​គារ​ព្រៃ​ស កាលពីដើ​មឆ្នាំ​២០១៦ ដោយចោទប្រកាន់ពីបទ «សូកប៉ាន់​សាក្សី»ក្នុង​សំណុំ​រឿងដ៏​ចម្រោ​ង​ច​​ម្រាស់​មួយ ​ពាក់ព័ន្ធនឹងនាង ខុម ចាន់តារាទី ហៅ “ស្រីមុំ”ដែល​ត្រូវគេទម្លាយថា មានទំនាក់ទំនង​ស្នេហា​​ ជាមួយ​លោក កឹម សុខា។ ខណៈសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ក៏ត្រូវ​បាន​តុលាការបានសម្រេចឲ្យឃុំខ្លួន ជិត​មួយឆ្នាំហើយ ដោយ​ចោទពីបទ ប្រើហិ​ង្សាលើមន្ត្រីសាធារណៈ ស្ថិត​នៅក្បែរផ្ទះ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​ សែន។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលជាតិ អន្តរជាតិ​ និងអ្នកឃ្លាំមើលសង្គម រួមទំាង​បក្សប្រឆំាង​ យល់ថា ជារឿង​នយោ​បាយ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ