អង្គការឃ្លាំមើលថ្នាក់តំបន់មួយថាស្ថានភាពមុនការបោះឆ្នោតមិនល្អ

អង្គការបណ្ដាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី ឬ ហៅ ANFREL​បានចេញសេចក្ដីថ្លែងការណ៍មួយវាយ​តម្លៃ​ ​មុនការបោះឆ្នោតជាតិខាងមុខថា មានភាពមិនល្អប្រសើរសម្រាប់ការប្រកួតប្រជែង។​

កាលពីថ្ងៃទី​១៥ ខែ មិថុនាម្សិលមិញអង្គការ ANFREL បានចេញរបាយការណ៍លទ្ធផល​វាយតម្លៃមុនការ​បោះ​ឆ្នោត​​មួយ ដែលមានកម្រាស់ ១៥ ទំព័រ ដោយបានរៀបរាប់ព្រឹត្តិការណ៍ មុនការបោះឆ្នោត​ជាតិមកដល់​នាចុង កក្កដា ខាង​មុខ។

ការវាយតម្លៃនោះផ្តោតលើ៤ចំណុចដែលថា បក្សនយោបាយនិងសង្គមស៊ីវិលមិនមានសិទ្ធិពេញលេញឃ្លាំមើល, ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរងការដាក់សម្ពាធ,  មានការដាក់សម្ពាធប៉ះពាល់ដល់អារម្មណ៍អ្នកបោះឆ្នោត និង ថាតួអង្គប្រកួតប្រជែងគណបក្សមានឥទ្ធិពលមានតែមួយក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិ។​

ទោះយ៉ាងណាអ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ហៅរបាយការណ៍នោះថា មិនឆ្លុះបញ្ជាំងពីស្ថានភាពពិតរបស់សង្គមខ្មែរនោះទេ។​

លោក មានប្រសាសន៍ថា៖ «ខ្ញុំគត់សម្គាល់ថា របាយការណ៍នេះ មិនឆ្លុះបញ្ជាំងទិដ្ឋភាពច្បាប់និងសង្គមទេ ដែលទិដ្ឋភាពច្បាប់មានការផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋ។​»

កាលពីម្សិលមិញស្ថានបេសកកម្មរបស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ក៏បានថ្លែងការពារគ. ជ. ប ដោយបញ្ជាក់​ប្រាប់ទៅមន្ត្រីអង្គការសហប្រជាជាតិថា អ្វីដែលកំពុងកើតឡើងនេះមិនមែនជាការរឹតត្បិតនោះទេគ្រាន់តែជាការពង្រឹងដើម្បីឲ្យមានសុវត្ថិភាព និងធានាដំណើរការល្អក្នុងពេលបោះឆ្នោតតែប៉ុណ្ណោះ។ ស្ថានបេសកកម្មនេះបញ្ជាក់ថា សកម្មភាពពេលនេះក៏ដូចដំណើរការបោះឆ្នោតកាលពី២០១៧ ដែលទទួលបានការកោតសរសើរពីសហគមន៍ជាតិនិងអន្តរជាតិដែរ។​

ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តសភានឹងប្រព្រឹត្តទៅនា​ថ្ងៃ​ទី ២៩ ខែកក្កដាខាងមុខ ដោយ​មានការ​ចូលរួមពីបក្សនយោបាយចំនួន ២០ បក្ស។​ ប៉ុន្ដែ ប្រទេសលោក​សេរីមួយចំនួនបាន​ចាត់ទុក​ការបោះឆ្នោតនេះ ថា មិនមានភាពសេរី ត្រឹមត្រូវ និង​យុត្ដិធម៌ទេ បន្ទាប់ពី​គណបក្សប្រឆាំង​ដ៏ធំមួយ​ត្រូវ​បានរំលាយចោល ហើយ​អាសនៈ​របស់​អតីតបក្ស​ប្រឆាំង ត្រូវ​បានបែង​ចែកឲ្យទៅគណបក្សផ្សេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ