​ក្រុម​វិភាគ​វ័យក្មេង​ប្តេជ្ញា​លះបង់​ជិវិត​ក្នុង​ការវិភាគ​តែ​ការពិត​ដូច​បណ្ឌិត​កែម​ឡី​

ក្រុមអ្នកវិភាគ​វ័យក្មេង​​ក្នុងសន្និសីទ​មួយ (រូបថត៖ កញ្ញា​ កាន់​ វិច្ឆិកា)

ក្រុមអ្នកវិភាគវ័យក្មេងជាង១០នាក់ដែលទទួលបានការបណ្តុះបណ្តាលពីលោក កែម ឡី អះអាងថា ពួកគេនឹងសិក្សាស្រាវជ្រាវ និងវិភាគការពិតយកមកផ្សព្វផ្សាយដោយមិនខ្លាចពីសេចក្តីស្លាប់។

ក្រុមអ្នកវិភាគ ស្រាវជ្រាវ និងផ្តល់ដំណោះស្រាយវ័យក្មេង រួមនឹងលោក បណ្ឌិត មាស នី បានធ្វើសន្និសីទមួយនៅថ្ងៃព្រឹកថ្ងៃសៅរ៍នេះ ស្តីពីការប្តេជ្ញាចិត្តរបស់ក្រុមអ្នក វិភាគវ័យក្មេង ក្នុងការបន្តកិច្ចការ និងបេសកកម្មស្រាវជ្រាវ និងវិភាគសង្គមពីលោកបណ្ឌិត កែម ឡី។

ក្នុងសន្និសីទដែលធ្វើនៅមេត្តាហោសន៍ ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោកហង្ស វិទូប្រាប់ ថា អ្នកវិភាគវ័យក្មេងអាយុចន្លោះពី២០ទៅ៣០ឆ្នាំ ដែលទទួលបានការបណ្តុះបណ្តាលពីសាលា និង លោកបណ្ឌិត កែម ឡី នឹងធ្វើជាអ្នកវិភាគបញ្ហាសង្គម ផ្តោតលើការពិត មិនខ្លាចការគំរាម ហែងទេ។

លោក ហង្ស វិទូ បន្ថែមថា ការវិភាគរបស់ក្រុមលោកនឹងផ្អែកលើព័ត៌មាន ការស្រាវជ្រាវ និងទិន្នន័យពិត ដោយមិនលំអៀង ដើម្បីស្វែងរកដំណោះស្រាយជូនសង្គម ដូច្នេះលោកអំពាវនាវឲ្យយុវជន ដែលជាកម្លាំងចលករដ៏សំខាន់ចូលរួមក្នុងសង្គមដើម្បីទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា ក្រុមអ្នកវិភាគវ័យក្មេងនឹងអាចមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បន្តវេនអ្នកវិភាគចាស់ៗ ប្រសិនជាយុវជនទាំងនេះមាន ឆន្ទៈ និងចំណេះដឹងខ្ពស់។ លោកបន្តថា លោកនឹងចូលរួមបណ្តុះបណ្តាលក្រុមអ្នកវិភាគវ័យក្មេង ដើម្បីឲ្យពួកគេអាចក្លាយជាអ្នកវិភាគដែលមានគុណភាព។

ក្រុមអ្នកវិភាគវ័យក្មេងចាប់ផ្តើមទទួលបានការបណ្តុះបណ្តាលពីលោកបណ្ឌិត កែម ឡី កាលពី ដើម ឆ្នាំ២០១៥។ ទិសដៅរបស់ពួកគេគឺជំរុញ និងផលិតអ្នកវិភាគវ័យក្មេង ជំរុញឲ្យយុវជនជំនាន់ថ្មីបាន ចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ ដោយហ៊ានវិភាគបញ្ហាផ្សេងៗដូចជា បញ្ហានយោបាយ សេដ្ឋកិច្ច សង្គម អប់រំ ប្រជាធិបតេយ្យនិងវិស័យផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ