របាយការណ៍​៖ ការ​ផ្តល់​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​នៅ​កម្ពុជា​នៅ​តែមាន​​ហានិភ័យ

អង្គ​ការ​មួយ​រក​ឃើញ​ថា ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​នៅ​កម្ពុជានៅ​តែ​មានហានិភ័យ​នៅ​ឡើយ បើ​ទោះ​បី​រដ្ឋាភិបាល​បាន​ប្តូរនីតិ​វិធី​នៃ​ការ​ផ្តល់អាជ្ញាប័ណ្ណ​នេះ​ តាំង​ពី​ឆ្នាំ​២០១៣​រួច​ក៏​ដោយ។

​របាយការណ៍ស្តីពីហានិភ័យ​នៃដំណើរ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​នៅ​កម្ពុជា​ ចេញដោយ​អង្គការ​​តម្លាភាព​កម្ពុជា​ ​នៅ​ថ្ងៃទី​១៦ សីហា​នេះ ​បាន​រក​ឃើញ​ថា កម្ពុជា​កំពុង​ប្រឈម​​ទៅ​នឹង​ហានិ​ភ័យ​​ទង​ទៅ​នឹង​ការ​វាយ​តម្លៃ​លើ​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ ការ​ប្រឹក្សា​យោបល់​ជា​សាធារណៈ និង​ការ​ទទួល​ព័ត៌មាន។

នាយក​កម្មវិធីនៃ​អង្គការ​តម្លាភាពកម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែល​អង្គការ​តម្លាភាពធ្វើ​ការ​ស្រាវជ្រាវលើការផ្តល់អាជ្ញាប័ណ្ណរ៉ែនេះគឺចង់​បង្ហាញ​ពី​បញ្ហា និង​ជម្រុ​ញ​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​បង្កើត​​យន្តការ​មួយ​ដែល​រឹង​មាំ​ និង​មានយុត្តិ​ធម៌សម្រាប់ក្រុម​ហ៊ុន​ទាំង​អស់​ឲ្យ​គោរពដើម្បី​ទទួល​បាន​ប្រយោជន៍​ទាំង​រដ្ឋ​ និង​ក្រុម​ហ៊ុន។

លោក​ថា៖ «ទីមួយរុករករ៉ែបានទាល់តែបច្ចេកទេសខ្លាំងជំនាញពិតប្រាកដ ទីពីរគឺលុយសិបលាន អាចឈានដល់រាប់រយលានក៏មាន។ អញ្ចឹងបើសិនជាក្រុមហ៊ុនហ្នឹងអន់បច្ចេកទេសនៅស្ទើរ ហើយ​​យន្តការ​ណ៍យើងខ្សោយជូនកាលគាត់អាចជាប់ព្រោះគាត់អាចសូកលុយ។ ប៉ុន្តែប្រសិនជាយន្តការយើងមាំហើយធ្វើការអនុវត្តយន្តការ​ណ៍ឲ្យមានតម្លាភាព ក្រុមហ៊ុនច្រើនអាចដាក់តែក្រុមហ៊ុនដែលជាប់ជាក្រុមហ៊ុនល្អ ជាក្រុមហ៊ុនដែលធ្វើការពិតប្រាកដ ហើយការធ្វើការពិតប្រាកដ អាចធ្វើឲ្យចំណូលពីអាជីវកម្មរបស់គាត់ហ្នឹងចូលមករដ្ឋយើងបាន»

អ្នក​ចងក្រងរបាយការណ៍​នេះលោក គឹម មិនា មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែល​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​រុករករ៉ែនៅ​តែ​ជាភាពគ្រោះ​ថ្នាក់​សម្រាប់​កម្ពុជាដោយ​សារតែ​កម្ពុជា​ខ្វះ​ក្រប​ខ័ណ្ឌច្បាប់​​ ក្នុ​ង​ការ​គ្រប់​​គ្រង​ការ​ផ្តល់​អាជ្ញា​ប័ណ្ណនេះ។

លោក​ថា៖ «អញ្ចឹង​​នៅពេលដែលខ្វះខាតអញ្ចឹងទៅវាបង្កើតជាឱកាសវាបង្កើតជាហានិភ័យ ភាគច្រើនគឺការខ្វះខាតនៃក្រមខណ្ឌគតិយុត្តដែលបង្កើតនូវហានិភ័យ អញ្ចឹនៅពេលដែលមានហានិភ័យនេះកើឡើង តើវានឹងមានផលប៉ះពាល់អ្វីខ្លះ? គឺផលប៉ះពាល់វាអាច​​នឹងកើតឡើងបើសិនជារដ្ឋាភិបាលមិនបាន​​អនុវត្តតឹងរឹងអញ្ចឹងណា»

អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែនិង​ថាម​ពល លោក ប៉េង ណាវុធ មាន​ប្រសាសន៍​ថា ក្រសួង​ទទួល​យក​របាយការណ៍​នេះ និង​ថា​កំពុងតែ​សិក្សា​ទៅ​លើ​យន្ត​ការ​ច្បាប់​ផ្សេង​ៗ​សម្រាប់​កាត់​បន្ថយ​បញ្ហា​ទាំងនេះ​ឲ្យ​នៅ​មាន​កម្រិត​ទាបនាពេល​ខាង​មុខ។

លោក​ថា៖ «បាទ​! ក្រសួងនឹងរៀបចំនូវដូចជាយន្តការណ៍នៃការពិគ្រោះយោបល់ដែលមាននៅក្នុងការរកឃើញ ថាមិនទាន់វិធានការថាតើការធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋថានឹងមានវិធានការរបៀបម៉េច យើងនឹងមានជាគោលការណ៍»

អង្គការ​តម្លាភាព​បានផ្តល់​អនុសាសន៍​ទៅ​កាន់​រដ្ឋាភិបាល ​ដូច​ជាការ​រៀប​ចំ​សេចក្តីណែ​នាំសម្រាប់​​វាយតម្លៃ​ពាក្យ​ស្នើ​សុំ បង្កើត​ឲ្យ​មាន​ស្តង់ដារ​អនុវត្តន៍​សម្រាប់​ការ​ពិគ្រោះ​យោ​បល់​ជា​សាធារណៈ និង​បង្កើត​ឲ្យ​មាន​ស្តង់​ដារសម្រាប់ព័ត៌មាន​ជា​សាធារណៈ និង​ព័ត៌មាន​សម្ងាត់ ដោយ​វិធាន​ការ​ទាំង​នេះតម្រូវឲ្យ​​ក្រសួង​រ៉ែ​ និង​ថាម​ពល​ជា​អ្នកដឹក​នាំ​ និង​អនុម័ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ