ធនាគារស្រូវកំណត់តម្លៃស្រូវទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀត

សកម្មភាពប្រមូលស្រូវរបស់កសិករក្នុងខេត្តបន្ទាយមានជ័យ (រូបកាលពីពេលកន្លងទៅ)

ធនាគារស្រូវនៅខេត្តបាត់ដំបងប្រកាសទិញស្រូវសែនក្រអូបពីប្រជាពលរដ្ឋក្នុងខេត្តចំនួន៣ ដោយថាដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវ ខណៈពេលដែលប្រជាពលកសិករបានត្អូញត្អែរពីការធ្លាក់ថ្លៃនិងការបន្ទាបថ្លៃពីសំណាក់ឈ្មួញពេលបច្ចុប្បន្ននេះ។

ការប្រកាសកំណត់តម្លៃរបស់ធនាគារស្របពេលដែលប្រជាកសិករនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ បានត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ខណៈដែលឈ្មួញចុះទិញឲ្យតម្លៃ១គីឡូជាង៧០០រៀល។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ធនាគារស្រូវប្រចាំខេត្តបាត់ដំបងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ បានឲ្យដឹងថាធនាគារនេះនឹងទិញស្រូវសែនក្រអូបដែលសើមក្នុងតម្លៃចាប់ពីថ្លៃ៧បាត បើគីតជាលុយខ្មែរស្មើនឹង៨៤០រៀល ហើយសម្រាប់ស្រូវស្ងួត៧៥០បាតស្មើនឹង៩០០រៀល។

សេចក្ដីជូនដំណឹងឲ្យដឹងថា៖ “សេចក្តីជូនដំណឹងរបស់ធនាគារស្រូវបានបញ្ជាក់ផងដែរថា ធនាគារស្រូវបាននិងកំពុងធ្វើកិច្ចសហការគាំទ្រ ដល់រោងម៉ាស៊ីនកិនស្រូវក្នុងការដឹកស្រូវមកបញ្ចាំស្តុកទុក នៅធនាគារស្រូវ និងទិញកាត់ស្រូវពីធនាគារស្រូវបញ្ចាំស្តុកទុក ដោយទទួលបានប្រាក់កម្ចី៧០%ពីធនាគារស្រូវ។ ជាមួយគ្នានេះ ធនាគារស្រូវនឹងជួយទិញអង្ករពីរោងម៉ាស៊ីនកិនស្រូវ ស្តុកទុកលក់បញ្ចាំសម្រាប់អ្នកនាំចេញ”

ក្នុងសេចក្ដីជូនដំណឹងឲ្យដឹងថា ធនាគារនេះនឹងចាប់ទិញស្រូវពីកសិករចាប់ពីថ្ងៃទី១៥ខែកញ្ញានេះ។

នៅក្នុងវីដេអូឃ្លីបដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញ អភិបាលខេត្តបាត់ដំបងបានចុះទៅដល់កន្លែងដែលកសិករប្រមូលផលដោយនិយាយថាកុំឲ្យប្រជាកសិករលក់ស្រូវឲ្យឈ្មួញណាដែលឲ្យតម្លៃក្រោម៨០០រៀល។

លោក ចាន់ សុផល ថ្លែងថា លោកនឹងចាត់វិធានការទៅលើឈ្មួញណាដែលទិញស្រូវពីកសិកក្នុងតម្លៃទាបជាង៧០០រៀល។

លោកបញ្ជាក់ថា៖ “ចាប់ពីតម្លៃ៧បាត(បើ)លុយខ្មែរ៨៤០រៀលឡើងទៅ មិនមែនថាឲ្យនៅតែ៧បាត ចឹងករណីខ្លះ ហេតុអ្វីបានយើងកំណត់ឲ្យ៧បាតនិង៨៤០លុយខ្មែរក្នុងមួយគីឡូក្រាមឡើងទៅ បើមានតម្លៃក្រោមហ្នឹងគឺក្រុមហ៊ុនធនាគាស្រូវ នឹងឲ្យភ្នាក់ងារស្រូវហ្នឹងឲ្យចុះមកជួយទិញ។  ដើម្បីរក្សាតម្លៃចុះនៅ៦បាតជាង ដូចបងប្អូនលក់សព្វថ្ងៃនេះកាលណាទប់បានតម្លៃនេះហើយ ចឹងថ្ងៃក្រោយបើមានឈ្មួញផ្សេងៗដែលគាត់មកទិញ៧បាតជាង ចាប់ផ្ដើមប្រកួតប្រជែងគ្នាឡើងបងលក់ឲ្យគេចុះ។ លក់ឲ្យអ្នកណាក៏បានដែរ ឲ្យតែបានលើ៧បាត។ ប៉ុន្តែបើក្រោម៧បាត គឺអត់ឲ្យក្រោមទេ បើ៧បាតទៅធនាគារស្រូវសុំជួយទិញបងប្អូន

កសិករនៅស្រុកបវេល ខេត្តបាត់ដំបង លោក អឹម រឿម ប្រាប់វីអូឌីថ្ងៃនេះថា តម្លៃស្រូវនៅតែក្រោម៧បាត ហើយបើ១តោន៦៥០០បាត បើគិតលុយខ្មែរបានត្រឹមតែ៧៦៤ ៦០០រៀលដដែលនោះ។

លោកមានប្រសាសន៍ថា៖ “បើគិតជាលុយខ្មែរមិនបាន៨៤០ បើបាន៨៤០សឹងបានតម្លៃ៧០ជាងហើយ …បើគិតទៅវាមិនបានតម្លៃហ្នឹងផង បើបានអីចាប់ពី៧០ឡើងទៅលើទៅវាគ្រាន់បន្តិច វាចុះពី៧០ទៀត តាមរៀងម៉ាស៊ីនខ្លះ ខាងឈ្មួញចុះមកទិញឈ្មួញកណ្ដាល

កសិកម្នាក់ទៀតលោក សាលូ វណ្ណា លើកឡើងថា ពួកគាត់បានខ្ចីលុយធនាគារដើម្បីយកមកទិញជីទិញថ្នាំជួលគេច្រូត ហើយសព្វថ្ងៃពួកគាត់មិនទាន់មានលុយសងបំណុងដែលខ្ចីគេមកធ្វើដើម្បីនៅឡើយ លោកថាអ្នកសងបំណុលគេមិនរួចនាំគ្នាធ្វើចំណាយស្រុកយកលុយមកសងគេ។

លោកមានប្រសាសន៍ថា៖ “អត់មានលុយសងថ្លៃជី ព្រោះជីសព្វថ្ងៃគេប្រដាក់ឲ្យយើងមកធ្វើកាលណា ធ្វើរួចទៅយើងលក់យកទៅសងថ្លៃជីគេ ថ្នាំបាញ់(ស្រូវ )ធ្ងន់ជាងគេ ថ្នាំបាញ់និងជី ពេលយើងរកស្រូវខាតទៅ យើងអត់មានអីសងគេ។ នៅនេះមានតែសុំពន្យារគេ ពន្យារគេទៅនាំគ្នាទៅថៃទៅរកលុយមកសងគេ សូមឲ្យរដ្ឋាភិបាលជួយធ្វើម៉េចឲ្យតម្លៃស្រូវកសិកនេះ តម្លៃប៉ុណ្ណាឲ្យពិតប្រាកដ ដូចថាកសិករមានសង្ឃឹមដោយដាក់តម្លៃ (ឲ្យបានសមរម្យ) បើតម្លៃតិចពេកមិនរួចខ្លួន

លោកមានបន្តថា ប្រសិនបើតម្លៃស្រូវនៅតែចុះថោកដូចនេះកសិករខ្លះគេនឹងឈប់ធ្វើស្រែហើយធ្វើចំណាកស្រុកទៅប្រទេសថៃ។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចាត់វិធានការទប់ស្តាត់ក្រុមឈ្មួញនិងក្រុមហ៊ុនកុំឲ្យទម្លាក់ថ្លៃកសិផលតាមចិត្ត ខណៈកសិករកំពុងតែប្រមូលផលកសិកម្ម។

អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ប្រសិនបើក្រសួងចង់ទប់ស្កាត់ការទម្លាក់តម្លៃស្រូវរបស់ឈ្មួញនោះ គួរតែចុះធ្វើការនេះផ្ទាល់ឬចាត់ឲ្យមន្ត្រីទាំងអស់ឲ្យចុះត្រួតពិនិត្យនៅពេលដល់រដូវប្រមូលផលរបស់កសិករ។

លោកបន្តថា បើក្រសួងគ្រាន់តែចេញលិខិតជូនដំណឹង ដើម្បីឲ្យចាត់វិធានការនោះ គឺមិនមានប្រសិទ្ធភាពទេ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ