របាយការណ៍ថ្មីមួយរកឃើញថាប្រជាពលរដ្ឋកម្ពុជាភាគច្រើននិយមប្រើប្រាស់បណ្ដាញហ្វេសប៊ុកឬប្រព័ន្ធអ៊ីនធឺណិតដើម្បីស្វែងរកព័ត៌មាន។
របាយការណ៍អង្គការមូលនីធិអាស៊ីស្ដីអំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនិងទូរសព្ទនៅកម្ពុជាសម្រាប់ឆ្នាំ២០១៦ ចេញផ្សាយកាលពីម្សិលមិញបង្ហាញថា បណ្ដាញហ្វេសប៊ុកឬអ៊ីនធឺណិត បានក្លាយជាប្រភពស្វែងរកព័ត៌មានធំជាងគេពោលគឺ៣០ភាគរយ ប៉ុន្តែអ្នកមើលទូរទស្សន៍តែ២៩ភាគរយ និងស្តាប់វិទ្យុមានតែ១៥ភាគរយ។
អ្នកសិក្សាស្រាវជ្រាវអះអាងថា ទីផ្សារទូរសព្ទនៅកម្ពុជាមានការកើនឡើងដោយក្នុងចំណោមមនុស្ស២០៦១នាក់ ដែលគេបានសម្ភាសន៍ ក្នុងនោះពលរដ្ឋមានទូរសព្ទផ្ទាល់ខ្លួនមានចំនួន៩៦ភាគរយ ខណៈពលរដ្ឋប្រមាណ១៣ភាគរយមានទូរសព្ទលើសពី១គ្រឿង។
របាយការណ៍នេះបញ្ជាក់បន្ថែមថា ស្ទើរពាក់កណ្ដាលនៃចំនួនប្រជាពលរដ្ឋខ្មែរ (៤៨ភាគរយ) និយមប្រើប្រាស់បណ្ដាញហ្វេសប៊ុក ឬប្រព័ន្ធអ៊ីនធឺណិត និងភាគច្រើនមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលើទូរសព្ទដៃរបស់ពួកគេ។ ទូរសព្ទស្មាតហ្វូនជាឧបករណ៍ដែលពេញនិយមជាងគេ ដោយអ្នកលេងហ្វេសប៊ុកតែ៣ភាគរយប៉ុណ្ណោះ ប្រើកុំព្យូទ័រដើម្បីចូលអានព័ត៌មានលើវេបសាយ ខណៈ៨០ភាគរយទៀតប្រើទូរសព្ទដៃផ្ទាល់ខ្លួនដើម្បីមើលព័ត៌មាន។
លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជាបានឲ្យដឹងថា អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណែតមានការកើនឡើងដូច្នេះ គឺដោយសារបណ្ដាញសង្គមមានភាពជឿនលឿន និងរហ័សក្នុងការទទួលបានព័ត៌មាន។ លោកក៏ទទូចអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នចំពោះការរំចែករំលែកព័ត៌មាននានាលើបណ្ដាញសង្គមផងដែរ ដោយថាពេលខ្លះវានាំឲ្យមានភាពរញ៉េរញ៉ៃ និងអនាធិបតេយ្យ។
លោកថា៖ «តាមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថាទី១ ទាក់ទងការជឿនលឿនពាក់ព័ន្ធស្មាតហ្វូន។ ពេលខ្លះយើងគិតថាវាមានការលូតលាស់ខ្លាំង ប៉ុន្ដែខ្ញុំមើលឃើញភាពអវិជ្ជមានក៏មានច្រើនដែរ។ ហើយពេលខ្លះ តាមគេហទំព័រទាំងឡាយ តែងតែយកចេញពីហ្វេសប៊ុក ដាក់លើគេហទំព័រ លើព័ត៌មានហ្នឹងជាក់ស្ដែងយ៉ាងម៉េចទេ ប៉ុន្ដែខ្ញុំឃើញកំហុសច្រើនលើអ្នកដែលប្រើប្រាស់ដាក់លើហ្វេសប៊ុកហ្នឹង»។
កាលពីឆ្នាំ២០១៥ អ្នកប្រើបណ្ដាញហ្វេសប៊ុក ឬអ៊ីនធឺណែតមានតែ២៥ភាគរយ ខណៈអ្នកមើលទូរទស្សន៍មាន៣២ភាគរយ និងស្តាប់វិទ្យុ២១ភាគរយ។ ប៉ុន្តែមួយឆ្នាំក្រោយមកនិន្នាការអ្នកប្រើបណ្ដាញហ្វេសប៊ុក ឬអ៊ីនធឺណែតបាននាំមុខគេវិញ៕