ជនជាតិគួយនៅខេត្ដព្រះវិហារចោទក្រុមហ៊ុនចិនមួយថាឈូសឆាយដំណាំពួកគេ

ជនជាតិភាគតិចគួយជាច្រើនគ្រួសារ នៅស្រុករវៀង ខេត្ដព្រះវិហារ ចោទក្រុមហ៊ុនចិនមួយឈ្មោះ ដតខម ថា ឈូ​សឆាយដំណាំពួកគេ ដោយគ្មានផ្ដល់សំណង ខណៈដែលដីធ្លីពួកគាត់​បង្កបង្កើនផលជាង​១០ឆ្នាំ​មក​​ហើយ​នោះ។

ជនជាតិភាគតិចគួយនៅភូមិត្រពាំងទឹម ឃុំរមទម ស្រុករវៀង អ្នកស្រី យឹម សុផាត និងអ្នកស្រី ញឹក ហឿត ប្រាប់ VOD ស្រដៀងគ្នានៅថ្ងៃនេះថា ដំណាំកសិកម្ម​ពលរដ្ឋជាងមួយរយគ្រួសារ​នៅ​តំបន់នោះ​ ត្រូវបាន​​ក្រុមហ៊ុនចិនឈ្មោះ ​ដត​ខម១ ​​ឈូសឆាយរំលោភ ដោយមិនផ្ដល់​សំណង​សមរម្យ​នោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួក​គាត់ ខណៈដែលពួកគេបង្កបង្កើន​ផលលើដីធ្លីនោះជាង​១០ឆ្នាំមកហើយ​។

អ្នកស្រីបន្ដថា ដីចំការទាំងនោះ ពួកគេមានប័ណ្ណកាន់កាប់ពីអាជ្ញាធរមូលដ្ឋានិងទទួល​ពីអតីតក្រុម​និ​ស្សិតដែលចុះវាស់វែងឲ្យពួកគាត់កន្លងមក។ ពួកគាត់បន្ដថា ពួកគាត់មិន​ជំទាស់នឹងការ​អភិវឌ្ឍនោះទេ ប៉ុន្ដែក្រុមហ៊ុនដែលទទួលបានដីសម្បទាន​សេដ្ឋកិច្ចពីរដ្ឋាភិបាលនោះ ត្រូវផ្ដល់សំណងដល់​ពួក​គេ ដើម្បី​យក​ថវិកា​ទៅដោះដូរដីនៅកន្លែង​ផ្សេង។ ពួកគេបន្ថែមថា ពលរដ្ឋបានរកដំណោះស្រាយពីអា​ជ្ញាធរមូលដ្ឋាន​និងអាជ្ញាធរស្រុក ប៉ុន្ដែគ្មានប្រសិទ្ធភាព។ ​ពួកគាត់បន្ដថា៖ “នៅតែឈូសបន្ដ ទោះបីខ្ញុំបិទរបង គេ​យកគ្រឿង​ចក្រមកកកាយ មកតាមរករឿងខ្ញុំទៀត ខ្ញុំមិនឲ្យ បរកាត់ដំឡូង ខូចដំឡូងខ្ញុំអស់រាប់រយគុម្ព បើគេ​ចុះ​មកមើលឃើញជាក់ស្ដែង ខេត្ដអីគេចុះមកថត។ ខ្ញុំមិនដឹងជាទៅណា ខ្ញុំវាក្រខ្លាំងពេករកលុយទិញអង្ករ​ចក្រគ្មានទេ“។

VOD មិនអាចទាក់ទងអ្នកគ្រប់គ្រងក្រុមហ៊ុនដែលរងការចោទប្រកាន់បាននៅឡើយទេ។

ប៉ុន្ដែករណីនេះ មេឃុំរម្យទម លោក ប្រាក់ ថន មានប្រសាសន៍ទទួលស្គាល់ថា ​ពិតជា​មានក្រុមហ៊ុ​ន​​ចិនឈ្មោះ ដតខម១ ឈូសឆាយលើដីដំណាំពលរដ្ឋមែន ប៉ុន្ដែលោកមិនដឹងពីចំនួនគ្រួសារ​ដែលរងប៉ះពាល់ពិតប្រាកដនោះទេ។ លោកបន្ដថា លោកគ្មានលទ្ធភាពដោះស្រាយ ទុកឲ្យពលរដ្ឋនៅតាម​គ្រួសារ​នីមួយ រារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនចិននោះ ដោយលោកថាជម្លោះនោះកើតឡើងមុន​លោក​កាន់តំណែង​ទៅទៀត។ លោកបន្ដថា៖ “ឲ្យប្រជាពលរដ្ឋហ្នឹងទៅទប់ស្កាត់សិន បើផ្ទុះទ្បើងវិញ ខ្ញុំដោះស្រាយ​ ព្រោះយើង​ទាមទារឲ្យគាត់ដោះស្រាយញឹកញាប់ គាត់អត់ដោះស្រាយ ​ចឹងប្រជាពលរដ្ឋគាត់ខឹងសម្បា គាត់ប្ដឹងមកខ្ញុំ​។ ខ្ញុំប្រាប់ឲ្យពលរដ្ឋ បើក្រុមហ៊ុនឈូសចំចន្លោះណាមួយ ឲ្យពលរដ្ឋបោះបង្គោលកន្លែ​ងហ្នឹង“។

ដោយឡែក អភិបាលខេត្ដព្រះវិហារ លោក អ៊ុន ចិន្ដា មានប្រសាសន៍ថា​ ពលរដ្ឋដែលរងគ្រោះអាច​ដាក់ពាក្យប្ដឹងទៅសាលាខេត្ដ។ លោកថា៖ “ឲ្យគាត់មកដាក់ពាក្យមកខេត្ដ“។

ទោះជាយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រ​សាស​ន៍ថា លោកនឹងទៅស៊ើបអង្កេតលើបញ្ហានេះ បន្ទាប់ពីទទួលដំណឹងពីពលរដ្ឋ ​ដែល​លោក​ថាក្រុម​ហ៊ុន​នោះជាក្រុមហ៊ុនចិន ដែលទទួលបានសិទ្ធិរុករ៉ែមាសនៅតំបន់នោះ​។ លោកបន្ដថា តាមច្បាប់ការ​ផ្ដល់ដី​សម្ប​ទាន​សេដ្ឋ​កិច្ចដល់ក្រុមហ៊ុនណាមួយ រដ្ឋាភិបាលត្រូវសិក្សាពីផល​ប៉ះពាល់​និង​ផ្ដល់​សំណងដល់ពួក​គាត់ឲ្យ​បានសមរម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ