ប្រមុខ​កាទូត​រុស្ស៊ី​រំពឹង​ជួប​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​រដ្ឋបាល​លោក ត្រាំ

ប្រមុខ​កាទូត​រុស្ស៊ី លោក Sergie Lavrov បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​លោក​រំពឹង​ថា​នឹង​មាន​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋបាល​លោក ដូណាល់ ត្រាំ អំពី​យុទ្ធសាស្ត្រ​ស្ថេរភាព​ពិភព​លោក ក្នុង​នោះ​មាន​ទាំង​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ផងដែរ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Lavrov បាន​ប្រាប់​ទៅ​ក្រុម​អ្នក​យកព័ត៌មាន​ថា កិច្ច​ពិភាក្សា​បែប​នោះ អាចគ្រប​ដណ្ដប់​ទៅ​លើ​​អាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង ខែល​ការពារ​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប អាវុធ​អវកាស និង​ការ​សាក​ល្បង​អាវុធ។

លោក​បន្ថែម​ថា រុស្ស៊ី​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ជួប​ជាមួយ​រដ្ឋបាល​របស់​លោក ត្រាំ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទាំង​នេះ បន្ទាប់​ពី​លោក ត្រាំ ឡើង​កាន់​តំណែង​ជា​ផ្លូវការ។

ប៉ុន្តែ ប្រមុខ​កាទូត​រុស្ស៊ី​រូប​នេះ បាន​ថ្លែង​រិះគន់​ផង​ដែរ​ថា ការ​ដាក់​ពង្រាយ​កង​ទ័ព​របស់​សម្ព័ន្ធ​យោធា​ណាតូ​នៅ​តាម​បណ្ដា​ប្រទេស​នៅ​សមុទ្រ​បាល់ទិច គឺ​ជា​គំនិត​អាក្រក់។

រុស្ស៊ី ជា​យូរ​មក​ហើយ បាន​ជំទាស់​ថា សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​របស់​អាមេរិក បាន​ឡោម​ព័ទ្ធ​ប្រទេស​រុស្ស៊ី និង​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ