វិភាគ៖ តើ​កម្រិត​សេរីភាព​នៅ​កម្ពុជា​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​តាម​វិធី​ណា?

អង្គការ​ Freedom House បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេសកម្ពុជា​ថា «គ្មាន​​សេរីភាព» ដោយ​បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត បន្ទាប់​ពី​ប្រទេស​នេះ​បាន​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អង្គការ​ស៊ីវិល​មួយ​ចំនួន កាល​ពី​ឆ្នាំ​កន្លង​មក​នេះ។

អង្គការ​ Freedom House បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេសកម្ពុជា​ថា «គ្មាន​​សេរីភាព» ដោយ​បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត បន្ទាប់​ពី​ប្រទេស​នេះ​បាន​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អង្គការ​ស៊ីវិល​មួយ​ចំនួន កាល​ពី​ឆ្នាំ​កន្លង​មក​នេះ។

អង្គការ​​សិទ្ធិ​មនុស្ស​អន្តរជាតិ​​មួយ​នេះ បាន​ចាត់​ចំណាត់​ថ្នាក់​បែប​នេះ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របសស់​ខ្លួន ដែល​ត្រូវ​បាន​ដាក់​ចំណង​ជើង​ថា «ប្រជាធិបតេយ្យ​ស្ថិត​ក្នុង​វិបត្តិ» ហើយ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

នៅ​ក្នុង​របាយការណ៍​​នោះ អង្គការ Freedom House បាន​វាយ​តម្លៃ​​កម្ពុជាជាមួយ​ពិន្ទុ​ត្រឹម​តែ ៣០ នៅ​ក្នុង​ចំណោម​ពិន្ទុ​សរុប ១០០ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​វាយ​តម្លៃ​​ពី​កម្រិត​សេរីភាព​នៅ​តាម​បណ្ដា​ប្រទេស​នានា​នៅ​ទូទាំង​ពិភព​លោក។

ជាមួយ​កម្រិត​ពិន្ទុ​បែប​នេះ ប្រទេស​កម្ពុជា​ត្រូវ​បាន​អង្គការ​នេះ ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​ «គ្មាន​​សេរីភាព»។ មិន​ត្រឹម​តែ​ស្ថិត​ក្នុង​កម្រិត «គ្មាន​សេរីភាព»​ នោះ​ទេ ប៉ុន្តែ អង្គការ​នេះ​បាន​វាយ​តម្លៃ​ថា ស្ថានភាព​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត បន្ទាប់​ពី​ការ​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​នេះ។

បន្ទាប់​ពី​ការ​វាយ​តម្លៃ​ពី​កម្រិត​សេរីភាព​នៅ​កម្ពុជា​ត្រូវ​បាន​ចេញ​ផ្សាយ វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​កម្រិត​សេរីភាព​នៅ​កម្ពុជា​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​តាម​វិធី​ណា?

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​កម្ពុជា បាន​យល់​ស្រប​ទៅ​នឹងអ្វី​ដែល​អង្គការ Freedom House បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ឬ​ក៏​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។

បើទោះបី​ជា​រូប​លោក​ពិបាក​វាស់​វែង​ពី​កម្រិត​នៃ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជាក្ដី ប៉ុន្តែ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គិមអេង លោក​មើល​ឃើញ​​ថា លំហ​សេរីភាព​ក្នុង​ប្រទេសនេះ ពិត​ជា​បាន​រួម​តូច​​កាល​ពី​ឆ្នាំ​មុន។ លោក គិមអេង មើល​ឃើញ​បែប​នេះ ដោយ​លោក​ផ្អែក​ទៅ​លើ​ហេតុការណ៍​នយោបាយ​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៧។

លោក យ៉ង់ គិមអេង ប្រាប់​ថា៖ «​សំខាន់ខ្ញុំ​នៅ​តែ​ទទួល​ស្គាល់​ថា សេរីភាព​នោះ មាន​ការ​រួម​តូច​ជាង​មុន។ វា​មិន​អាច​​មាន​កម្រិត​ស្មើ​មុន​ពេល​ដែល​រំលាយ​បក្ស​ប្រឆាំង ឬ​ក៏​ពីមុន​ឆ្នាំ​២០១៦ ឬ​ក៏​ដើម​ឆ្នាំ​២០១៧ យើង​ឃើញ​ថា សេរីភាព​មាន​នៅ​ច្រើន ក៏​ប៉ុន្តែ ក្រោយ​មក សេរីភាព​ហ្នឹង​មាន​ការ​ថយ​ចុះ​ដែរ»

បើ​តាម​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ការ​ធ្លាក់​​ចុះ​នៃ​កម្រិត​សេរីភាព​នៅ​ក្នុង​ប្រទេស​មួយ​ ប៉ះ​ពាល់​សំខាន់​ទៅ​លើ​ទំនាក់​ទំនង​រវាង​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា និង​រដ្ឋាភិបាល ដែល​នឹង​ត្រូវ​ឆ្លើយ​តប ឬ​ដោះ​ស្រាយ​បញ្ហា​ឲ្យ​ប្រជា​ពលរដ្ឋ។

លោក គិមអេង បញ្ជាក់​បន្ថែម​ថា​៖ «អញ្ចឹង ប្រសិន​បើ​លំហ​សេរីភាព​នេះ​ទូលំ​ទូលាយ គឺ​រដ្ឋាភិបាល​អាច​ទទួល​បាន​ព័ត៌មាន​ពិត ហើយ​ព័ត៌មាន​ពិត​ហ្នឹង គឺ​មាន​ផល​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ហ្នឹង ឲ្យ​ចំ​តាម​តម្រូវការ​ជាក់​ស្ដែង​របស់​ប្រជា​ពលរដ្ឋ ការ​ធ្វើ​គោល​នយោបាយផ្សេងៗ​ដើម្បី​ឆ្លើយ​តបនឹង​ប្រជា​ពលរដ្ឋ​ហ្នឹង»

ការ​ធ្លាក់​ចុះ​នៃ​កម្រិត​សេរីភាព​បញ្ចេញ​មតិ ត្រូវ​បាន​នាយក​ប្រតិបត្តិ​សម្ព័ន្ធគណនេ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា បាន​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ម៉្លេះ បន្ទាប់​ពី​ការបង្ក្រាប​​ដោយ​ហិង្សា​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ។

លោក សន ជ័យ ប្រាប់​ថា​៖ «យើង​សង្កេត​ឃើញ​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ក្ដី​ហ្នឹង វា​មាន​ការ​ធ្លាក់​ចុះ ក្រោយ​ពេល​មាន​ការ​បង្ក្រាប​នៅ​ក្នុង​ការ​តវ៉ា​តាំង​ពី​ដើម​ឆ្នាំ​២០១៤​មក ហើយ​ពេល​នោះ​ហើយ​ដែល​សកម្មភាព​តវ៉ា​ ឬ​ក៏​ការ​សម្ដែង​មតិមួយ​ចំនួន​ដើម្បី​ទាមទារ​នូវ​ការ​ដោះ​ស្រាយ​បញ្ហា​​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង ត្រូវ​បាន​រារាំង។ យើង​មើល​ទៅ​ដូច​ជា​ការ​តស៊ូ​មតិ​រឿង​បញ្ហា​ដី​ធ្លី រឿង​សិទ្ធិ​កម្មករអី​ជា​ដើម​ហ្នឹង តាំង​ពី​មាន​ច្បាប់​សហជីព​មក ហើយ​និង​ច្បាប់ស្ដី​ពី​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល​។ អញ្ចឹង​ហើយ​ នេះ​គឺ​ជា​ទម្រង់​នៃ​ការ​រួម​តូច​នៃ​សេរីភាពសម្ដែង​មតិ​របស់​មនុស្ស​នៅ​ក្នុង​ទម្រង់​ជា​ក្រុម»

ក្រៅ​ពី​មើល​ឃើញ​ការ​រួម​តូច​នៃ​លំហសេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល លោក យឿង សុធារ៉ា យល់​ឃើញ​ថា ស្ថានភាព​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​កែលម្អ​ឡើង​វិញ តាម​រយៈ​ការ​បើក​​ឲ្យ​មាន​ឡើង​វិញ​នូវ​​ការ​សម្ដែង​មតិ​របស់​ប្រជា​ពលរដ្ឋ និង​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

​លោក សុធារ៉ា ប្រាប់​ថា​៖ «សេរីភាព​ទាំង​អស់​នេះ យើង​ reinstate[ស្ដារ​ឡើង​វិញ] យើង​វិល​ទៅ​ស្ថានភាព​មុន ឬ​ក៏​ប្រសើរ​ជាង​មុន​ទៅ ដូចជា អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហ្នឹង គាត់​បើក​ដំណើរការ​​តាម​វិជ្ជា​ជីវៈ ទៅ​តាម​ក្រប​ខណ្ឌ​ការងារ​របស់​គាត់វិញ​ទៅ​​ […] ក្នុង​ប្រទេស​ប្រជាធិបតេយ្យ យើង​អាច​ហៅ​ថា ប្រជាធិបតេយ្យ​បាន ទាល់​តែ​អំណាច​សារព័ត៌មាន ឬ​ក៏​ថា សារព័ត៌មាន​ហ្នឹង ត្រូវ​មាន​តុល្យភាព​គ្នា ត្រូវ​មាន​ទាំង​សង​ខាង មាន​ទាំង​អ្នក​ដែល​និយាយ​រិះ​គន់ មាន​ទាំង​អ្នក​និយាយ​សរសើរ វា​មាន​ទាំង​អ្នក​ឯករាជ្យ​និយាយ​រិះគន់​ផង​សរសើរ​ផង»

ប្រទេស​កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា កំពុង​ធ្វើ​ដំណើរ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ​ ហើយ​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​នេះ តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ត្រូវ​បាន​ដក​ហូត​ និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង ដែល​មិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក។

ជាង​នេះ​ទៅ​ទៀត មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញាឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»

ក្រៅ​ពី​ចំណាត់​ការ​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីងតោន​មួយ​នេះ បាន​និយាយ​ក្នុង​របាយការណ៍​នោះ​​ទៀត​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រង​ផល​ប៉ះពាល់ បន្ទាប់​ពី​អាជ្ញាធរ​ប្រទេស​នេះ បាន​បិទ​កាសែត​ឯករាជ្យ ខេមបូឌា ដេលី ការ​ជំរុញ​ឲ្យ​ស្ថានីយ៍​វិទ្យុ​ជាច្រើន បិទ​ការ​ផ្សាយ និង​ការ​ប្រកាស​របស់​រដ្ឋាភិបាលថា ការ​ចែក​រំលែក​មតិ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម គឺ​ជា​«បទ​ល្មើស»​នោះ។

ទោះជាយ៉ាងណា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី ដូចជា ថៃ ភូមា វៀតណាម និង​ឡាវ និង​ប្រទេស​ជាច្រើន​នៅ​តំបន់​អាហ្វ្រិក ដែល​អង្គការ Freedom House ចាត់​ថ្នាក់​ជា​ប្រទេស «មិន​មាន​សេរីភាព»៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។