សមត្ថកិច្ចបញ្ជូនលោក គឹម សុខ ទៅឃុំខ្លួន​នៅរសៀលនេះ​

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

សមត្ថកិច្ចបានដឹកលោក គឹម សុខ  អ្នកឃ្លាំមើលនិ​ងអត្ថាធិប្បាយបញ្ហា​សង្គមយកទៅ​ឃុំខ្លួន​នៅម៉ោង​ជាង៣រសៀល ហើយពល​រដ្ឋដែលតាមដានករណីនេះនាំគ្នាស្រែកតវ៉ា​និងរិះ​គន់​តុលាការ​ថា ធ្វើការមិនបម្រើផលប្រយោជន៍ពលរដ្ឋ។​

រថយន្តស៊ឺរ៉ែន បិទកញ្ជក់ពណ៌ខ្មៅ បានបើកចេញពីសាលាដំបូងយ៉ាងលឿន កាត់ហ្វូងប្រជាពល​រដ្ឋដែល​នៅ​តាម​ដានជុំវិញនោះ។

ដោយឡែក ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលអមដំណើរលោក គឹម សុខ ទៅសាលាដំបូងរាជធានីភ្នំពេញ បាន​ឲ្យដឹងថា ចាប់ពីម៉ោង១១ព្រឹកថ្ងៃនេះ ដល់ម៉ោងជាង៣រសៀល ព្រះរាជអាជ្ញា សៀង សុខ​ បានសួរព្រះអង្គ ដោយផ្តោតលើមូលនិធី គឹម សុខ ថានណាជាអ្នកបង្កើត។ ព្រះអង្គបន្តថា៖ «ព្រះរាជអាជ្ញាបានសួររកអ្នកណាជាអ្នកចូលរួមក្នុងសមាសភាពបង្កើតគណៈកម្មការមូលនិធិ គឹម សុខ ហើយបានសុំច្បាប់ស្របច្បាប់ហើយឬនូវ ?អាត្មាបានឆ្លើយជាមួយនឹងលោកព្រះរាជអាជ្ញា សៀង សុខ ថា ជំរើសដែលបានផ្តិតមេដៃនៅក្នុងហត្ថលេខាប្រគល់ព្រះរាជអាជ្ញាគឺថាមានតែភិក្ខុប៊ុត ប៊ុនទិញមួយទេដែលឈរជាជំហក្នុងការបង្កើតមូលនិធិនោះ។ អ្នកផ្សេងទៀតមិនទាន់មានចម្លើយ មានឈ្មោះប្រាកដថាគេនឹងចូលរួមឬអត់ទេ»។

បើតាមសហគមន៍បឹងកក់ ដែលតាមពីក្រោយរថយន្តដឹក លោក គឹម សុខ បានឲ្យដឹងថា លោក គឹម សុខ ត្រូវបាន​តុលាការ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។

កាលពីពេលថ្មីៗនេះ លោក គី តិច មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោក គឹម សុខ ពីរសំណុំរឿង។ សំណុំរឿង​ទីមួយ ប្តឹង​លោក គឹម សុខ ថា បាន​អត្ថាធិប្បាយ​ចោទ​ប្រកាន់​គណ​បក្ស​ប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន និង​ទាម​ទារ​សំណងជំងឺចិត្ត៥០ម៉ឺនដុល្លារ។ បណ្តឹងមួយករណីទៀតថា លោក គឹម សុខ បាន ចោទ រដ្ឋាភិបាលកម្ពុជា ថា ជាអ្នក​រៀបចំប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ និងទារ​ប្រាក់​សំណង​១០​លាន​រៀល​ផងដែរ​។

បើតាម ព្រះសង្ឃ ប៊ុត ប៊ុនតិញ តុលាការបានចោទប្រកាន់លោក គឹម សុខ ចំនួន​ពីរបទល្មើស រួមមាន​ បទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជា​សាធារណៈ» ដោយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ