បទយកការណ៍៖ ប្រជាសហគមន៍ត្រពាំងឈូកបារម្ភពីការបាត់បង់ផ្ទះ ខណៈអាជ្ញាធរចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ

មានទាំងអ្នកស្លៀកសំលៀកបំពាក់ធម្មតា មានទាំងអ្នកស្លៀក​ឯកសណ្ឋាននគរបាល ​និងសន្តិសុខ កំពុងតែកាន់ឧបករណ៍សំណង់ដូចជា ញញួរ រណា​ ដែកស្បែង តែមិនមែនសាងសង់​ទេ គឺនាំគ្នារុះយកឈើ ស័ង្កសី ក្តារបន្ទះ ពីបន្ទប់តូចៗ នៅលើត្រពាំងដែលគោកទឹកអស់។​ ដើរពីលើស្ពានឈើទទឹងប្រហែលមួយម៉ែត្រ ដែលគេសង់ខ្វាត់ខ្វែងមើលទៅបន្ទប់ផ្ទះ ខ្លះនៅពេលគេរុះអស់ ឃើញមានតែសំរាមពាសពេញ ច្រើនជាងគេគឺដបទឹកសុទ្ធ។ ទីនេះ គេស្គាល់ថា ជាតំបន់ត្រពាំងឈូក ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅចំហៀងម្ខាងផ្លូវ២៧១ ទល់មុខពេទ្យលោកសង្ឃ​ចន្លោះទៅផ្សារ ហេង លី ដែលល្បីថាបញ្ហាគ្រឿងញៀនកន្លងមកមិនអាចបង្ក្រាបបាន ដោយ​សារត្រពាំងឈូកជាតំបន់​ដែលមានភាពស្មុគស្មាញ ហើយនៅខែកុម្ភៈ ឆ្នាំ២០១៧នេះ មានការចុះបង្ក្រាបទ្រង់ទ្រាយធំជាងមុន។

អង្គុយក្នុងផ្ទះលក់អីវ៉ាន់ចាប់ហួយជាប់បន្ទាប់ដែលគេកំពុងរុះ អ៊ំស្រីម្នាក់ថា អ៊ំបានមកនៅទីនេះ​តាំងពីយូរហើយ​ ដោយទិញតពីជនពិការដែលគេចែកដីនេះពីមុនឲ្យ «ពើកលើ ខាងក្រោមសុទ្ធទឹក។ ខ្ញុំចូលដំបូងតាំងពីខាងក្រោមអត់មានពើកអី ទឹកល្ហេវល្ហរ។ អ្នករើផ្ទះហ្នឹងជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន…»។

ស្ត្រីចំណាស់ម្នាក់ទៀត កំពុងអង្គុយរង់ចាំគេមកបាញ់ថ្នាំសំគាល់ដី​របស់គាត់ បន្ទាប់ពីបានរុះផ្ទះខ្លួនឯងយកឈើរួចហើយ អ៊ំស្រីថាផ្ទះគាត់មិនពាក់ព័ន្ធគ្រឿងញៀនទេ គ្រាន់តែជួលឲ្យគេបើកហ្គេម ហើយខ្លាចចង់លក់​ផ្ទះចេញ «លក់បានផ្ទះមួយហើយ នៅសល់ផ្ទះពីរទៀត។ មិនហ៊ានទុកផ្ទះច្រើនខ្លាចឆេះ លើកមុនគេបញ្ឆេះមួយសារហើយ»។

ងាកមកជួបយុវជនម្នាក់រាងស្គម ឈ្មោះ បូរមី កំពុងអង្គុយមើលគេរុះផ្ទះ ប្រាប់ថា​មានអារម្មណ៍ខ្មាស​គេ ដែលរស់នៅតំបន់គ្រឿងញៀនជួនកាលប៉ូលិសចាប់ដោយផង ពេលចុះ បង្ក្រាបកន្លងមក «ពេលទៅរៀនមិត្តភក្តិសួរថានៅទឹកថ្លា អត់ហ៊ានថានៅហ្នឹងទេ។ គេចាប់ច្រឡំដែរ អ្នកភូមិជួយប្រាប់ គេព្រលែងវិញ…»។

មាឌក្រអាញដុះក្បាលពោះធំ មានឯកសណ្ឋានពណ៌សមួយឈុត កំពុងនាំកម្លាំងចុះពិនិត្យមើលគេរុះផ្ទះ លោក កែវ គួយ ជាគណៈបញ្ជាការឯកភាពសាលាខណ្ឌសែនសុខ ប្រាប់ថា អ្នកប្រើគ្រឿងញៀនច្រើនមកពីចំងាយ ហើយទិញមកប្រើនៅផ្ទះជួលនៅតំបន់ត្រពាំងឈូកនេះ។ ដោយពិបាកបង្ក្រាបព្រោះផ្ទះជួលនៅពីលើ អ្នកប្រើគ្រឿងញៀនខ្លះនៅពីក្រោម មធ្យោបាយល្អត្រូវរើផ្ទះដើម្បីងាយស្រួលមើល ហើយដីនៅជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះដដែល «កាលណាគាត់រើមានទៅបាត់បង់អី ផ្ទះបងប្អូនណាគាត់មករុះរើទៅ បើមិនរុះរើទេកម្លាំងគណៈបញ្ជា​ការឯកភាពនឹងរុះរើ។ មិនទាន់ធ្វើផ្ទះវិញបានឥឡូវទេប្រហែលនៅយូរទៀត…»។

លោក មុត សុវណ្ណ ជានាយករដ្ឋបាលខណ្ឌសែនសុខក៏មានវត្តមាននៅពេលនេះដែរ លោកបបួលក្រុមការងារលោកជួយទិញចំណីរបស់ប្រជាពលរដ្ឋដែលមានដាក់លក់តាមផ្ទះផង និង​ផ្តល់បទសំភាសន៍ផងពីការបង្ក្រាប និងចំនួនតួលេខបន្ទប់ថា «គិតពីដើមខែមករារហូតដល់ថ្ងៃ១២កុម្ភៈ ឃាត់ខ្លួនមនុស្ស៣៥៤នាក់ ស្ត្រី៤៦នាក់ ៧០ករណី រឹបអូសបានថ្នាំញៀន១៥៩ថង់តូច។ ជាវិធានការរដ្ឋបាលត្រូវធ្វើរុះរើបន្ទប់ជួលទាំងអស់៧៣បន្ទប់ ដែលជាកន្លែងចាប់បានជនល្មើសឬអ្នកប្រើប្រាស់ជាក់ស្តែងនៅកន្លែងហ្នឹង!»។

ក្រុមអជ្ញាធរហាក់ដូចជាមកអន្តរាគមន៍ ច្រើនឡើងៗ នៅពេលមានវត្តមានអ្នកសារព័ត៌មាននៅពេលនេះ។ លោក សាង សុភ័គ្រវិចិត្រ អភិបាលរងខណ្ឌសែនសុខ ប្រាប់បន្ថែមថា មុននឹងរុះរើគឺបានបិទ​ប្រកាសមុនរាប់អាទិត្យទើបប្រើវិធានការរដ្ឋបាល ដើម្បីស្រង់ស្ថិតិមុននឹងឲ្យសាងសង់វិញមិនមែនជាលេសដេញប្រជាជនចេញទេ «សូមបញ្ជាក់ថា អ្នកដែលយកលេសហ្នឹងគឺគិតខុសហើយ។ យើងចង់ឲ្យប្រជាជនសប្បាយចិត្ត។ ខ្ញុំតួនាទីជាអភិបាលរងធានាបញ្ហាហ្នឹង ខ្ញុំឈរជើងហ្នឹង អត់មានលេសករណីរើចេញទេ មករករឿងខ្ញុំបាន!»។

រួសរាយ និយាយ ឮៗ ច្បាស់ៗ មានទំនុកចិត្ត លោក ឈុន​ ចាន់លី គឺជាមេភូមិបុរីកម្ម ក្នុងតំបន់ត្រពាំងឈូកនេះ រំលឹកថា​នៅតំបន់នេះ​មិនមែនពាក់ព័ន្ធនឹងគ្រឿងញៀនទាំងអស់ទេ។ កន្លែង​ដែលពាក់ព័ន្ធគ្រឿងញៀន​គឺឋិតក្នុងក្រុម១០ និងក្រុម១១ តែនៅតែមិនមែនមានន័យថាអ្នកនៅទីនោះទាំងអស់ដែរ។ លោកបញ្ជាក់ថា កុំហៅតំបន់អណាធិបតេយ្យ «ក្នុងតំបន់​ស្មុគ្រស្មាញ តំបន់មិនទាន់រៀបរយ សូមស្នើកុំឲ្យដាក់ថាតំបន់អណាធិបតេយ្យ… គឺតំបន់មិនទាន់រៀបរយដោយសារបញ្ហាគ្រឿងញៀន…»។

យ៉ាងណាក៏ដោយ អ្នកនៅក្នុងតំបន់នេះ​នៅតែមានការព្រួយបារម្ភទោះបីជាបានរស់នៅមកយូរជាច្រើនឆ្នាំក៏ដោយ។ អ្នកបារម្ភព្រោះឃើញគេរុះរើផ្ទះ ព្រោះកន្លងមកឃើញមានការបណ្តេញចេញនៅតំបន់ផ្សេង។ អកុសលទើបតែក្លាយជាស្ត្រីមេម៉ាយថ្មីៗ ដែលរស់នៅតំបន់ត្រពាំងឈូកជិត២០ឆ្នាំហើយ អ្នកស្រី គឹម ឡេង នៅតែមិនទុកចិត្ត ព្រោះធ្លាប់បានទៅសួរអជ្ញាធរធ្វើប្លឹងរឹងមិនបាន «ឃើញគេរុះគេរើចេះតែបារម្ភ ព្រោះកន្លែងហ្នឹងយើងវាភិតភ័យ សុទ្ធមានគ្រឿងញៀនមករញ៉េរញ៉ៃយើងបារម្ភ។ ឃើញគេដើរវាស់វែង ចរចាមអារាមអញ្ចេះអញ្ចុះ ខ្ញុំគេងមិនលក់។ ខំប្រឹងចង់ងាប់ចង់រស់បើគេបណ្តេញចេញទៅបានលុយណាទៅទិញផ្ទះនៅ។ សំណូមពរឲ្យមានប្លង់រឹង…»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ