ផ្ទះពលរដ្ឋនៅបាត់ដំបងជាង១០ខ្នងរងការខូចខាតដោយសារខ្យល់កន្រ្តាក់

ដំបូលផ្ទះបានប៉ើងដោយសារខ្យល់កន្ត្រាក់ (ហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម)

ផ្ទះប្រជាពលរដ្ឋប្រមាណជាង១០ខ្នងក្នុងឃុំបឹង ប្រាំស្រុកបរិល ​ខេត្តបាត់ដំបង​ ត្រូវខូចខាតទាំងស្រុង​ដោយសារខ្យល់កន្រ្តាក់លាយឡំទឹកភ្លៀងកាលពីយប់ថ្ងៃទៅ១៦ ខែមីនាម្សិលមិញ។

លោក អុល លីយ៉ាន ដែលអះអាងថា ជាតំណាង​ពលរដ្ឋ១៩២គ្រួសារ ក្នុងឃុំ​បឹង ​ប្រាប់វីអូឌីថា ​កាលពីល្ងាចថ្ងៃទី១៦មីនានេះថា ផ្ទះប្រជាពលរដ្ឋប្រមាណ១២ រួមទាំងសាលារៀន១ខ្នងទៀត នៅក្នុង​ឃុំបឹង ត្រូវ​ខ្យល់កន្រ្តាក់​បក​បោក​ ដោយ​មានផ្ទះពលរដ្ឋខ្លះ ដូលរលំ ​ខ្លះទៀត​បើង​ដំបូល​ បណ្តាល​ឲ្យ​បាត់បង់ទ្រព្យសម្បត្តិ និងមានមនុស្សម្នាក់រងរបួសស្រាយក្នុងហេតុការណ៍នេះផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំគ្រាន់តែសរុបអ្នកដួលៗទេ អ្នកបាក់បែកតិចៗ ខ្ញុំមិននិយាយទេ ទាំងអស់១១ខ្នង បន្ទប់ទឹកអីសណ្តក់ទាំងអស់ អត់មានអ្នកណាជួយទេ ម្នាក់ៗមុខឡើងខ្មៅអែរ​ ឥលូវពលរដ្ឋខ្លះ យកកៅស៊ូតង់បាំងដេកក្រោមគោយន្តទេ ហើយខ្លះដេកក្រោមដើមឈើទេ»។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ជួន ផល្លី និយាយថា ផ្ទះអ្នកស្រីមានទំហំ៦គុណ៧ម៉ែត្រត្រូវខ្យល់កន្រ្តាក់​បោក​ឲ្យ​ខូចខាត​ទាំងស្រុង ដោយដួលរំលំប៉ើងដំបូលនិងខូចខាតផលដំណាំមួយចំនួនផងដែរ។

អ្នកស្រីបានអំពាវនាវសុំឲ្យរដ្ឋាភិបាលនិងសប្បុរសជនជួយដល់ពួកគាត់ដែលជាពលរដ្ឋកំពុងរងគ្រោះ ដោយថា ពួកគាត់ជាពលរដ្ឋក្រីក្រ ហើយភាគច្រើនជាជនរងគ្រោះដីធ្លីនិងជាជនពិការ។

អ្នកស្រីបន្ថែមថា «ខ្ញុំអំពាវនាវសុំឲ្យដ្ឋាភិបាលជួយដល់ពួកខ្ញុំផងខ្ញុំជាជនរងគ្រោះ រងគ្រោះដីធ្លី ដោយសារមានទំនាស់ហើយ អាផ្ទះសំបែងក៍ខ្ទេចអស់ដោយខ្យស់ ដល់អញ្ចឹងខ្ញុំមិនគិតទៅ ខាងទេ ឆ្នាំនេះធ្វើស្រែក៍មិនកើត អញ្ចឹងមានតែសុំអ្នកមានសប្បុរសជនដែលមានទឹកចិត្តជួយ ផង ជាពិសេសរដ្ឋាភិបាលជួយមើលគ្នាអ្នករងគ្រោះធ្ងនផង »

អ្នកស្រីបន្តថារហូតមកដល់ថ្ងៃសុក្រនេះ មិនមានអាជ្ញាធរណាចុះជួយឬសួរសុខទុក្ខ​ពីទំហំនៃការខូចខាតដោយសារបញ្ហាគ្រោះធម្មជាតិនេះនៅឡើយទេ។

អគ្គស្នងការនគរបាលជាតិឲ្យដឹងថានៅថ្ងៃនេះថា យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋ១២ខ្នង នៅ​ស្រុកចំនួន៣ក្នុងខេត្តបាត់ដំបង បានទទួលរងការខូចខាតដោយ​សារ​ខ្យល់កន្រ្តាក់កាល​ពីល្ងាច​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងនោះមានស្រុកបាណន់ ស្រុកកំរៀង និងស្រុកបរិវេល។

អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ក្រោយពីកើតមានគ្រោះធម្មជាតិនេះ អធិការស្រុកទាំង៣ បាន​កំពុងដឹកនាំកំលាំងនគរបាលសហការជាមួយប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ នីមួយៗ ធ្វើការជួសជុល​ផ្ទះសំបែង និងរៀងចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយឡើងវិញ។

កាលពីថ្ងៃទី១៦មីនាម្សិលមិញនេះ ក្រសួធនធានទឹក និងឧតុនិយម ក៏បានជូនដំណឹងថា ប្រទេសកម្ពុជា​​​នឹងបន្តទទួលរងភ្លៀងកក់ខែបន្តទៀតក្នុងរដូវក្តៅនេះ ហើយក៏អាចនាំឲ្យមានផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​មកជាមួយផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ