​តើ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​បាន​ដោយ​របៀប​ណា ?

កាលណានិយាយពីថ្ងៃ១៧ មេសា គេត្រូវនិយាយពីខ្មែរក្រហម។ តាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ របស់អ្នកនិពន្ធឌី ខាំបូលី បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅឆ្នាំ២០០៧ ថា “ខ្មែរក្រហម” គឺជាឈ្មោះ ដែលសម្ដេចព្រះនរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅទៅលើក្រុមកុម្មុយនីស្ត ដែលប្រឆាំងនឹងព្រះអង្គនៅទសវត្សរ៍ឆ្នាំ១៩៦០។ ឈ្មោះផ្លូវការរបស់ក្រុមនេះគឺ បក្សកុម្មុយនីស្តកម្ពុជា ដែលចូលកាន់កាប់ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ក្រោយ១៧ មេសា របត់នយោបាយ នៅឥណ្ឌូចិនបានផ្លាស់ប្ដូរ។ កម្ពុជា និងវៀតណាម មានជម្លោះព្រំដែននឹងគ្នា ហើយចិនបានក្រសោបយកទំនាក់ទំនងផ្ដាច់មុខជាមួយកម្ពុជាប្រជាធិបតេយ្យ។

ច្រកចេញចូលមកកាន់កម្ពុជា មានតែតាមរយៈទីក្រុងប៉េកាំងមួយគត់។ ផលិតផលកសិកម្មខ្មែរយ៉ាងច្រើនលើសលុប ត្រូវដោះដូរជាមួយនឹងសព្វាវុធរបស់ចិន ដើម្បីយកទៅធ្វើសង្គ្រាមជាមួយវៀតណាម ខណៈដែលពលរដ្ឋខ្មែរទូទាំងប្រទេសរស់ក្នុងទុរភិក្សអត់ឃ្លាន។

តើពួកខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃ១៧ មេសា ដោយរបៀបណា?

តាមការសិក្សា មានកត្តារួមផ្សំជាច្រើនដែលជាបុព្វហេតុនាំឲ្យពួកខ្មែរក្រហម ទទួលបានជ័យជម្នះ ដូចជាោ៖

១. របត់នយោបាយពិភពលោកដែលសម័យកាលនោះចលនាគាំទ្រកុម្មុយនីស្តរីកចម្រើនខ្លាំង។

២. ការបង្ក្រាបអ្នកប្រឆាំងយ៉ាងធ្ងន់ធ្ងរ នៅអំឡុងទសវត្សរ៍១៩៦០ ដូចជាករណីសម្លាប់នៅត្រពាំងក្រឡឹង និងការបង្ក្រាបនៅសំឡូតជាដើម។

៣. រដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុ ជាកត្តាជំរុញឲ្យព្រះអង្គងាកទៅសហការជាមួយពួកខ្មែរក្រហម ធ្វើឲ្យអ្នកគាំទ្រព្រះអង្គរត់ចូលទៅក្នុងចលនាខ្មែរក្រហមកាន់តែច្រើនឡើង ដែលជាបុព្វហេតុធំបំផុតធ្វើឲ្យចលនានេះទទួលបានជ័យជម្នះ។

៤. អំពើពុករលួយនៅសម័យ លោក សេនាប្រមុខ លន់ នល់ ក៏ជាកត្តាជំរុញចិត្តបញ្ញវ័ន្ត ដែលស្អប់ខ្ពើមអំពើនេះ ងាកទៅគាំទ្រពួកកុម្មុយនីស្តខ្មែរក្រហម ដែលគេគិតថា ជាជនស្អាតស្អំ។

ពាក់ព័ន្ធនឹងរបត់នយោបាយពិភពលោកវិញ អ្នកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា កាលណានិយាយពី១៧ មេសា គឺត្រូវនិយាយពីការកកើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០។

ត្រង់ចំណុចនេះ បណ្ឌិតវិទ្យាសាស្ត្រនយោបាយរូបនោះ បានបន្ទោសលើភាពល្ងង់ខ្លៅរបស់អ្នកនយោបាយខ្មែរ ដែលទៅចាប់ដៃគូជាមួយវៀតណាម ដែលលោកគិតថា ជាប្រទេសមិនដាច់ស្រឡះ មានភាពវាក់វិន ហើយរហូតដល់ផ្ដល់ដែនដីកម្ពុជា ដែលជាដែនដីសុវណ្ណភូមិ ទៅឲ្យពួកយៀកកុងមករស់នៅរាប់សែននាក់។

លោក សុខ ទូច ឲ្យដឹងទៀតថា នៅពេលនោះមិនត្រឹមផ្តល់ដែនដីឲ្យគេជ្រោកកោណនោះទេ ថែមទាំង ចិញ្ចឹមទាំងបាយ ទាំងទឹកទាំងជម្រក គឺដោយសារតែបុព្វហេតុនៃបក្សកុម្មុយនីស្តឥណ្ឌូចិននេះឯង។ លោកបណ្ឌិតបន្ថែមថា កុម្មុយនីស្តខ្មែរ គ្មានមនោគមច្បាស់លាស់ទេ គឺដើរតាមគេ ជាហេតុធ្វើឲ្យគេទាញយើងធ្លាក់ទៅក្នុងសង្គ្រាមយ៉ាងមហន្តរាយ។

លោកថា៖គេបានទាញយើងឲ្យធ្លាក់ទៅក្នុងរណ្តៅកម្មុយនីស្ត គេរួមកម្លាំងគ្នាវាយសហរដ្ឋអាមេរិក ដើម្បីបណ្តេញសហរដ្ឋអាមេរិក។ នៅពេលហ្នឹងបើសិនជាខ្មែរមានគំនិត យកអ្នកនយោបាយធំៗជាអាការដឺម៉ិចធំៗធ្វើជាការពិគ្រោះ ពេលហ្នឹងយើងអាចទទួលបានជោគជ័យ ដូចប្រទេសថៃអញ្ចឹង ពីដើមគេយកប្រទេសថៃធ្វើជាចំនុចសម្រាប់ទប់ស្កាត់ របបកុម្មុយនីស្តទេ ក្រោយមកគេយកកម្ពុជាធ្វើជាចំនុចទប់ស្កាត់ របបកុម្មុយនីស្តវិញ

លោកបណ្ឌិតបន្ថែមថា ការរីកចម្រើនរបស់ខ្មែរជាគុជនៅអាស៊ី ក្នុងអំឡុងទសវត្សរ៍១៩៦០ ដោយសារតែពួកបស្ចិមប្រទេស ចង់ជួយខ្មែរ យកខ្មែរជាចំណុចទប់ស្កាត់ ការរីករាលដាលនៃរបបកុម្មុយនីស្ត ក្នុងនោះចិនបានជួយធ្វើពេទ្យចិន រុស្សីជួយធ្វើផ្លូវ ធ្វើមន្ទីរពេទ្យ ជួយសាលាតិចណូ ឆេកូជួយរោងចក្រអគ្គិសនី រោងចក្រធ្វើកង់ឡាន រោងចក្រក្រដាសចំណែកអាមេរិកវិញ ជួយធ្វើផ្លូវជាតិលេខ៤ ជាដើម។

ប៉ុន្តែលោកថា ខ្មែរបានបាត់បង់ឱកាសនេះ ដោយចាប់សត្រូវឲ្យទៅវ៉ៃអាមេរិក ធ្វើឲ្យអាមេរិកដកចំណុចទប់ស្កាត់នេះ ទៅដាក់នៅប្រទេសថៃវិញ។

តាមឯកសារទស្សនាវដ្ដីស្វែងរកការពិតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានសម្ភាសអតីតកម្មាភិបាលខ្មែរក្រហម ដែលនៅរស់រានមានជីវិត ឲ្យដឹងថា ពួកគេភាគច្រើនចូលរួមក្នុងចលនាខ្មែរក្រហម គឺតាមរយៈការអំពាវនាវ របស់សម្ដេចឪព្រះនរោត្តម សីហនុ ពីទីក្រុងប៉េកាំង នៅឆ្នាំ១៩៧០។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ លោកសំបូរ មាណ្ណារ៉ា ក៏មានប្រសាសន៍ស្របគ្នានឹងលោកបណ្ឌិត សុខ ទូចដែរថា រឿងរ៉ាវថ្ងៃ១៧ មេសា វាជាប់ពាក់ព័ន្ធនឹងការបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០ ហើយរឿងរ៉ាវវាអូសបន្លាយរហូតដល់ថ្ងៃទី១៧ មេសា ១៩៧៥ ក្នុងនោះគេពង្រីកអ្នកគាំទ្រខ្លួនឲ្យកាន់តែច្រើនឡើងៗ ហើយធ្វើឲ្យខ្មែរស្អប់គ្នាទៅវិញទៅមក។

ពាក់ព័ន្ធនឹងករណីទី២ រឿងសម្លាប់អ្នកប្រឆាំង នៅត្រពាំងក្រឡឹង និងនៅសំឡូតជាដើម លោកសាស្ត្រាចារ្យយល់ថា វាជានយោបាយដើម្បីការពារ កុំឲ្យមានការរីករាលដាល នូវចលនាឆ្វេងនិយមខ្លាំង។ ថ្វីបើលោកយល់ថា នោះជាការរំលោភបំពានលើសិទ្ធិមនុស្ស ប៉ុន្តែលោកបន្ថែមថា នៅលើពិភពលោកនេះមានរឿងរ៉ាវធំៗជាងនេះទៅទៀត។

ពាក់ព័ន្ធនឹងចំណុចទី៤ ឯណោះវិញ លោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា មានប្រសាសន៍បន្តថា របបលន់ នល់ បានបង្កើតគំនិតអាត្មានិយមយ៉ាងខ្លាំង ពួកទាហានបង្កើតអំពើពុករលួយជាប្រព័ន្ធ លួចជំនួយអាមេរិកាំង ធ្វើឲ្យប្រទេសជួបវិបត្តិ មានបាតុកម្មមិនឈប់ឈរ ហើយសង្គ្រាមកាន់តែរោលរាលឡើង។

លោកថា៖នេះហើយជាបញ្ហាដែលយើងត្រូវរៀនសូត្រ សូមកុំឲ្យមានអញ្ចឹងទៀត ដើម្បីកុំឲ្យមាន១៧មេសា ពីព្រោះអា១៧មេសានេះ ជោគជ័យតែពួកកុម្មុយនីស្ត ខាងពួកឆ្វេងនិយម និយមលទ្ធិកុម្មុយនីស្តនិយមហ្នឹង ពីព្រោះគេមើលឃើញភាពខ្សោយ របស់អ្នកគ្រប់គ្រងនៅរបបសាធារណរដ្ឋខ្មែរហ្នឹង គឺពុករលួយ គិតតែពីកេងប្រវ័ញ្ច គិតតែឆ្ងាញ់ពីកេរ្តិ៍ដំណែលរបស់ជាតិ មិនគិតពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជននឹងឯង។

បើប្រៀបធៀបបុព្វហេតុដែលនាំឲ្យពួកខ្មែរក្រហម ទទួលបានជ័យជម្នះ នឹងព្រឹត្តិការណ៍ក្នុងសង្គមយើងបច្ចុប្បន្ន ដែលមានអំពើអយុត្តិធម៌ក្នុងសង្គម ប្រជាពលរដ្ឋត្រូវបណ្ដេញចេញពីលំនៅដ្ឋាន ធនធានធម្មជាតិត្រូវបំផ្លាញ ពលរដ្ឋដែលចូលរួមតស៊ូមតិ ជំរុញឲ្យធ្វើកំណែទម្រង់រដ្ឋខ្លះ ត្រូវគេគប់គ្រាប់បែកដាក់ក្នុងក្រុមអ្នកតវ៉ា ដូចជាករណីបោកគ្រាប់បែក នៅមុខមន្ទីររដ្ឋសភា បង្កឲ្យមានអ្នកតវ៉ាស្លាប់និងរងរបួស ប្រធានសហជីពដ៏ល្បីល្បាញ លោក ជា វិជ្ជា ការបាញ់សម្លាប់តារាចម្រៀង ពីសិដ្ឋ ពីលីកា ដោយមិនទាន់មានអ្នកទទួលខុសត្រូវ តើមានអ្វីខុសគ្នាពីព្រឹត្តិការណ៍មុន១៧ មេសា?

តើព្រឹត្តិការណ៍១៧ មេសា អាចជាមេរៀនសម្រាប់អ្នកនយោបាយខ្មែរបច្ចុប្បន្នដែរឬទេ? តើអ្នកនយោបាយខ្មែរនៅតែបន្តឲ្យមានអំពើអយុត្តិធម៌ក្នុងសង្គម អំពើពុករលួយអូសបន្លាយដល់ពេលណា? ឬមួយក៏អ្នកនយោបាយខ្មែរបច្ចុប្បន្នភ្លេចស្រមោល១៧ មេសាទៅហើយ?។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ