កាលពីល្ងាចថ្ងៃទី១៦ ឧសភា តារាកំប្លែងនិងជាតារាសម្ដែងល្បីឈ្មោះគឺ លោក ចែម សារឿន ហៅនាយគ្រឿន បែករយះដូចគេវះដោយសារតែលោកលេងបាល់ ហើយតែតបាល់ទង្គិចចំក្បាលគ្នាជាមួយនឹងមិត្តរួមក្រុម។ លោកត្រូវពេទ្យដេរចំនួន៨ថ្នេរ ដោយអះអាងថា របួសដែលបានកើតឡើងនេះ គឺមិនខុសពីអស់៥០០០ដុល្លារចោលទទេរនោះទេ ដោយសារតែលោកត្រូវកោរអស់ចិញ្ចើមមួយចំហៀងហើយទទួលថតរឿងមិនកើត។
នាយពែកមី និយាយថានាយគ្រឿនបែករយះលើចិញ្ចើមចំខាងស្នាំ គឺបែករយះធំមិនធម្មតា ក្នុងឧបទ្ទេវហេតុលេងបាល់នៅម្ដុំឫស្សីកែវ ហើយបែករយះចំពេលលោតទៅតែតបាល់បុកចំក្បាលគ្នា។ លោកថាស្នាមបែកមានសភាពធំ ដោយក្រោយបញ្ជូនទៅពេទ្យ គឺដេរអស់៨ថ្នេរ ប៉ុន្តែមិនមែនអស់តែប៉ុន្មានម៉ឺនដូចអ្នកមានរបួសផ្សេងទៀតនោះទេ ដោយសារតែលោករកលុយនឹងមុខ ហើយបើមានរបួសលើមុខគឺពិតជាប៉ះពាល់។
លោកថាបញ្ហារបួសរយះវាមិនធ្ងន់ធ្ងរទេ ប៉ុន្តែអ្វីដែលប៉ះពាល់ធ្ងន់គឺថតរឿងលែងកើត ដោយសារតែក្នុងប្លង់កុនគឺត្រូវរក្សាទាំងសំលៀកបំពាក់ និងការតុបតែងខ្លួនផង ដើម្បីកុំអោយខុសប្លង់ដែលបានថតរួច។
លោកថាការងារថតរឿងសូម្បីតែម៉ូដសក់ក៏មិនក្នុងរឿងតែមួយម្ដងកាត់ម៉ូដនេះម្ដងកាត់ម៉ូដនោះបានទេ ទើបលោកចាត់ទុកថាការខូចចិញ្ចើមនិងមានស្នាមរបួសដែលបានកើតឡើង គឺពិតជារឹតតែថតរឿងលែងបានទៅទៀត។
លោកថាក្នុងរឿងផលិតករមិនអាចឆិនឆៃដល់ថ្នាក់ប្លង់ក្នុងរឿងម្សិលមិញមុខមាត់ស្អាតហើយប្លង់ក្នុងរឿងថ្ងៃស្អែកស្រាប់តែអត់ចិញ្ចើមនិងមានស្នាមបែកកើតទេ។
នាយគ្រឿនបានសម្រេចជូនដំណឹងទៅខាងផលិតករហើយត្រូវផលិតករប្រាប់អោយផ្អាកថតមួយរយៈដោយមិនទាន់ដឹងថាតើប្លង់ដែលនៅសល់នឹងត្រូវរងចាំអោយលោកជាឬត្រូវកាត់ចោល។ លោកថានាយគ្រឿនរវល់ការងារសម្ដែងច្រើនជាងកំប្លែង និងពិធីករ ជាពិសេសពេញខែ៥ទាំងមូល និងបន្តដល់ពាក់កណ្ដាលខែ៦។
លោកថានាយគ្រឿនចូលចិត្តលេងបាល់ជាប្រចាំ ជាពិសេសអោយតែមានពេលម៉ោងឈប់សម្រាកពីការថតគឺសូម្បីតែទំនេរតែមួយម៉ោងឬ២ម៉ោង ក៏រត់ទៅលេងបាល់ដែរ។
លោកចាត់ទុកថានាយគ្រឿនស៊យដោយសាររបួសស្នាមនេះ ដោយលោកបញ្ជាក់ថានឹងខាតមិនក្រោមច្រើនពាន់ដុល្លារនោះទេ ទម្រាំនឹងអាចដុះចិញ្ចើមហើយបាត់ស្នាមរបួស។
លោកថានាយគ្រឿនមួយថ្ងៃទារបានតម្លៃខ្លួន៥០០ដុល្លារសម្រាប់ការថតរឿងដុំនិង៣០០ដុល្លារសម្រាប់រឿងភាគ ដោយការងារថតកុនក្នុងរយៈពេលខាងមុខ គឺតម្លៃខ្លួនសុទ្ធតែបានមួយថ្ងៃកន្លះពាន់ដុល្លារទាំងអស់។
លោកសម្ដែងអារម្មណ៍ហួសចិត្តដែលនាយគ្រឿនជួបរឿងស៊យទាំងរឿងមានរបួសនិងបាត់បង់ការងារ ព្រោះតែអស់ចិញ្ចើមមួយចំហៀង។
លោកនិយាយថា «វា(នាយគ្រឿន)តាចឹងហហើយ ទៅថតរឿងអីកើតទេ អ្នកណាយក បើវាអស់ចិញ្ចើម ហើយរយះចំលើមុខចឹង តារបូសចឹង គេកាត់ប្លង់វា ឬដូរចេញហើយ គឺមិនមែនសុខចិត្តចាំទេ នេះបើតាមខ្ញុំគិតព្រោះខ្ញុំមិនជឿថាចាំវាម្នាក់ គេសុខចិត្តស្ទះទេ!»។
លោកថានាយគ្រឿននៅតែអាចថតកម្មវិធីទូរទស្សន៍និងកម្មវិធីកំប្លែងដោយគ្មានការប៉ះពាល់ តែសម្រាប់ការថតកុនគឺពិតជាមិនអាចអោយគេរង់ចាំទេ ដោយសារតែរបួសដែលនាយគ្រឿនកើតឡើងគឺចំផ្ទៃមុខ ដែលមិនអាចបិទបាំង។
លោកទទូចអោយអ្នកលេងហ្វេសប៊ុកនិងបណ្ដាញសារព័ត៌មានដែលបានផ្សាយថាប្អូនលោកមានរបួសដោយសារតែគេវ៉ៃឬត្រូវគេកាប់អោយរយះ ដោយសារតែបំប៉ោងទាំងអស់ធ្វើអោយប្អូនលោកប៉ះពាល់។
លោកនៅតែអះអាងថានាយគ្រឿនអត់មានរឿងអ្វីជាមួយអ្នកណាបណ្ដាលអោយមានរបួសរយះថ្ងាសទេ ដោយរបួសរយះចិញ្ចើមគឺលែងបាល់តែត្រូវក្បាលគ្នាសុទ្ធសាធ។
លោកថាអ្នកខ្លះបានយកស្នាមរបួសរបស់ប្អូនលោកទៅបង្ហោះថាគេត្រូវគេវ៉ៃទើបរយះចិញ្ចើម ហើយបណ្ដាលអោយមានការយល់ច្រលំនៅលើបណ្ដាញហ្វេសប៊ុក។
អ្វីដែលលោកខកចិត្តគឺបណ្ដាញសារព័ត៌មានមួយចំនួនមិនបានសួរនាំពីបញ្ហាដែលបានកើតឡើងនោះទេ ផ្ទុយទៅវិញបែរជាបានផ្សាយតាមការបង្ហោះ ដែលបណ្ដាលអោយមានការភាន់ច្រលំពីរបួសស្នាមនោះ។
នាយពែកមីប្រកាសថានាយគ្រឿនខាតបង់មិនតិចជាង៥០០០ដុល្លារនោះទេដោយសារតែខានថតរឿងទម្រាំដល់ស្នាមរបួសជាសះឬដុះចិញ្ចើមឡើងវិញ។ លោកថាចិញ្ចឹមបើទោះជាអាចពាក់បាន ឬគូសបន្លំបាន ក៏មិនដូចចិញ្ចើមធម្មជាតិដែរ ដោយលោកបញ្ជាក់ថាបើទោះថតបានក៏ថតបានត្រឹមតែពីចម្ងាយៗឬថតមួយចំហៀងមុខដើម្បីកុំអោយមានការចាប់អារម្មណ៍ថានាយគ្រឿនមានរបួសលើមុខខុសពីប្លង់ដែលបានថតរួច។ លោកថាផលិតករអោយតែតួមានបញ្ហាបែបនេះ គឺច្បាស់ណាស់ថានឹងត្រូវគេកាត់ប្លង់ចោល ហើយលោកមិនរំពឹងថាផលិតករនឹងក្រឡៃសាច់រឿងអោយនាយគ្រឿនមានរបួសក្នុងរឿង ដើម្បីអោយស្របនឹងស្ថានការណ៍របស់ប្អូនលោកនោះទេ។
យ៉ាងណាមិញលោកថាស្ថានភាពបែបនោះ ប្រហែលមិនមានច្រើនទេសម្រាប់នាយគ្រឿន ក្នុងពេលដែលការថតរឿងសូម្បីតែសំលៀកបំពាក់និងការតុបតែងខ្លួនគឺមិនអោយខុសប្លង់ដែលត្រូវភ្ជាប់គ្នាផង តែបែរជាមកបែកលើចិញ្ចើមដែលគ្រាន់តែក្រឡេកមួយភ្លែតក៏ខុសមុខពីមុនមេឃដី ដែលពិតជាតម្រូវអោយផលិតករលើកថ្ងៃរង់ចាំ ឬធ្វើសាច់រឿងបំបាត់តួប្អូនលោកតែម្ដងដើម្បីកុំអោយរាំស្ទះការងារថតកុន។
នាយគ្រឿនបានចាត់ទុកថាលោកស៊យក្នុងពេលលេងបាល់ ទើបបណ្ដាលអោយលោកមានរបួសបណ្ដាលអោយលោកសម្រេចចិត្តផ្អាកថតដោយស្នើអោយផលិតករដូរតួ ឬរង់ចាំរហូតដល់លោកដុះចិញ្ចើម និងបាត់ស្នាមលើរបួស។
លោកនិយាយថា «តាមានរបួសចឹង គឺអត់ថតកើតទេ ទោះយើងចង់ថត ក៏ផលិតកម្មគាត់យកថតអត់កើតដែរ អោយថតយ៉ាងម៉េច ឧទាហរណ៍ប្លង់រឿងយប់មិញអត់អីស្រាប់តែប្លង់ក្នុងរឿងស្អែកឡើងមកបែកមុខអ៊ីចឹង!»។
លោកថាយ៉ាងហោចខានថត១០ថ្ងៃទៅ ១៥ថ្ងៃ ដោយការខានថតនេះ គឺមិនខុសពីការបោះលុយចោលមិនតិចជាង៥ពាន់ដុល្លារនោះទេ។ លោកនិយាយទាំងសំណើចបែកថ្ងាស៨ថ្នេរ គេដេរអស់តែបួនដប់ដុល្លារ តែសម្រាប់លោកក្រោយដេរដូចគ្នា គឺអស់មិនក្រោម៥ពាន់ដុល្លារទេ។ យ៉ាងណាមិញ លោកថាមិនសោកស្ដាយទេ ធ្វើម៉េចបើមានគ្រោះថ្នាក់ជាយថាហេតុបែបហ្នឹង ដែលលោកបញ្ជាក់ថាភាគីម្ខាងទៀតក៏មិនបានតាំងចិត្ត៕