កម្ពុជាសង្ឃឹមបោស​សំអាត​គ្រាប់​មីន​អស់​​ត្រឹម​ឆ្នាំ​២០២៥

រូបភាព៖ពិធីបើកសន្និបាតជាតិវិស័យសកម្មភាពមីន ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ (អាជ្ញាធរមីន CMAA)

អាជ្ញាធរ​​មីន​​កម្ពុជា​ សង្ឃឹម​​ថា​​នឹង​​អាច​​បោស​​សំអាត​​គ្រាប់​មីន​ និង​​គ្រាប់​​មិន​​ទាន់​​ផ្ទុះ​​ឲ្យ​​អស់​នៅ​ឆ្នាំ​​២០២៥​ ខណៈ​​ចាប់​ពី​​ឆ្នាំ​​១៩៧៩​ រហូត​​មក​​ដល់​​ឆ្នាំ​​២០១៧​​ គ្រោះ​ថ្នាក់​គ្រាប់​​មីន​​បាន​​ធ្វើ​​ឲ្យ​​មនុស្ស​​ស្លាប់​​ និង​​រង​របួស​​ជាង​​៦​​ម៉ឺន​​នាក់​​។​

ក្នុង​សេចក្តី​​ប្រកាស​​ព័ត៌មាន​​របស់​​សន្និបាត​ជាតិ​​វិស័យ​​សកម្ម​ភាព​​មីន​ ចុះ​​ថ្ងៃ​​ទី​​១៥​ ឧសភា​ ឆ្នាំ​​២០១៨​ អាជ្ញាធរ​​មីន​​បាន​​ឲ្យ​​ដឹង​​ថា​​រយៈ​​ពេល​​២៥​​ឆ្នាំ​​កន្លង​​មក​​នេះ​ កម្ពុជា​​បាន​​បោស​​សម្អាត​​គ្រាប់​​មីន​ និង​​គ្រាប់​​សំណល់​​សង្គ្រាម​​​បាន​ជិត​​៤​​លាន​​គ្រាប់​ លើ​​​ផ្ទៃ​​ដី​​ប្រមា​ណ​ ​​១៧០០​គីឡូ​ម៉ែត្រ​ការ៉េ​ នៅ​​សល់​​ជាង​​២ ០០០​គីឡូ​ម៉ែត្រ​​ការ៉េ​​ទៀត​​ដែល​​នឹង​​ត្រូវ​​បោស​​សម្អាត​​ឲ្យ​​អស់​​នៅ​​ឆ្នាំ​​២០២៥​​ខាង​មុខ​​។​ ​

អា​ជ្ញា​ធរ​​មីន​​ក៏​​បាន​​ឲ្យ​​ដឹង​ផង​ដែរ​​ថា​​គិត​​ត្រឹម​​ខែ​​ធ្នូ​ ឆ្នាំ​​២០១៧​ គ្រាប់​មីន​ និង​​គ្រាប់​​មិន​​ទាន់​​ផ្ទុះ​​បាន​​ធ្វើ​​ឲ្យ​​មនុស្ស​​ស្លាប់​​ និង​​របួស​​ចំនួន​​៦៤ ៧២០​នាក់ ​ក្នុង​​នោះ​ស្លាប់​​១៩ ៧៥៨​នាក់​ របួស​​ ៣៥ ៩៤១​នាក់​ និង​​ពិការ​​ចំនួន​ ​៩ ០២១​នាក់​។​ ក្នុង​​ចំណោម​​អ្នក​​ស្លាប់​ និង​​រ​បួស​ទាំង​​នោះ​​ចំនួន​ ​៨១​​ភាគ​​រយ​​ជា​​បុរស​ ១១​ភាគ​​រយ​​ជា​​កុមារ​ និង​​៨​ភាគ​រយ​​ជា​ស្ត្រី​។​

បើ​តាម​អាជ្ញាធរ​មីន បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​កម្ពុជា​គឺ​ជា​លទ្ធផល​បន្សល់​ទុក​ពី​ជម្លោះ​ផ្ទៃ​ក្នុង និង​ក្នុង​តំបន់​ចាប់​​តាំង​ពី​ពាក់កណ្តាលទសវត្សរ៍​ឆ្នាំ​១៩៦០ ដល់​ចុង​ឆ្នាំ១៩៩៨។ យោង​តាម​ការស្រាវជ្រាវ​ស្តីពី​ផល​ប៉ះពាល់​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០០២ ភូមិ​ចំនួន ៦ ៤១៦ ស្នើ​នឹង ៤៦ភាគ​រយ​នៃ​ភូមិទាំង​អស់​នៅ​កម្ពុជា​ ដែល​មាន​ទំហំ​ ៤ ៥៤៤ គីឡូ​ម៉ែត្រ​ក្រឡា​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តំបន់​សង្ស័យ​ថា​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ