បក្សនយោបាយមួយចំនួនថា អាជ្ញាធរមូលដ្ឋាន​បង្កការលំបាក​​

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅ គ.ជ.ប

គណបក្សនយោបាយទើបបង្កើត​ថ្មី​​មួយចំនួនបានលើកឡើងថា ជួបការលំបាកច្រើន​ក្នុង​ការស្នើសុំបញ្ជាក់​លិខិត​ឈរ​ឈ្មោះ​​​រ​បស់​បេក្ខ​ជនបក្ស​​​​ពីអាជ្ញាធរ​មូ​​លដ្ឋាន។

តំណាង​គណបក្សឆន្ទៈខ្មែរ លោក ហ៊ីង យឿន បានរៀបរាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅ គ.ជ.ប នាព្រឹកថ្ងៃនេះថា គណបក្សរបស់លោកជួបការលំបាកច្រើន ជាពិសេសសុំបញ្ជាក់លិខិតបេក្ខភាពឈរឈ្មោះបោះ​ឆ្នោត​ថ្នាក់​ជាតិ​ ពីអាជ្ញាធរ​ឃុំ/សង្កាត់ មានភាពស្មុគស្មាញ និងអូសបន្លាយពេលវេលាយូរ​។

លោករៀប​រាប់ថា«គាត់ក៏សួរនាំបែបអូសបន្លាយដូចជាគាត់រកលិខិតស្នាក់នៅខ្ញុំក៏ឆ្លើយទៅគាត់វិញថា មិនបានរកទេ គ្រាន់តែមានឈ្មោះនៅក្នុងបញ្ជី(បោះឆ្នោត) ​បញ្ជាក់ថាពិតជាមាន មេត្តាសុំបញ្ជាក់​​ឲ្យពួកខ្ញុំផង សុំការយោគយល់អ្នកខ្លះក៏គេយល់ព្រម និងខ្លះទៀតគេថាទាមទារលិខិតស្នាក់នៅដាច់ខាត​»

តំណាង​គណបក្សខ្មែរសាធារណៈ ញ៉ែម អេន ស្នើទៅស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយ​ឲ្យទូលំទូលាយជុំវិញការ​សុំលិខិត​បញ្ជាក់​ពីអាជ្ញាធរមូលដ្ឋានឲ្យបានទាន់ពេល ដោយថាដើម្បីកុំឲ្យ​រងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

លោកស្នើដូចនេះថា «សំណូមពរដើម្បីជៀសវៀងការរិះគន់ពីមជ្ឈមដ្ឋានជាតិនិងអន្តរជាតិ សុំឲ្យ គជបថា ១៦៦ឃុំ អត់ពិបាកទេ អាជ្ញាធរខ្លះគាត់មិនទទួលស្គាល់ គាត់ប្រកាន់បក្ខពួក គាត់ប្រកាន់គណបក្សនយោបាយ​…ដ៏អត់តម្លាភាព យើងធ្វើអ្វីអត់មានតុល្យភាពទេ នេះសំណូមពររបស់ខ្ញុំទៅ គជប ធ្វើម៉េចការផ្សព្វផ្សាយឲ្យដល់គ្រឹះ នេះដែលធ្វើឲ្យការលំបាក»

អគ្គលេខាធិការ គជប បញ្ជាក់ថា គ.ជ.ប បានជូនដំណឹង​ទៅស្ថាប័នពាក់ព័ន្ធរួចហើយ ប៉ុន្តែលោកថា បើមាន​បញ្ហា​មិនប្រក្រតីនៅកន្លែងណា គណ​បក្សនយោបាយ​នោះត្រូវ​ធ្វើការទាក់ទងនៅមន្ត្រី គ.ជ.ប នៅតំបន់​នោះ​ឲ្យជួយ​ដោះ​ស្រាយ​។

លោកមានប្រសាសន៍ថា«ប្រសិនបើមានបញ្ហានៅកន្លែងណា សូមមេត្តាទាក់ទងជាមួយគណៈកម្មធិការខេត្តរៀបចំការ បោះឆ្នោតនៅទីនោះបន្ទាន់ព្រោះថាយើងបានជូនដំណឹងគណៈកម្មការខេត្តទាំងអស់ ដើម្បីជួយបង្កលក្ខណៈដល់គណបក្សនយោបាយ​​ក្នុងបំពេញឯកសារសំរាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត​»

នាយកប្រតិបត្តិអង្គការ​និចហ្វិច លោក សំ គន្ធាមី ផ្តល់ជាអនុសាសន៍ថា គ.ជ.ប ត្រូវ​ធ្វើការសហការ​ជាមួយ​ក្រសួង​មហាផ្ទៃផ្សព្វផ្សាយពីនីតិវិធី ឬបទបញ្ជារបស់ គ.ជ.ប ឲ្យបានទូលំទូលាយទៅអាជ្ញាធរឃុំ សង្កាត់ ដោយថា ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួលដល់​គណបក្សនយោបាយ​ ដែលទៅរកសេវ៉ាពីជាអាជ្ញាធរមូលដ្ឋាននោះទាន់ពេល។

ត្រូវរៀប​ចំរឿង​ហ្នឹងសារឡើងវិញ ​ទាំង គជប ទាំងភាគីពាក់ព័ន្ធ ហើយទាំងក្រសួង​មហាផ្ទៃ​ក្តី ដើម្បីងាយស្រួល​ សម្រួល​ដល់គណបក្សនយោបាយក្នុង​ការ គេប្រើប្រាស់សិទ្ធិនយោបាយ​ សិទ្ធិដែលគេឈរ​ឈ្មោះ​ជាបេក្ខជន​

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការ​និចហ្វិច

លោក ទេព នីថា បញ្ជាក់ថា បេក្ខជនដែលទទួលបានការស្នើសុំចុះក្នុង​បញ្ជីបោះឆ្នោតថ្នាក់ជាតិ និង​មិនទាន់សម្រេច មានបេក្ខជនពេញសិទ្ធិ និងបំរុង ​ប្រមាណ​ជា៤០៣៥នាក់ ដោយ​ក្នុង​នោះមានបេក្ខនារី​ប្រហែល១១៥៧នាក់ ស្មើ២៨​ភាគរយ ខណៈការ​បោះឆ្នោតឆ្នាំ២០១៣ លោកថា មានតែបេក្ខជនពេញសិទ្ធ​ប្រហែលជាជាង​៨៨០នាក់​ ដោយ​ក្នុងនោះ​មាន​ស្ត្រីប្រហែល១៨ភាគរយ តែប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ