អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន ចង់បង្កសង្គ្រាម ដែលនេះគឺជាការចោទប្រកាន់តែប៉ុន្មានថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី បានសម្រេចបញ្ឈប់ការរាំងខ្ទប់ដំណើរវិលត្រឡប់ចូលស្រុកវិញរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លោក សម រង្ស៊ី អះអាងងថា លោកបានទទួលសារសម្ងាត់ ដែលសារសម្ងាត់នោះរៀបរាប់ថា លោក ហ៊ុន សែន បានបញ្ជាទៅកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យត្រៀមចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនបើលោកវិលចូលប្រទេសកម្ពុជាវិញ។
នៅក្នុងសារដែលលោក សម រង្ស៊ី អះអាងថា ជាសារលោក ហ៊ុន សែន ផ្ញើទៅមេបញ្ជាការកម្លាំងប្រដាប់អាវុធនោះ បានរៀបរាប់ថា លោក ហ៊ុន សែន បានបញ្ជាឲ្យហាមឃាត់លោក សម រង្ស៊ី មិនឲ្យវិលចូលស្រុក ក្នុងបំណងបញ្ចៀសការបង្ហូរឈាម និងការស្លាប់របស់លោក សម រង្ស៊ី។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា លោក ហ៊ុន សែន ក៏បានអះអាងផងដែរថា លោកបានបញ្ជាឲ្យមានវិធានការរាំងខ្ទប់មិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ ដោយថា ដើម្បីសុវត្ថិភាពរបស់លោក សម រង្ស៊ី ផ្ទាល់តែម្ដង។
សារនេះ ត្រូវបានអតីតមេបក្សប្រឆាំងបង្ហោះលើហ្វេសប៊ុករបស់លោក មួយថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់អំពីហេតុផលដែលលោកសម្រេចឲ្យរាំងខ្ទប់ដំណើរវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី និងបានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីលោក ហ៊ុន សែន បានបញ្ជាឲ្យលុបចោលវិធានការហាមឃាត់លោក សម រង្ស៊ី មិនឲ្យវិលចូលស្រុកវិញ៕