គ.ជ.ប. ច្រានចោលក្ដី​បារម្ភ​អ្នក​ជំនាញ​ UN ជុំវិញការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយមុនបោះឆ្នោត

រូបភាព៖ ទីស្ដីការ គជប (បណ្ដាញសង្គម)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បានច្រានចោលការលើកឡើងរបស់អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ ជុំវិញក្ដី​ព្រួយបារម្ភទៅ​លើ​ការរឹត​ត្បិតប្រព័ន្ធផ្សព្វផ្សាយ មុនការបោះឆ្នោតជាតិមកដល់នាចុងខែកក្ដដាខាងមុខ។

កាលពីថ្ងៃទី១៤ ខែមិថុនា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​បង្ហាញ​ក្ដី​បារម្ភ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​រឹត​ត្បិត​ទៅ​លើ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ជា​ប្រតិកម្ម​តប​ទៅ​វិញ​នៅក្នុងសេចក្ដីថ្លែងការណ៍កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ.ជ.ប. បានច្រាន​ចោលនូវការ​លើក​ឡើង​ពី​សំណាក់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ដោយថា គ្មានមូលដ្ឋាន និង​មិនបានសិក្សាឲ្យស៊ីជម្រៅពី​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ។

អ្នក​នាំ​ពាក្យ​ គ​.ជ.ប. បាន​លើក​ឡើង​ថា​ ស្ថាប័ន​មួយ​នេះ បាន​«ហាមប្រាមអ្នកសារព័ត៌មាន មិនឲ្យចុះផ្សាយព័ត៌មានដែលអាចនាំឲ្យមានការភាន់ច្រឡំ និងបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត»

ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ គ.ជ.ប. បន្តថា ក្រមសីលធម៌អ្នកសារព័ត៌មានត្រូវបានតាក់តែង និង​អនុវត្ត​តាំង​ពីឆ្នាំ​១៩៩៨​រហូតមក ហើយនៅឆ្នាំ​២០១៦ ខ្លឹមសារទាំងអស់នៃក្រមសីលធម៌នេះ ត្រូវបានរៀបចំ និង​ដាក់ជូន​ភាគីពាក់ព័ន្ធជាច្រើនរួមមាន សហភាពអ៊ឺរ៉ុប ប្រទេសជប៉ុន និង ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រួមទាំងអង្គការ​ខុមហ្រ្វែល និង និចហ្វិច ផងដែរ។

បន្ថែមលើនោះ គ.ជ.ប. ក៏លើកឡើងដែរថា  ក្រមសីលធម៌អ្នកសារព័ត៌មានរបស់ គ.ជ.ប. នេះ មិនបាន​​ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយមិនឲ្យបំពេញកិច្ចការរបស់ខ្លួនស្របតាមច្បាប់ជាធរមាន។ គ.ជ.ប. អះ​អាង​ថា ផ្ទុយទៅវិញ វាជាផ្នែក មួយ​សំខាន់​នៃការរាយការណ៍ព័ត៌មានដែលមានតម្លាភាព និង​មានទំនួលខុសត្រូវក្នុងកំឡុងពេលបោះឆ្នោត។

គ.ជ.ប. បន្ថែមថា ក្រមសីលធម៌អ្នកសារព័ត៌មានរបស់ គ.ជ.ប. ធ្វើឡើងស្របតាម​បទដ្ឋាន​ជាតិ និងអន្តរជាតិព្រមទាំងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ​ក្នុងមាត្រា​១៩ ដែល​ចែង​ថា «ការប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិ តម្រូវឲ្យមានករណីកិច្ច និង ការទទួលខុសត្រូវដោយពិចារណាទៅលើសិទ្ធិអ្នកដទៃ សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ»

ទោះបីជាយ៉ាងណា ក្នុងរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters without Borders) ចេញផ្សាយ​កាលពី​ខែ​មេសា​កន្លង​មក​នេះ បង្ហាញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើទុក្ខ​បុក​ម្នេញលើបណ្ដាញ​ផ្សព្វ​ផ្សាយ​ឯករាជ្យនៅមុនការបោះឆ្នោត ដូចជា ការដាក់សម្ពាធ និងមិនចេញប័ណ្ណ​ឲ្យអ្នកសារ​ព័ត៌មាន ការបិទ​កាសែត​ភាសាអង់គ្លេស ខេមបូឌា ដេលី ការផ្អាកដំណើរការវិទ្យុអាស៊ីសេរី និងការបិទស្ថានីយ៍​វិទ្យុ​ចំនួន ៣២ កាលពី​ខែសីហាឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ