កក់បាន​កៅអី១៦នាក់ សេក ចៅជូត ទៅជាអួល​ដើមករ

ការប្រកួតក្នុងព្រឹត្តិការណ៍ ជម្រុះជើងឯក TV5 Kkock Out Series By K.cement រដូវកាលទី៣ កាលពីថ្ងៃទី១៦ មិថុនា  កីឡាករ សេក ចៅជូត បានក្លាយជាកីឡាករទី៣គួរអោយសរសើរដែលដណ្ដើមបានកៅអី១៦នាក់ ក្នុងចំណោម៣២រូបដែលមានឈ្មោះប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។

អ្វីដែលគេកត់សម្គាល់ គឺ គេបាន​បង្ហាញពីអារម្មណ៍ក្ដុកក្ដួល​ចំពោះជ័យជម្នះ​នេះ​យ៉ាង​ខ្លាំង ដោយ​​​​​គេ​បញ្ជាក់ថា​​​​​អ្វីដែលបាន​ស្ដែងឡើង នឹង​ជួយអោយ​គេ​​​​​​បានក្លាយជាកីឡាករ​អាជីព​នៅថ្ងៃខាងមុខ ហើយ​​ជួយអោយ​ជីវិត​​​​​មិនមាន​ប្រាក់​ចំណូល​ច្បាស់លាស់របស់គេ​នៅខេត្ត​សៀម​រាប ​​អាច​​បន្តរស់បាន​ដោយស្រួល​នោះផង​។

​កីឡាករ សេក ចៅជូត បានអះអាងថា ​​​លោកមិនធ្លាប់ឡើងប្រកួត​ក្នុងវគ្គ​ជម្រុះបែបនេះ​​​ពីមុនមកទេ ​បើទោះជា​ប៉ុស្ដិ៍លេខ​​៥​​បាន​​បើក​ការប្រកួតប្រភេទនេះ​​ជាច្រើនលើក​ជាច្រើនសារ​​ពីមុន​ក៏ដោយ។ លោកថា​​​​ខ្លួនធ្លាប់តែស្រម៉ៃ ​និង​​​​ធ្លាប់តែ​​​គិតថា​ថ្ងៃណាមួយ​នឹង​បានឡើងរេញ​​នៅប៉ុស្ដិ៍​លេខ​​​៥ប៉ុណ្ណោះ ទើប​សុំប្រធាន​ក្លិប​​​​​​​អង្គរមានជ័យ​នៅខេត្ត​​សៀម​រាបហ្វឹកហាត់បាន​មួយរយៈ ​​​​​​​​​​ដោយសារតែ​ជីវភាព​​​​​ស៊ីឈ្នូលគេ​នៅខេត្ត​សៀម​​រាប​​​ពិបាកខ្លាំង ហើយ​​ដោយ​សារតែមានការ​​ផ្ដល់​ឱកាសទើប​​ធ្វើអោយលោកមានឈ្មោះ​​​ក្នុងចំណោមបេក្ខជន​​៣២​រូប។

លោកថា​​​ខ្លួន​​​​​​​សុខចិត្ត​ខ្ចីលុយ​បងប្អូនឡើងមកប្រកួត​នៅ​ប៉ុស្ដិ៍លេខ​​៥ ​​​​ដើម្បីបានប្រកួត ដោយ​​​​លោកបានទាំងចិត្ត​​​​យ៉ាងមុតមាំថា​ត្រូវតែឈ្នះ​ដាច់ខាត ​មិនអាច​​​​​បរាជ័យ ដើម្បី​បានឡើង​​សង្វៀនម្ដង​ហើយ ​​ត្រូវតែបានឡើងម្ដងទៀត ​​​​​គ្រាន់​បានចំណូល​​​​​​ទប់​ការ​​ចំណាយ។ ​លោកថា​​​​លទ្ធផល​ដែល​​ឈ្នះការប្រកួត​នៅ​ប៉ុស្ដិ៍លេខ​​​៥ ​​​ហើយ​ទទួលបាន​​​​​​​​​កៅអី​​ក្នុងវគ្គ​​១៦នាក់​កាលពីថ្ងៃ​សៅរ៍​ ​គឺកើត​​ចេញពីភាពខ្វះខាត ពោលគឺ​កើត​ចេញ​​ពីការ​ចង់ឈ្នះតែម្ដង ដើម្បី​​កុំអោយ​បង​ប្អូន​ និងសាច់ញាតិរបស់លោក​​សើច​យំ​លោក ដែល​លោក​​​សម្រេចចិត្ត​ចូលហាត់ប្រដាល់ ហើយ​គ្រាន់តែ​​ឡើងរេញ​សង្វៀន​​​ក្នុងវគ្គជម្រុះលើកដំបូង ក៏​​​​បរាជ័យទៅ​សៀមរាប​វិញ។

លោកមានបំណង​​សន្សំលុយពីការ​ឡើងប្រដាល់​​​​​​​​​​ដើម្បី​​យកលុយទៅបង្កើតមុខ​របរ​​ផ្ទាល់ខ្លួនមួយ អ៊ីចឹងហើយទើប​​​ពេលដែល​ឡើងរេញ​នាថ្ងៃនោះ លោក​អត់​​គិត​ពីរឿង​វាយយ៉ាងមិចអោយត្រូវបច្ចេកទេស​ ឬមិនត្រូវនោះទេ ប៉ុន្តែ​​សំខាន់បំផុតគឺវាយ​អោយបានរហ័ស វាយអោយបានមុន វាយ​អោយ​​​​ត្រូវគូប្រកួត​បាន​ខ្លះ ហើយសំខាន់​បំផុត​​គឺ​​​​​វាយសម្រុក​កុំញញើត​​គូប្រកួត​​តាមបណ្ដាំ​របស់​​​​​​​​​​​​មិត្តភ័ក្រ្ត​​មុន​ពេល​​​​​​​​​​​ឡើងរេញ។ ​

​​​ក្រោយត្រូវបានប្រកាសថា​​ឈ្នះ កីឡាករ​វ័យក្មេង សេក ចៅជូត បានសារភាពថា លោក​ហ្វឹកហាត់ការប្រដាល់​បានរយៈពេលខ្លីប៉ុណ្ណោះ ហើយបទពិសោធន៍ក៏មិនបានច្រើន​​ដែរ ប៉ុន្តែលោកមានឆន្ទៈ និងមិនចង់បរាជ័យ ​ទើប​ការតស៊ូ​​ខ្ចីលុយ​គេ​​​មកតាំងពីខេត្ត​សៀមរាប ធ្វើអោយលោកជោគជ័យ ដោយ​​​​​​​​​​ក្រោយដណ្ដើមបាន​កៅអី១៦នាក់ គឺលោក​នឹង​​​​បន្តមកប្រកួត​​ក្នុងវគ្គ​ជម្រុះយក​​​​៨នាក់ទៀត ដែលលោក​បានហៅ​​​​ឱកាស​​នោះថានឹងធ្វើ​អោយលោកបានលុយទៀតហើយ ក្នុងពេលដែលនៅសៀមរាប គឺលោក​​ស៊ីឈ្នួល​គេ​បានប្រាក់ទាំង​លំបាក។

ក្រោយពី​កក់បាន​​កៅអី​​​​​​​​​​១៦នាក់​​​​​តាមការចង់បាននេះ ​​​កីឡាករ ​សេក ចៅជូត ​នឹង​ត្រូវត្រៀមខ្លួន​ឡើងប្រកួត​​​​ក្នុងវគ្គ​​​១៦នាក់​យកតែ​​​៨នាក់ទៀត ដោយលោក​និយាយថា​​ទោះ​មិនមាន​​សង្ឃឹម​ច្រើន ក៏​​​ដឹងតែវាយ​​សិនដែរ ​​​​ដើម្បី​អោយ​អ្នកគាំទ្រ​​ដឹងថា​លោក​តស៊ូ​​​​ក្នុងអាជីព​កីឡា ហើយ​​បន្តផ្ដល់​ឱកាសអោយលោកឡើងរេញ ​ដើម្បីបានលុយ​ដោះស្រាយ​​​​​​​​​​​ជីវភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ