ជនពិការ​ថាសណ្តាប់​ធ្នាប់​ខណ្ឌ​សែនសុខ​រឹបអូស​សម្ភារៈចម្រៀង​របស់​គាត់

ជនពិការច្រៀងរៃអង្គាសប្រាក់តាមដងផ្លូវ

ជនពិការច្រៀងតាមផ្លូវថាសណ្នាប់ធ្នាប់ខណ្ឌសែនសុខបានចុះមកដកហូតសម្ភារៈចម្រៀងរបស់ពួកគេដោយមិនបានប្រាប់មូលហេតុ ខណៈដែលពួកគេរៀបចំសម្ភារៈត្រលប់ទៅផ្ទះវិញនៅថ្ងៃម្សិលមិញ។

ក្រុមជនពិការច្រៀងតាមដងផ្លូវ២០០៤ ក្នុងខណ្ឌសែនសុខបានអះអាងថា កាលពីថ្ងៃម្សិលមិញក្រុមសណ្តាប់ធ្នាប់ខណ្ឌសែនសុខមានគ្នាជិត១០នាក់បានចុះទៅដកហូតធុងបាសនិងម៉ាស៊ីនភ្លើងដែលពូកគេបានរៀបចំដាក់លើរ៉ឺម៉ក់បំរុងត្រលប់ទៅផ្ទះវិញ ដោយពុំបានប្រាប់ពីមូលហេតុច្បាស់លាស់។

អ្នកស្រី ច័ន្ទ បូរមី ដែលជាអ្នកចម្រៀងជនពិការបានឲ្យដឹងថា សន្តិសុខខណ្ឌបាននាំគ្នាចូលមកដកហូតសម្ភារៈចម្រៀងរបស់ក្រុមអ្នកស្រីនៅម៉ោងប្រមាណជា១ ថ្ងៃអាទិត្យម្សិលមិញ នៅចំណុចស្តុបផ្លូវ២០០៤ ដោយមិនមានការសម្របសម្រួលណាមួយឡើយ។ អ្នកស្រីបន្ថែមថា ក្រុមអ្នកស្រីម្តងម្កាលបានច្រៀងនៅទីនេះនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដើម្បីរកកម្រៃដើម្បីផ្គត់ផ្គង់គ្រួសារដែលមានជីវភាពខ្វះខាត។ ការចាប់ដកហូតសម្ភារៈក្រុមអ្នកស្រីនេះបានធ្វើឲ្យជីវភាពរបស់អ្នកស្រីពិបាកជាខ្លាំង ដោយសារតែប្តីអ្នកស្រីក៏ជាជនពិការដូចគ្នា ហើយកូនតូចអាយុ៩ខែរបស់អ្នកស្រីកំពុងឈឺផង ខណៈដែលពេលនេះត្រូវដល់ពេលបង់ថ្លៃផ្ទះជួលផងដែរ។

អ្នកស្រីបន្តថា៖ «វាឈឺចាប់ខ្លាំងណាស់! ព្រោះអីខ្ញុំពិការតែភ្នែក តែខ្ញុំស្តាប់ព័ត៌មានបាន ត្រចៀកខ្ញុំស្តាប់លឺ។ ចុះបើរឿងគ្រឿងញៀន រឿងពុករលួយរឿងអី។ ប៉ូលីសអស់ហ្នឹងបើគាត់ធ្វើការសកម្មលើរឿងហ្នឹងដូចគាត់ធ្វើលើជនពិការ ស្រុកខ្មែរយើងវាគ្មានអ្នកណាសម្លាប់អ្នកណាគេបានទេ។ តែគាត់មិនធ្វើទេ គាត់ធ្វើបានតែជាមួយជនពិការហ្នឹង។ … ខ្វាក់គ្នានអីរំពឹងទេ វាជិតងាប់ហើយវាគង់តែងាប់ទេ រស់តែមាត់ហ្នឹង ខ្វាក់ហ្នឹងវាអត់មានអីសម្រាប់ពួកខ្ញុំទេ។ ប៉ុន្តែជនពិការអត់ដែលបំផ្លាញសង្គមទេ!»។

អ្នកចម្រៀងជនពិការម្នាក់ទៀតលោក សុខ ពៅ បានឲ្យដឹងបន្ថែមថា គាត់ថាគាត់ដឹងថាការចៀងរបស់គាត់នៅតាមផ្លូវសាធារណៈនេះវាបានប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម តែលោកសុំឲ្យរដ្ឋាភិបាលជួយដល់ពួកគាត់ផង។ បើមិនទាន់អាចជួយពួកគាត់បាន គាត់សុំត្រឹមតែប្រកបរបរនេះដើម្បីចិញ្ចឹមជិវិតដោយខ្លួនឯងតែប៉ុណ្ណោះ។

អធិការខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថាការចុះចាប់នេះជាសមត្ថកិច្ចរបស់សណ្តាប់ធ្នាប់ខណ្ឌ ដោយលោកបង្វែរសំណួរឲ្យសួរអភិបាលខណ្ឌសែនសុខវិញ។

វីអូឌីមិនអាចទាក់ទងអភិបាលខណ្ឌសែនសុខដើម្បីសុំការបញ្ជាក់ពីករណីនេះបាននៅឡើយទេ។

គួរំលឹកផងដែរថាកាលពីចុងឆ្នាំ២០១៥ សាលារាជធានីភ្នំពេញបានស្នើឲ្យអាជ្ញាធរខ័ណ្ឌទំាងអស់អន្តរាគមន៍មិនឲ្យជនពិការយកទីតំាងសាធារណៈប្រកបរបរចិញ្ចឹមជីវិតទេ ដោយអះអាងថាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

ជាថ្មីទៀតសារព័ត៌មានក្នុងស្រុកមួយដែលគាំទ្ររដ្ឋាភិបាលចុះផ្សាយថា “ចាប់ពីថ្ងៃទី៣០ខែមិថុនានេះ កម្លាំងសមត្ថកិច្ចនឹងធ្វើការរឹបអូសយកឧបករណ៍ប្រគុំតន្ដ្រីទាំងអស់របស់ជនពិការដែលនូវតែរឹងទទឹងមិនព្រមបញ្ឈប់សកម្មភាពនេះ”។

របាយការណ៍របស់អង្គការ៣ដែលបានចុះទៅស្រាវជ្រាវក្នុងខេត្តចំនួនពីរគឺ ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ បានបង្ហាញថាស្ថានភាពជនពិការក្នុងខេត្តទាំងនោះកំពុងប្រឈមនឹងការរើសអើង ហើយជាពិសេសកំពុងកើតមានបញ្ហាផ្លូវចិត្តទៀតដោយសារការមិនសូវយកចិត្តទុកដាក់ពីសង្គម។

តាមរបាយការណ៍របស់អង្គការជនពិការកម្ពុជាបង្ហាញថាបច្ចុប្បន្នមានជនពិការប្រមាណជា១៥ភាគរយនៃប្រជាជនសរុបជាង១៤លាននាក់។ តួលេខនេះច្រើនជាងរដ្ឋាភិបាលដែលអះអាងថាកម្ពុជាមានជនពិការត្រឹមតែ២,១ភាគរយតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ